FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងបន្តកិច្ចសន្យាជាមួយក្លិប PSG មួយរដូវកាលទៀត
22, Dec 2022 , 7:29 pm        
រូបភាព
Lionel Messi ដែលទើបជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតាបានឈានដល់កិច្ចព្រមព្រៀងកិច្ចសន្យាថ្មីបន្តជាមួយក្រុម Paris Saint Germain។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែធ្នូ Messi  នឹងបន្តជាមួយក្រុមយក្សបារាំងរហូតដល់ឆ្នាំ២០២៤។



កីឡាករវ័យ ៣៥ឆ្នាំ និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ កាលពីថ្ងៃទី១៨ ខែធ្នូ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនគ្រងតំណែងជើងឯក World Cup ជាលើកទី៣ និងលើកដំបូងសម្រាប់រូបគេផ្ទាល់ ក្រោយយកឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៤-២។
 
«ក្នុងដើមខែធ្នូ ពោលនៅចំពាក់កណ្តាលនៃព្រឹត្តិការណ៍ ​World Cup កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចសម្រាប់តារាឆ្នើម Messi ដើម្បីអាចធ្វើឱ្យរូបគេអាចបន្តស្នាក់នៅបន្ថែម ១រដូវកាលទៀត។»។ នេះបើតាមការចុះផ្សាយរបស់ Reuters។ 
 
ទាក់ទងនឹងរឿងរ៉ាវនៃការបន្តកិច្ចសន្យារវាងខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ជាមួយក្លិប PSG មិនទាន់មានការអះអាងបន្ថែមណាមួយឡើយពីសំណាក់ក្លិបក្នុងទីក្រុងប៉ារីសប្រទេសបារាំងមួយនេះ។
កាលពីអំឡុងប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ​FIFA World Cup លោក Nasser Al-Khelaifi ប្រធានក្លិប PSG ក៏ធ្លាប់បាននិយាយប្រាប់ទៅកាន់ក្រុមអ្នកសារ
ព័ត៌មានថា Messi រីករាយនៅក្របខណ្ឌ Ligue 1 ក្នុងនាមជាជើងឯក។ ប្រធានក្លិប PSG ដដែលនេះក៏បានអះអាងបន្ថែមថា ការជជែកអំពីការបន្តកិច្ចសន្យារវាងក្លិប ​និង​ Messi អាចត្រូវធ្វើឡើងបន្ទាប់ពី World Cup រួច។
 
Messi ក្នុងរដូវកាលនេះ រកបានគ្រាប់បាល់ចំនួន ១២គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី ១៤លើក។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំបានផ្លាស់ទៅកាន់ PSG ពីក្រុម ​Barcelona កាលឆ្នាំ ២០២១ ដោយទទួលបានកិច្ចសន្យាពីឆ្នាំ ជាមួយឱកាសបន្ត ១រដូវកាលបន្ថែម៕
 

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com