ជាតិ
២៥ខេត្ត/រាជធានី
សម្តេច ហ៊ុន សែន ផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកមួយចំនួននៅខេត្តសៀមរាប
20, Dec 2022 , 12:16 pm        
រូបភាព
ពីឆ្វេងទៅស្តាំ និងពីលើចុះក្រោម លោក ពៅ ប៊ុនធឿន លោក បូ ម៉េងទ្រី លោក ភន់ សុខុម លោក គិម វណ្ណៈ លោក សុខ ណារ៉េត និង​លោក រិន ឡូត
ពីឆ្វេងទៅស្តាំ និងពីលើចុះក្រោម លោក ពៅ ប៊ុនធឿន លោក បូ ម៉េងទ្រី លោក ភន់ សុខុម លោក គិម វណ្ណៈ លោក សុខ ណារ៉េត និង​លោក រិន ឡូត
ដោយ: រួបរួម
តាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី៥ ខែធ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការមួយចំនួននៅខេត្តសៀមរាប ជាពិសេសតំណែងអភិបាលស្រុកអង្គរធំ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ និងស្រុកបន្ទាយស្រី។

 
លោក ឡុង រដ្ឋារក្ស ត្រូវផ្ទេរភារកិច្ចពីអភិបាលស្រុកអង្គរធំ ឲ្យទៅបម្រើការនៅរដ្ឋបាលខេត្តសៀមរាប ហើយតំណែងជាអភិបាលស្រុកអង្គរធំ ត្រូវជំនួសដោយលោក ពៅ ប៊ុនធឿន។
 
តំណែងជាអភិបាលស្រុកជីក្រែង ដែលលោក ពៅ ប៊ុនធឿន ធ្លាប់កាន់កន្លងមក ត្រូវជំនួសដោយលោក បូ ម៉េងទ្រី ដែលជាអតីតអភិបាលរងក្រុងសៀមរាប។
 
តាមអនុក្រឹត្យដដែល លោក លុក ផុស ត្រូវផ្ទេរភារកិច្ចពីអភិបាលស្រុកអង្គរជុំ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។ ស្របពេលជាមួយគ្នា លោក ភន់ សុខុម ឡើងពីអភិបាលរងស្រុកបន្ទាយស្រី ទៅធ្វើជាអភិបាលស្រុកអង្គរជុំ វិញ។
 
រីឯលោក ម៉ក់ ប្រុស ត្រូវបានផ្ទេរភារកិច្ចពីអភិបាលស្រុកសូទ្រនិគម ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។ លោក គិម វណ្ណៈ បានក្លាយអភិបាលស្រុកសូទ្រនិគមថ្មី ដោយកន្លងមកលោកធ្លាប់ធ្វើជាអភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង។ 
 
នៅស្រុកក្រឡាញ់ឯណោះវិញ លោក សុខ ណារ៉េត ត្រូវបានតែងតាំងជាអភិបាលស្រុកផ្លូវការ ដោយកន្លងលោកធ្វើជាអភិបាលរងស្រុក និងកាន់តំណែងស្តីទី ចាប់តាំងពីអតីតអភិបាលស្រុក លោកស្រី ម៉ននី រង្សី ឡើងជាអភិបាលរងខេត្តសៀមរាប កាលពីកញ្ញា កន្លងមក។
 
លោក សុខ ណារ៉េត ជាយុវជន និងជាអ្នកស្រុកក្រឡាញ់ផ្ទាល់។ រីឯអភិបាលរងស្រុកក្រឡាញ់ម្នាក់ទៀត គឺលោក រិន ឡូត ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ដែលធ្លាប់ដឹកនាំដោយលោក ឃឹម ហ្វីណង់ ដ៏ល្បីល្បាញ។ បច្ចុប្បន្នលោក ឃឹម ហ្វីណង់ ជាអភិបាលរងខេត្តសៀមរាប៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com