ជាតិ
ពីខែមករា ដល់​ខែវិច្ឆិកា កម្ពុជានាំចេញអង្ករ​ទៅបរទេសជិត​៥៦ម៉ឺន​តោន
21, Dec 2022 , 6:59 pm        
រូបភាព
សកម្មភាពប្រជាសហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែនប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា
សកម្មភាពប្រជាសហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែនប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា
ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ៤៩ ៨៤៩តោន ថយចុះ​ចំនួន ២២ ១៦១តោន ស្មើនឹង៣០,៧៧ភាគរយ បើ​ធៀប​នឹង​ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ដោយឡែក ការនាំ​ចេញ​ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ មាន​ចំនួន ៥៥៩ ០៩៨តោន កើនឡើង ២៦ ៩១៩តោន ស្មើនឹង៥,០៦ភាគរយ បើធៀបនឹងបរិមាណនាំចេញរយៈពេល១១ខែ ឆ្នាំ២០២១។



បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មាន​ចំនួន ៤៩ ៨៤៩តោន ​ធ្លាក់ចុះ​ចំនួន ៣០,៧៧ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១ មាន​ដល់ ៧២ ០១០តោន​។
 
ទោះ​ការ​នាំ​ចេញ​ក្នុង​ខែ​វិច្ឆិកា​ថយចុះ ប៉ុន្តែ​ការ​នាំ​ចេញ​ក្នុង​រយៈពេល១១ខែ ឆ្នាំ​២០២២ មាន​ការ​កើន​ឡើង ៥,០៦ភាគរយ ដែល​មានចំនួន ៥៥៩ ០៩៨តោន។ ​ ក្នុងចំណោមអង្ករនាំចេញជាង៥៥ម៉ឺនតោននេះ មានអង្ករចំនួន ១៨៤ ០០៤តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ២៣ ក្នុងតំបន់អឺរ៉ុប។ ចំពោះការនាំចេញទៅអឺរ៉ុបនេះ កើនឡើងចំនួន ៤៩ ៥៦៦តោន ស្មើនឹង៣៦,៨៧ភាគរយ។
 
ដោយឡែកការនាំចេញទៅប្រទេសចិន មានចំនួន ២៤៧ ៩៥៧តោន ថយចុះ ១៧ ២៨៧តោន ស្មើនឹង៦,៥២ភាគរយ។ រីឯការនាំចេញទៅប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ាន មានចំនួន ៥៧ ១៤៤តោន កើន២៧៩៤តោន ស្មើនឹង៥,១៤ភាគរយ។ ចំណែកការនាំចេញទៅទិសដៅផ្សេងៗចំនួន២៨ប្រទេសទៀត មានចំនួន ៦៩៩៩៣តោន ថយចុះ១០,៤៣ភាគរយ។
 
សូមបញ្ជាក់ថា ក្នុងចំណោមអង្ករដែលបាននាំចេញក្នុង​រយៈពេល១១ខែនេះ​ មានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៣៨៩ ៣៣៧តោន, អង្ករសគ្រប់ប្រភេទ មានចំនួន ១៥៥ ៧១១តោន និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១៤ ០៥០តោន។ នេះបើតាមរបាយការណ៍ខាងលើ៕
 

Tag:
 អង្ករ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com