ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានកប៉ាល់មួយគ្រឿង ដែលសង្ស័យថា ចូលមកដឹកគ្រឿងញៀនចេញពីកម្ពុជា
15, Dec 2022 , 4:31 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបតំណាង)
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបតំណាង)
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី ទម្លាយព័ត៌មានថា កម្លាំងសមត្ថកិច្ច ចាប់បានកប៉ាល់១គ្រឿង ហើយសមត្ថកិច្ច សន្និដ្ឋានថា កប៉ាល់នោះ ចូលមកកម្ពុជា ក្នុងគោលបំណងដើម្បីលួចដឹងគ្រឿងញៀនចេញពីកម្ពុជា។ សម្តេច និយាយពីរឿងនេះ ក្នុងពិធី១ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ 



កាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅថ្មីៗនេះ សមត្ថកិច្ច ចាប់បានគ្រឿងញៀនជិត៩០០គីឡូក្រាម នៅខេត្តព្រះសីហនុ។ បើតាមសម្តេច ស ខេង កប៉ាល់ ដែលត្រូវសមត្ថកិច្ចចាប់បាន គឺចូលមកដើម្បីដឹកគ្រឿងញៀនជិត៩០០គីឡូក្រាមនោះឯង។ 
 
អត្ថបទទាក់ទង
 
អ្នកនៅលើកប៉ាល់នោះ ដោះសាជាមួយសមត្ថកិច្ចថា ពួកគេ ចូលមកកម្ពុជា ដើម្បីដឹកបារី។ ពេលនោះ សមត្ថកិច្ចកម្ពុជា សួរដេញថា តើដឹកពីអ្នកណា និងពីកន្លែងណា? ស្រាប់តែពួកគេ លាក់បាំងដោយមិនព្រមផ្តល់ចម្លើយពិតដល់សមត្ថកិច្ច។ ទាំងនេះ គឺជាការរៀបរាប់របស់សម្តេចនាយករដ្ឋមន្រ្តីស្តីទី។ 
 
សម្តេច បន្តថា សមត្ថកិច្ចកម្ពុជា ពុំជឿនោះទេថា កប៉ាល់នោះ ចូលមកម្ពុជា ដើម្បីដឹកបារី។ សម្តេច បន្ថែមថា តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច កប៉ាល់នោះ ចូលមកកម្ពុជា ដើម្បីដឹកគ្រឿងញៀនជិត៩០០គីឡូក្រាម ដែលសមត្ថកិច្ចចាប់បាន។
 
បើតាមការស្តាប់ប្រសាសន៍របស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ កប៉ាល់ ត្រូវចាប់បានមុនគ្រឿងញៀន។ សម្តេច បញ្ជាក់ដូច្នេះថា៖«ដល់ពេលយើងចាប់បានកប៉ាល់ហ្នឹង២-៣ថ្ងៃមុនទៅ អាគ្រឿងញៀនហ្នឹងវាគាំង នៅនឹងកន្លែងទៅ»។
 
លោក អ៊ិន សុង នាយករង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញឿននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែធ្នូនេះថា កម្លាំងសមត្ថកិច្ច ចាប់បានជនល្មើស២នាក់ហើយ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនជិត៩០០គីឡូក្រាមនេះ។ លោក អះអាងថា ជនល្មើសទាំង២នាក់នោះ ជាចិនដីគោកម្នាក់ និងជាចិនតៃវ៉ាន់ម្នាក់។ 
 
លោកនាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀនរូបនេះ ផ្តល់ព័ត៌មានថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«សមត្ថកិច្ច កំពុងញាប់ដៃញាប់ជើងក្នុងការស៊ើបអង្កេត»។ 
 
ក្នុងពិធីខាងលើ សម្តេច ស ខេង លើកឡើងថា ជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនជិត៩០០គីឡូក្រាមនោះ គឺសុទ្ធតែជាជនបរទេសទាំងអស់។ សម្តេច សង្ឃឹមលើសមត្ថកិច្ចថា នឹងអាចរកឃើញជនល្មើសផ្សេងទៀត ដែលមិនទាន់ចាប់បាន៕


សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនៅតាមសាលារៀនមួយចំនួន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com