ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូធ្វើម្ហូបតាម​បែបស្រុកស្រែនៅបន្ទាយមានជ័យ​របស់ ស្រីផាច ទាក់ទាញការចូលទស្សនាខ្ទង់លាន
19, Dec 2022 , 9:30 am        
រូបភាព
កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។
កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។
ទិដ្ឋភាពក្នុងផ្ទះ និងចម្ការរបស់​ឪពុក​ ដែលមាន​ដំណាំច្រើនមុខ មិនថាផ្កា ផ្លែឈើ និង​បន្លែនោះទេ ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ខ្លីៗរបស់​យុវតី ឆម ស្រីផាច។ ស្រីផាច ជា​ម្ចាស់ទំព័រ​ហ្វេសប៊ុក​​ Chhom Srey Pach ដែល​​​ផលិត​វីដេអូ​ធ្វើ​ម្ហូប និងបង្ហាញ​ពី​ការ​រស់នៅ​បែប​ស្រុក​ស្រែ​នា​ខេត្ត​បន្ទាយមាន​ជ័យ។ សកម្មភាព រួម​ទាំង​ការ​និយាយ​រដឺន​ បាន​ធ្វើ​ឱ្យមាន​ការ​ចាប់​អារម្មណ៍​យ៉ាងច្រើន រហូត​វីដេអូរបស់នាងចំនួន១ មាន​អ្នក​ទស្សនាដល់ទៅ ​៦,៣លាននាក់​។


 
មានវ័យ២៤ឆ្នាំ កញ្ញា ឆម ស្រីផាច ជានិស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​នៅ​​សាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២២នេះ យុវតី ឆម ស្រីផាច បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នា​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ជួយ​ការងារ​ឪពុកម្ដាយ និង​ឆ្លៀត​ពេល​បង្កើត​មាតិកា​ធ្វើ​ម្ហូប និង​ធ្វើ​វីដេអូផ្សេងៗ ដែល​​បង្ហាញ​ពី​របៀបរស់នៅ​របស់​អ្ន​ក​ជនបទ។
 
ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ Chhom Srey Pach ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១៧ ដែល​កាលនោះនាង​រវល់នឹងការសិក្សា។ ប៉ុន្តែ​នៅពាក់កណ្ដាល​​ឆ្នាំ​២០២២នេះ ស្រីផាច បាន​ដាក់​គោលដៅ​ផលិត​វីដេអូ ក្រោយ​មាន​ការ​ជំរុញ​ពី​គ្រួសារ ពិសេស​បង​ប្រុស​ដែលជា​អ្នក​ផលិតវីដេអូ​បែប​ស្រុកស្រែដូចគ្នា។ យុវតី​រូបនេះ ក៏​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​បង្ហោះ​ឡើងវិញ ដោយ​វីដេអូដំបូងរបស់នាង មានចំណងជើងថា «បុក​ម្ជូរ​ក្រសាំង ចំណាយ​តិចតែហូបបាយអស់ច្រើន»។ វីដេអូនេះ ត្រូវ​បាន​បង្ហោះ​កាល​ពី​​ថ្ងៃទី​២២ កក្កដា ដែលរយៈពេល​៤ និង​៥៣នាទី និង​មាន​អ្នក​ទស្សនាជិត​១លាននាក់។ ​
 

 កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

មក​ដល់​ពេលនេះ មាន​រយៈពេល​៤ខែហើយ ដែល​នាង​ផ្ដោត​សំខាន់​លើ​ការ​ផលិត​វីដេអូ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម Facebook, Tik Tok រួម​ទាំង​ You Tube។ ត្រឹម​រយៈពេល​៤ខែ​ប៉ុណ្ណោះ ស្រីផាច ផលិតវីដេអូបានចំនួន ២៦៤វីដេអូ ដែលវីដេអូទាំងនោះ សុទ្ធសឹងតែជាវីដេអូមាន​អ្នក​ទស្សនា​ច្រើន។ ទន្ទឹមនឹង​ការ​ចូលទស្សនា និង​គាំទ្រច្រើន នាំ​ឱ្យ​​ហ្វេសប៊ុក​ផេក​របស់​ស្រី​ផាច មាន​អ្នក​តាមដាន(Follow) ចំនួន​១,១លាននាក់ ខណៈ​ You Tube មានអ្នកជាវ​ជាង១ម៉ឺននាក់​។ 
 
សមិទ្ធផល​ដែលយុវតីសម្ដី​រដឺនរូបនេះ ខិតខំ​ធ្វើបាន​ផ្ដល់​ផ្លែផ្កា​ដល់​នាង​។ វីដេអូខ្លីៗ​ដែល​បង្ហោះ ត្រូវបាន​ថត​ដោយ​ប្អូនប្រុស​​ដែលជាកូនភ្លោះរួមផ្ទៃជាមួយនាង​ និង​កាត់ត ថត​សំឡេង ដោយ​នាង​ផ្ទាល់​។ ស្រីផាច បាន​ប្រើ​ប្រាស់​ទូរសព្ទដៃសម្រាប់ថត និង​កាត់ត​ ជា​ពិសេ​សនាង​​ត្រូវ​បញ្ចូល​សំឡេង​ឱ្យ​ទាក់ទាញ​ទៀតផង។
 
បន្ទាប់ពី​មាន​ការ​គាំទ្រ​ច្រើន ស្រីផាច ​ប្រាប់សារព័ត៌មាន Thmey Thmey 25 បែបនេះ៖«ពេល​ធ្វើ​វីដេអូ​ទៅ​ មាន​ពុក​ម៉ែ​បង​ប្អូន​​គាត់​គាំទ្រ​ច្រើន​​ សប្បាយ​ចិត្ត​ហើយ​មាន​កម្លាំង​ចិត្ត​ធ្វើ​បន្ត​ទៀត។ សម្រាប់​ពុក​ម៉ែខ្ញុំ​វិញ ពេល​ឃើញ​កូន​ទទួល​បាន​ផ្លែផ្កា គាត់​ក៏​សប្បាយចិត្ត​ដែរ។ តែ​បើ​គ្មាន​ពួក​គាត់​ក៏​ខ្ញុំ​មិន​អាច​មាន​ថ្ងៃនេះដែរ»។
 

 កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

ជា​កូនទី​២ ក្នុង​ចំណោម​បងប្អូន៣នាក់ ស្រីផាច មិនសូវ​មាន​ពេល​ទំនេរឡើយ ព្រោះ​នាង​រវល់​នឹង​ការ​ងារ​ផលិត​វីដេអូ ដែល​ជា​ការងា​រ​ពេញ​ម៉ោង​របស់នាង បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់ឧត្តម។ ស្រីផាច បាន​ជ្រើសរើស​មាតិកាដែល​បង្ហាញ​សកម្មភាព​នៅ​ក្នុង​ភូមិ​ស្រុក​របស់នាង ព្រោះ​នាង​គិតថា​នៅស្រុកស្រែចម្ការ​មាន​របស់របរ​ស្រាប់។ 
 
«ដោយសារ​តែខ្ញុំ​នៅ​​ស្រុក​ស្រែ​ចម្ការ​ស្រាប់ កាលពីខ្ញុំ​ផលិត​វីដេអូ​ដំបូង​ ក៏​ខ្ញុំ​មិន​មាន​ថវិកា​ច្រើន​សម្រាប់​ទិញ​ម្ហូប​អាហារ​សម្រាប់ថតដែរ គឺមាន​តែ​រក​របស់​របរ​មាន​ស្រាប់​នៅតាម​ស្រែ​ចម្ការ​ មក​ធ្វើ​ម្ហូប​ ព្រោះ​មិន​សូវ​ចំណាយថវិកាច្រើន»។ នេះជា​ការរៀបរាប់​របស់​យុវតី​ខ្មៅស្រអែម ស្រីផាច ដោយ​បន្ថែមថា កា​រ​ធ្វើ​បែបនេះ ព្រោះ​​ចង់​បង្ហាញពី​​ម្ហូប​​នៅ​តាម​តំបន់ផងដែរ។ 
 

 កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

មិនខុស​ពី​ការ​លើក​ឡើង​ខាងលើទេ អ្នក​​ធ្លាប់​ទស្សនា​ប្រាកដជា​បាន​ឃើញ​ទិដ្ឋភាព​ផ្ទះ​របស់នាង ដែល​នៅ​ជិត​ភ្នំ និង​ចម្ការ​សម្បូរដោយ​ផ្លែឈើ​ និងបន្លែបង្ការជាច្រើន​ប្រភេទ តាមរយៈវីដេអូ​របស់​យុវតីរូបនេះ​។ ទាក់ទងនឹង​ការ​ផលិត​វីដេអូវិញ​ គឺ​មាន​ផល​លំបាក​សម្រាប់នាង។ ទម្រាំបាន​វីដេអូ​បង្ហាញ​លើ​អេក្រង់ទូរសព្ទអ្នក​ទស្សនា​ ស្រីផាច ត្រូ​វ​ចំណាយ​ទាំង​ថវិកា​ កម្លាំង ពេល​វេលា​។ យុវតីរូបនេះ រម្លឹក​ពី​សកម្មភាព​របស់នាង​ដូច្នេះ៖ «ដូច​ពេល​ខ្លះ​ ត្រូវ​ចុះទឹក​ឡើង​ភ្នំ​ ទម្រាំ​ផលិត​បាន​វីដេអូ​មួយៗ​។ ពេល​ខ្លះ​១​ថ្ងៃ​ថត​បានតែ​១​វីដេអូ​ក៏​មានដែរ»។​
 
ជា​ធម្មតា ​ស្រីផាច តែងតែ​​បង្ហោះ​វីដេអូចំនួន២ នៅ​លើ​Facebook, Tik Tok និង You Tube ជារៀងរាល់ថ្ងៃ។ បើតាម​អ្នក​ខេត្ត​បន្ទាយមានជ័យរូបនេះ នាង​ត្រូវធ្វើ​វីដេអូ​២ ឬ៣ ដើម្បី​តម្កល់​ទុក​នៅពេល​រវល់។ ក្រោយ​ពី​មាន​ការ​គាំទ្រ​ច្រើន ស្រី​ផាច ក៏​ត្រូវ​បាន​ម្ចាស់​ផលិត ឬ​ម្ចាស់​ហាង​មួយចំនួន អញ្ជើញ​នាង​ទៅ​ផលិត​វីដេអូផងដែរ។ ការងារ​ដែលនាង​ទទួលបាន គឺ​ទាក់ទងនឹង​របស់​បរិភោគ ព្រោះ​ត្រូវ​នឹង​មាតិការបស់​នាង។ 
 

 កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

តាមរយៈ​ស្នាដៃ​ផលិត​វីដេអូ និង​មាតិកា​ដ៏​ទាក់ទាញ​របស់នាង បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដេញសង្គមមួយចំនួន​សរសើរ​ពីនាងផងដែរ។ គណនីហ្វេសប៊ុក​ឈ្មោះ ជា វណ្ណារ័ត្ន បាន​សរសេរ​ដូច្នេះ៖ «ទីបំផុត​គាត់អាច​រក​ឃើ​ញ​ខ្លួន​ឯង​ឃើញ​ហើយ ទើប​គាត់​ធ្វើជា​ខ្លួន​ឯងរហូត​បានជោគជ័យ​។ គាត់​ស្អាត​បែប​គាត់ មិន​Brand មិន High Show តែ​គាត់នៅតែ​ល្បី​ដោយសារគាត់​ធ្វើខ្លួនជាគាត់...»។ ខ្លឹមសារ​ដែល​លោក ជា វណ្ណារ័ត្ន បាន​បង្ហោះ​លើ​គណនីរបស់លោក មាន​អ្នក​ចែករំលែក​ជាង៤ពាន់នាក់ ដោយ​អ្នក​ទាំងនោះ បង្ហាញ​អារម្មណ៍​រីករាយចំពោះស្រីផាច និងខ្លះ​ពោលពាក្យថា អាយដល (IDOL)។ 
 
ពិត​មែនហើយ សកម្មភាព​ដែល​ ស្រី​ផាច បង្ហាញ​តាម​រយៈ​វីដេអូរបស់នាង គឺ​នាង​តែង​ធ្វើ​ខ្លួន​ធម្មតា ដោយ​មិន​មាន​ក្រេម​ម្សៅ​លម្អ​បន្ថែម​ឡើយ។ ម៉្យាងទៀត ទិដ្ឋភាពបែបនេះ សបញ្ជាក់ពី​សកម្មភាព​រស់នៅ​ពិត​ប្រាកដ​របស់​អ្នក​ជន​បទ ជាពិសេស​ក្រុម​គ្រួសារ​របស់នាង​ផ្ទះ​៕
 

ចំណាប់អារម្មណ៍ទស្សនិកជន ដែលទស្សនាវីដេអូកញ្ញា ឆម ស្រីផាច។

Tag:
 គំនិត​ច្នៃប្រឌិត
  ម្ហូប
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com