FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
McTominay ជឿថាជ័យជម្នះ World Cup របស់ Martinez នឹងជួយ Man Utd បញ្ចប់ភាពមិនឈ្នះពាន
22, Dec 2022 , 9:29 pm        
រូបភាព
សមិទ្ធផលរបស់ Lisandro Martinez តាមរយៈការជួយអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នឹងជួយ Manchester United ឈ្នះពានជាថ្មី ក្រោយខនខាន ៥រដូវកាល។ នេះបើតាមការយល់ឃើញរបស់ Scott McTominay ខ្សែបម្រើបិសាចក្រហម នៅថ្ងៃទី២០ ខែធ្នូ។


ខ្សែការពារ Lisandro Martinez ដំបូងឡើយបានជួបបញ្ហាក្រោយពេលផ្លាស់ប្តូរទៅកាន់ Man United ពីក្លិប Ajax Amsterdam។ ប៉ុន្តែចាប់តាំងពីខ្សែការពាររូបនេះបានក្លាយជាផ្នែកមួយនៃគម្រោងរបស់លោក Erik ten Hag នៅក្រុមបិសាចក្រហម រូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់តំបន់ការពារ។
 
នៅ World Cup ប្រទេសកាតាខ្សែការពារ Martinez បានបង្ហាញវត្តមានចំនួន ៥លើកឱ្យអាហ្សង់ទីន និង ២ប្រកួតចុងក្រោយរូបគេត្រូវបានផ្លាស់ប្តូរចូលក្នុងម៉ោងបន្ថែម ខណៈដែលក្រុមដឹកនាំដោយប្រធានក្រុម Lionel Messi បាននាំក្រុមឈ្នះពាន​ World Cup លើកទី៣ និងជាលើកដំបូងក្នុងអាជីពរបស់ពួកគេ។
 
ថ្លែងទៅកាន់អ្នកគាំទ្របិសាចក្រហម Man United មុនជំនួបក្នុងពានរង្វាន់ EFL Cup វគ្គ ១៦ក្រុមចុងក្រោយទល់ Burnley ខ្សែបម្រើ McTominay បាននិយាយក្នុងសន្និសីទកាសែតទាក់ទងនិងមិត្តរួមក្រុមឈ្នះ World Cup ថាក្រុមបិសាចក្រហមទទួលបានភាពជឿជាក់ជាថ្មី ក្នុងការប្រជែងពានរដូវកាលនេះ ក្រោយខកខាន៥រដូវកាលចុងក្រោយ។
 
«ភាពជឿជាក់ ជារឿងដ៏សំខាន់បំផុតនៅក្នុងបាល់ទាត់ក៏ដូចជានៅក្លិបបិសាចក្រហម។[…] ខ្ញុំបានផ្ញើសារទៅ Lisandro ដើម្បីអបអររូបគេជាមួយជ័យជម្នះ ដោយនិយាយថា យើងនឹងត្រូវស្វែករកពានរង្វាន់បន្ថែមទៀតនៅក្រុមបិសាចក្រហម។»។ នេះបើតាមសម្តីរបស់ McTominay។
 
គួររំលឹកថាក្រុមបិសាចក្រហមបានប្រកួតយកឈ្នះក្រុម Burnley លទ្ធផល ២-០ នៅក្នុងជំនួបវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ។ ២គ្រាប់រកបានដោយ Christian Eriksen និង Marcus Rashford៕
 

Tag:
 Manchester United
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com