ជាតិ
ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាទទួលបាន​ទេសចរអន្តរជាតិជិត២លាននាក់ កើនឡើង១ពាន់ភាគរយ
22, Dec 2022 , 7:59 am        
រូបភាព
ទិដ្ឋភាពនាប្រាសាទបន្ទាយស្រី។ រូបភាព សែម វណ្ណា
ទិដ្ឋភាពនាប្រាសាទបន្ទាយស្រី។ រូបភាព សែម វណ្ណា
ក្នុង​រយៈពេល​១១ខែ ឆ្នាំ​២០២២នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន ១,៩១៤,០៥៥នាក់ កើន​ឡើងដល់​ ១,០៧១.៦ភាគរយ ធៀប​នឹង​​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១។ នេះបើតាម​របាយការណ៍​របស់លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍។



ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែលធ្វើដំណើរ​ចូល​មក​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ តួយ៉ាង​ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,៩១៤,០៥៥នាក់ កើនឡើងដល់ ១,០៧១.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងនោះ មាន​៦៧៣ ៦៦៩នាក់ ធ្វើ​ដំណើរតាម​ផ្លូវអាកាស, តាម​ផ្លូវ​គោក មាន​ចំនួន ១ ២២៦ ១១៥នាក់ និង​តាម​ផ្លូវទឹក មាន​ចំនួន ១៤ ២៧១នាក់។ 
  

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍
 
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អះអាងថា កំណើនភ្ញៀវទេសចរ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាពជឿជាក់​ លើ​សន្ដិសុខសុវត្ថិភាព និង​ភាព​ទាក់ទាញ​ក្នុង​វិស័យទេសចរណ៍​។ បើតាម​រដ្ឋលេខាធិការរូបនេះ ចំនួន​ភ្ញៀវទេសចរ​នៃ​ប្រទេសជិត​ខាង​ នៅ​តែ​មាន​ចំនួន​ច្រើន​នាំ​មុខ​គេ។ 
 
របាយការណ៍​របស់​លោក ហោ សារុន បង្ហាញ​ថា ទេសចរថៃ​បាន​ឈរ​នៅ​លំដាប់ទី១ ដែល​មាន​ចំនួន ៧២០ ២០៣នាក់, ទេសចរវៀតណាម ស្ថិត​នៅ​លំដាប់ទី២ មាន​ចំនួន ៤០១ ១៩៣នាក់។ ចំណែក​ភ្ញៀវទេសចរចិនវិញ បាន​ឈរ​លំដាប់លេខ៣ មាន​ចំនួន ៩០ ៦៤៨នាក់។ ក្រៅពីទេសចរសំខាន់​ខាង​លើ កម្ពុជា​ក៏​ទទួលបាន​ទេសចរ​ផ្សេងទៀត ដូចជា ទេសចរអាម៉េរិក, ឡាវ, ឥណ្ឌូណេស៊ី, កូរ៉េ, បារាំង, ម៉ាឡេស៊ី និង​អង់គ្លេស៕ 
 

Tag:
 ទេសចរណ៍
  ភ្ញៀវអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com