FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស្ថិតក្នុងមន្ទីរពេទ្យ Pele អបអរអាហ្សង់ទីន និងសរសើរ Messi សក្តិសមឈ្នះពាន World Cup
22, Dec 2022 , 8:29 am        
រូបភាព
លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ប្រេស៊ីលបានបង្ហាញការគោរពនិងអបអរដល់ក្រុមបាល់ទាត់អាហ្សង់ទីនក្រោយពួកឈ្នះពាន World Cup 2022 នៅកាតា។ លោក Pele ក៏បានសរសើរ Lionel Messi ថាសក្តិសមក្នុងការឈ្នះជើងឯក និងលើកឡើងថាលោក Diego Maradona ដែលស្លាប់ទៅហើយនោះកំពុងទទួលបានស្នាមញញ្ញឹមម្តងទៀតហើយ។



ជ័យជម្នះដ៏ធំសម្រាប់ប្រទេសអាហ្សង់ទីនទាំងមូល ក៏ដូចជាខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lionel Messi បានបង្ហាញថារូបគេបានសម្រេចក្តីស្រមៃក្នុងអាជីពក្រោយលើកពានរង្វាន់ World Cup ឆ្នាំ២០២២។ សមិទ្ធផលនេះ Messi ធ្វើបានដូចលោក Diego Maradona ដែលបានជួយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក១លើកដូចគ្នាក្នុងជំនាន់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពបាល់់ទាត់។ លោក Diego Maradona បានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។
 
អំឡុងស្ថិតនៅព្យាបាលជំងឺដុំសាច់ក្នុងពោះវៀនក្នុងមន្ទីពេទ្យនៅប្រទេសប្រេស៊ីល លោក Pele បានផ្ញើសារអបអរសារទទៅកាន់ក្រុមអាហ្សង់ទីនក្រោយពួកគេបានយកឈ្នះការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រលើបារាំងនៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតរយៈពេល ១២០នាទីបញ្ចប់ទៅដោយលទ្ធផល ៣-៣។
 
«បាល់ទាត់បានបន្តប្រាប់អំពីរឿងរ៉ាវរបស់ខ្លួនយ៉ាងជក់ចិត្ត។ Messi ឈ្នះ World Cup លើកដំបូងរបស់គាត់ ហើយគាត់ពិតជាសក្កិសមទទួលបានជ័យជម្នះនេះ។ […] អបអរសារទទៅកាន់ក្រុមអាហ្សង់ទីន ពិតប្រាកដណាស់លោក Diego Maradona កំពុងតែមានស្នាមញញ្ញឹមផងដែរ។»៕ លោក Pele  បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះ។
 
ក្រៅពីអបអរជ័យជម្នះទៅកាន់ក្រុមអាហ្សង់ទីន វីរបុរសបាល់ទាត់ប្រេស៊ីលវ័យ ៨២ឆ្នាំ ក៏បានកោតសរសើរទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ដែលបានបង្ហាញទម្រង់លេងដ៏ល្អខ្លាំងអំឡុងព្រឹត្តិការណ៍ World Cup លើកទី២២នេះ។ Mbappe រកបាន ៣គ្រាប់ឱ្យបារាំងអំឡុងប្រកួតទល់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ និងជាកីឡាករទី២ ក្នុងប្រវត្តិសាស្ត្រ FIFA បន្ទាប់ពីលោក Geoff Hurst’s ដែលធ្វើបាន hat-trick នៅ ឆ្នាំ ១៩៦៦ តាមរយៈការជួយឱ្យអង់គ្លេសឈ្នះអាល្លឺម៉ង់ខាងលិច ៤-២។
 
លើសពីនេះលោក Pele ក៏បានសរសេរនៅលើ Instagram ដដែលសរសើរទៅកាន់ក្រុមម៉ារ៉ុកផងដែរសម្រាប់ដំណើរផ្សងព្រេងដ៏អស្ចារ្យដែលអាចឈានជើងដល់ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងសម្រាប់ក្រុមមកពីអាហ្រ្វិកមួយនេះ៕
 

Tag:
 World Cup
  Pele
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com