FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe កីឡាករទីពីរក្នុងប្រវត្តិសាស្ត្រ World Cup ធ្វើបាន hat-trick វគ្គផ្តាច់ព្រ័ត្រ
19, Dec 2022 , 6:29 pm        
រូបភាព
ក្រុមជម្រើសជាតិបារាំងទទួលបានត្រឹមជើងឯករង FIFA World Cup ឆ្នាំ២០២២ នៅកាតា បើទោះខ្សែប្រយុទ្ធឆ្នើម Kylian Mbapp រកបានគ្រាប់តាមស្មើអាហ្សង់ទីនជាបន្តបន្ទាប់​រហូតឆ្លងចូលដល់វគ្គ បាល់កាត់សេចក្តីប៉េណាល់ទី។ ចាញ់អាហ្សង់ទីនដោយបាល់កាត់ក្តី ៤-២ ប៉ុន្តែខ្សែប្រយុទ្ធបារាំង Mbapp ឈ្នះស្បែកជើងមាស និងជាកីឡាករទី២ក្នុងប្រវត្តិសាស្ត្រដែលធ្វើបាន៣គ្រាប់ម្នាក់ឯង (hat-trick) នៅវគ្គផ្តាច់ព្រ័ត្រ World Cup។



ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ នៅអ៊ុយរុហ្កាយ រហូតដល់ឆ្នាំ២០១៨នៅរុស្ស៊ី មានតែកីឡាករម្នាក់គត់ ដែលធ្វើបាន hat-trick នៅវគ្គផ្តាច់ព្រ័ត្រ។ 
Geoff Hurst អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស ជាកីឡាករដំបូងបំផុតដែលរកបាន៣គ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងជ័យជមុ្នះ ៤-២ លើក្រុមអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) នៅឆ្នាំ១៩៦៦។ Hurst ជាសមាជិកឆ្នើមក្នុងការជួយតោកំណាចអង់គ្លេសឈ្នះជើងឯកពិភលោកលើកដំបូងផងដែរ។
 
៥៦ឆ្នាំក្រោយ ខ្សែប្រយុទ្ធបារាំង Mbapp បានតាមស្មើកំណត់ត្រារបស់លោក Hurst ដែលសព្វថ្ងៃមានវ័យ៨១ឆ្នាំ។ Mbapp វ័យ២៣ឆ្នាំ ធ្វើបាន hat-trick ក្នុងការប្រកួតដែលបារាំងស្មើអាហ្សង់ទីន ៣-៣ មុនពេលចាញ់នៅវគ្គកាត់ក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-២។
 
តាមស្មើកំណត់ត្រាលោក Hurst ខ្សែប្រយុទ្ធក្រុម Paris Saint-Germain ថែមទាំងទទួលបានស្បែកជើងមាសក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup នៅកាតាផងដែរ។
 
Mbapp រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៨គ្រាប់ តាមពីក្រោយដោយ Lionel Messi ដែលធ្វើបាន៧គ្រាប់។ Julian Avarez របស់អាហ្សង់ទីន និង Olivier Giroud ខ្សែប្រយុទ្ធបារាំង ធ្វើបាន៤គ្រាប់ស្មើគ្នា៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com