កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ផ្តាច់ព្រ័ត្រ ៖ តើអាហ្សង់ទីន ឬ បារាំង នឹងគ្រងជើងឯក?
18, Dec 2022 , 2:00 pm        
រូបភាព
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាឈានដល់វគ្គផ្តាច់ព្រ័ត្រស្វែងរកក្រុមគ្រងតំណែងជើងឯកកំពូលនាថ្ងៃទី១៧ ខែធ្នូនេះហើយ។ ក្រុមជើងខ្លាំងមកពីទ្វីបអាម៉េរិកខាងត្បូង អាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមការពារតំណែងជើងឯកឆ្នាំ ២០១៨ បារាំង ក្នុងកីឡដ្ឋាន Lusail Iconic វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា)។



ជំនួបរវាងអាហ្សង់ទីនទល់បារាំងនឹងក្លាយជាការប្រកួតមួយ ដើម្បីស្វែងរកឱកាសគ្រងតំណែងជើងឯកពិភពលោក World Cup លើកទី៣ ក្នុងប្រវត្តិសាស្រ្តរៀងៗខ្លួន ។ ក្រុមទាំងពីរនេះ ធ្លាប់បានឈ្នះពានពិភពលោក ២លើកដូចគ្នារួចមកហើយ។ អាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup នៅឆ្នាំ ១៩៨៦ និង១៩៧៨។ ចំណែកបារាំង ឈ្នះនៅឆ្នាំ១៩៩៨ និង២០១៨។ 
 
មុនឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមខ្លាំងមកទ្វីបអាម៉េរិកខាងត្បូង និងអឺរ៉ុបទាំង ២នេះ បានឆ្លងកាត់ការប្រកួត ៦លើក ដោយមានភាពងាយស្រួលផង ការបរាជ័យផង និងជ័យជម្នះដូចគ្នាផង។ អាហ្សង់ទីនឆ្លងកាត់ការប្រកួតដោយស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង បានរងបរាជ័យជំនួបបើកឆាក ក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត បន្ទាប់មកយកឈ្នះម៉ិកស៊ិក ប៉ូឡូញ អូស្ត្រាលី ហូឡង់ និងក្រូអាស៊ី ។ ដោយឡែកបារាំងជាក្រុមកំពូលតារាងវគ្គចែកពូលដូចគ្នា ដោយយកឈ្នះដាណឺម៉ាក អូស្ត្រាលីនិងរងបរាជ័យក្រោមថ្វីជើងទុយនីស៊ី បន្ទាប់មកឈ្នះប៉ូឡូញ អង់គ្លេស និងម៉ារ៉ុក។
 
ការប្រកួតប្រជែងរវាងអាហ្សង់ទីន ដែលធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic នឹងត្រូវមានអាជ្ញាកណ្តាលកាត់សេចក្តីដោយលោក Szymon Marcinik សញ្ជាតិប៉ូឡូញ ដោយរួមសហការក្រុមការងារជំនួយការលោក Pawel Sokolnicki និងលោក Thomasz Listkiewics សញ្ជាតិប៉ូឡូញដូចគ្នា រួមជាមួយលោក Ismail Elfath ជាជំនួយការទី៤ សញ្ជាតិអាម៉េរិក។ អាហ្សង់ទីនបង្ហាញវត្តមាននៅវគ្គផ្តាច់ព្រ័ត្រ ៦លើក ខណៈបារាំងបង្ហាញបាន៤លើក។
 
នេះជាការជួបគ្នាសារជាថ្មីម្តងទៀតសម្រាប់ក្រុមទាំងពីរចាប់តាំងពីប៉ះគ្នានៅឆ្នាំ ២០១៨ ម្តងរួចមក ដោយកាលនោះក្នុងវគ្គ ១៦ក្រុម បារាំងទម្លាក់អាហ្សង់ទីនក្នុងលទ្ធផល ៤-៣។ មិនមែនលើកដំបូងឡើយនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរ។ ពួកគេធ្លាប់ជួបគ្នា ១២លើកមកហើយ ដោយក្នុងនោះ ៣លើក ក្នុងព្រឹត្តិការណ៍ World Cup។
 
សម្រាប់អាហ្សង់ទីន មិនមានកីឡាករណាម្នាក់ដែលរងរបួស ឬជាប់បម្រាមឡើយ ខណៈបារាំងនឹងអវត្តមានកីឡាករ Dayot Upamecano និង ​Adrien Rabiot ដោយសាររបួស។ 
នាសន្និសីទកាសែតមុនការប្រកួតមកដល់គ្រូបង្វឹកក្រុមទាំងសងខាងបានលើកឡើងដូច្នេះ៖
 
«ជ័យជម្នះនៅតែជារឿងមួយដ៏សំខាន់សម្រាប់ក្រុមយើង ហើយមុនការប្រកួតមកដល់យើងទទួលបានពេលវេលាសម្រាកយ៉ាងល្អ និងការត្រៀមខ្លួនរបស់ក្រុមទាំងមូលពោរពេញដោយកម្លាំង។ យើងក៏បានផ្តល់ពេលវេលាដល់កីឡាករសម្រាក និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រយុទ្ធវគ្គផ្តាច់ព្រ័ត្រ យើងបានជ្រើសរើសយុទ្ធសាស្ត្ររួចរាល់ហើយដើម្បីបំបាក់ដៃគូ។»។ នេះជាសម្តីលោក Scaloni គ្រូបង្វឹកអាហ្សង់ទីន។
 
ចំណែកលោក Didier Deschamps បានលើកឡើងដូច្នេះថា៖« ក្រុមអាហ្សង់ទីនដែលយើងបានជួបលើកនេះមិនមែនដូចជាអាហ្សង់ទីនដែលយើងធ្លាប់ជួបកាល ៤ឆ្នាំមុនឡើយ។ យើងត្រូវតែផ្តោតលើការប្រកួតជាសំខាន់ ដោយមិនអាចឆ្វេរប្រហែសបាននោះទេ។»៕
 

Tag:
 (World Cup)
© រក្សាសិទ្ធិដោយ thmeythmey.com