ជាតិ
ដំណឹង​ល្អ! អាហារូបករណ៍​១ពាន់​កន្លែង សិក្សា​ជំនាញ​កសិកម្ម​
20, Dec 2022 , 7:59 am        
រូបភាព
ភ្នំពេញ៖ វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែក​លៀប នឹង​ផ្ដល់​អាហារូបករណ៍ចំនួន ​១ពាន់កន្លែង​ដល់​សិស្សនិស្សិត​ដែល​ចង់រៀន​កសិកម្ម។ អាហារូបករណ៍ខាងលើ​ ផ្ដល់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៥០០កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ​រង​ ចំនួន ៥០០កន្លែង ផ្ដោត​លើ​ជំនាញ​ចំនួន ១៥ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម។



ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឯក​ភាព​គោលការណ៍​ដោយ​អនុញ្ញាត​ឱ្យ​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ជ្រើស​រើស​និស្សិត​អាហារូបករណ៍​ចំនួន ១០០០នាក់ ចូលរួម​ថ្នាក់​បរិញ្ញាបត្រ​ និង​ថ្នាក់​បរិញ្ញាបត្រ​រង។ បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ​សិក្សា​២០២០-២០២១ នឹង​ទទួល​បាន​អាហារូបករណ៍​៥០ភាគរយ។ ដោយ​ឡែក បេក្ខជន​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ​សិក្សា​២០២១-២០២២​ នឹង​ទទួល​បាន​អាហារូបករណ៍ ១០០ភាគរយ។
 
អាហារូបករណ៍នេះ ផ្ដល់​ជូន​និស្សិត​​សិក្សា​ជំនាញដូចជា ក្សេត្រសាស្រ្ត និង​វិទ្យាសាស្រ្ត​, ជីវបច្ចេកវិទ្យា និង​សេណេទិករុក្ខជាតិ, សាកវប្បកម្ម​, វិទ្យាសាស្រ្ត​ព្រៃឈើ/រុក្ខកម្ម, ជលផល, វិទ្យាសាស្រ្ត​បរិស្ថាន, ផលិតកម្ម និង​សុខភាព​សត្វ​/ផលិតកម្មសត្វ, វេជ្ជសាស្រ្ត​សត្វ/បសុព្យាបាល, ផ្សព្វផ្សាយកសិកម្ម និង​អភិវឌ្ឍន៍​ជនបទ, សេដ្ឋកិច្ច និង​ធុរកិច្ចកសិកម្ម, សេដ្ឋកិច្ច​នយោបាយកសិកម្ម និង​ស្បៀង​, វិទ្យាសាស្រ្ត​កែច្នៃ​អាហារ, អាហារូបត្ថម្ភ​ និង​សុខភាព, ព័ត៌មាន​វិទ្យាសាស្រ្ត​កសិកម្ម​ និង​វិស្វកម្ម​ និង​រៀប​ចំ​ដែន​ដី​ និង​រដ្ឋបាល​ដី​ធ្លី។ 
 
សិស្សានុសិស្ស ឬ​និស្សិត​ ដែល​មាន​ចំណាប់​អារម្មណ៍​សិក្សា​លើ​ជំនាញ​កសិកម្ម អាច​ដាក់​ពាក្យ​រហូត​ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​៤៖៣០នាទី។ គួរ​បញ្ជាក់ថា អាហារូបករណ៍នេះ ក៏​ផ្ដល់​ដល់​សិស្ស​អាទិភាពផងដែរ៕ 
 

Tag:
 កសិកម្ម​
  ព្រែក​លៀប​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com