ជាតិ
ម្ចាស់មេដាយមាសរូបវិទ្យា, អក្សរសិល្ប៍ខ្មែរ និងគណិតវិទ្យា សុទ្ធតែជាប់និទ្ទេស A
23, Dec 2022 , 6:29 pm        
រូបភាព
ម្ចាស់មេដាយមាសមុខវិជ្ជារូបវិទ្យា (ខាងឆ្វេង) ម្ចាស់មេដាយមាសមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ (កណ្ដាល) និង​ម្ចាស់មេដាយមាសមុខវិជ្ជាគណិតវិទ្យា (ខាងស្ដាំ)
ម្ចាស់មេដាយមាសមុខវិជ្ជារូបវិទ្យា (ខាងឆ្វេង) ម្ចាស់មេដាយមាសមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ (កណ្ដាល) និង​ម្ចាស់មេដាយមាសមុខវិជ្ជាគណិតវិទ្យា (ខាងស្ដាំ)
ភ្នំពេញ៖ ជ័យ​លាភី​មេដាយមាស​សិស្ស​ពូកែទូទាំង​ប្រទេសលើ​មុខវិជ្ជា​រូបវិទ្យា, អក្សរសិល្ប៍ខ្មែរ និងគណិតវិទ្យា សុទ្ធតែ​ទទួលបាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២១-២០២២។ ក្រៅពី​ម្ចាស់មេដាយមាសខាងលើ ក៏​មាន​សិស្សពូកែទូទាំងប្រទេសមួយចំនួនបាននិទ្ទេស A និងខ្លះទៀត បាននិទ្ទេស B។

 
នៅ​ថ្ងៃទី​២២-២៣ ធ្នូនេះ ជា​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា​២០២១-២០២២។ ឆ្នាំនេះ មាន​សិស្ស​ប្រឡងជាប់ចំនួន ៩០៩៥០នាក់ ត្រូវជា ៧២,៣៣ភាគរយ។ ក្នុង​ចំណោម​សិស្ស​ប្រឡងជាប់​ខាង​លើ ក៏​មាន​វត្ត​មាន​សិស្ស​ពូកែ​ទូទាំង​ប្រទេសផងដែរ។​
 
យុវតី ធីម ស្រីពៅ សិស្ស​ពូកែអក្សរសិល្ប៍ខ្មែរ​ទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ មក​ពី​វិទ្យាល័យ​ព្រៃព្នៅ​ ខេត្ត​ព្រៃវែង បាន​ប្រឡងជាប់​និទ្ទេស A ដោយ​ទទួលបាន A លើ​មុខវិជ្ជាចំនួន៦ និង C លើ​មុខវិជ្ជាភាសា​បរទេស។ 
 

តារាងលទ្ធផលរបស់យុវតី ធីម ស្រីពៅ ម្ចាស់មេដាយមាសអក្សរសិល្ប៍ខ្មែរ
 
ចំណែក​ សិស្ស​ពូកែរូបវិទ្យា​​ទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ យុវជន សេង ហេង មក​ពី​សាលា​អន្តរជាតិ​វេស្ទលែនដ៏ ខេត្ត​កណ្ដាល ក៏​ជាប់និទ្ទេស A ដោយ​ទទួលបាន​ A លើ​​មុខវិជ្ជាចំនួន៦ និង B លើ​មុខវិជ្ជាប្រវត្តិវិទ្យា​។ 
 
ដោយ​ឡែក​ ​យុវជន ឆយ សូរ៉ិជ សិស្ស​ពូកែគណតិវិទ្យា​ទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ មកសាលា​អន្តរជាតិ​ភ្យូឆឺរប្រាយ​ ខេត្ត​សៀមរាប បាន​ប្រឡងជាប់​​និទ្ទេស A ដោយ​ទទួល​បាន​ A លើ​មុខវិជ្ជាចំនួន ៥ និង B លើមុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ និង​ប្រវត្តិវិទ្យា។
 

 
តារាងលទ្ធផលរបស់យុវជន ឆយ សូរ៉ិជ ម្ចាស់មេដាយមាសគណិតវិទ្យា

ក្រៅ​ពី​ម្ចាស់​មេដាយ​មាសខាងលើ ជ័យលាភីសិស្សពូកែផ្សេងទៀតក៏បាន​និទ្ទេស A ផងដែរ។ កញ្ញា​ អេង នីតា សិស្សពូកែ​សិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៣, យុវជន វន វឌ្ឍី សិស្សពូកែ​សិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៥ និង​កញ្ញា មឿន សៀងលី សិស្សពូកែ​សិល្ប៍ខ្មែរទូទាំងប្រទេស ចំណាត់ថ្នាក់លេខ៩ ទទួល​បាន​និទ្ទេស A ដូចគ្នា។
 
រី​ឯ​សិស្ស​ពូកែ​គណិតវិទ្យាវិញ ក៏​ទទួលបាន​និទ្ទេសច្រើនដែរ។ តួយ៉ាង យុវជន​ ឆៃ យិនហ្វុង ជ័យលាភីមេដាយប្រាក់, យុវជន យឹម ច័ន្ទវេហា ជ័យលាភីមេដាយសំរិទ្ធ, យុវជន តែ ប៊ុន​ម៉េង ជាប់លេខ៤, យុវជន សេង ម៉េង​ឈាង ជាប់លេខ៥, យុវជន សុខគា សុធា ជាប់លេខ៦, យុវជន ជៀប ជាមិញ ជាប់លេខ៩ និង​យុវជន ជឿន រដ្ឋនរសីហ៍ ជាប់លេខ១០ សុទ្ធតែបាន​និទ្ទេស A។
 


តារាងលទ្ធផលរបស់យុវជន សេង ហេង ម្ចាស់មេដាយមាស​រូបវិទ្យា
 
ក្រឡេក​មក​មើល​សិស្ស​ពូកែ​រូបវិទ្យា ក៏​មិន​ចាញ់​សិស្សពូកែអក្សរសិល្ប៍ខ្មែរ និង​គណិតវិទ្យា។ យុវជន អ៊ឹង ហុកឆាយ ជ័យលាភីមេដាយប្រាក់, យុវជន យុត វិសាល ជ័យលាភីមេដាយសំរិទ្ធ, យុវជន សឿន សុបញ្ញារៀម ជាប់លេខ៤, យុវជន ស៊ន់ ប្រសើរ ជាប់លេខ៥, យុវជន ចូវ ជីឡុង ជាប់លេខ៦, យុវជន ហេង លីហួរ ជាប់លេខ៧, យុវជន លាភ ស៊ូ ឈុន ជាប់លេខ៩ និង​យុវជន អ៊ុត រតនា ជាប់លេខ១០ ទទួលបាន​និទ្ទេស A ដូចគ្នា។
 
សូមបញ្ជាក់ថា ការ​ប្រឡង​នៅឆ្នាំនេះ ទទួលបាន​សិស្ស​និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧ ២៣២នាក់, និទ្ទេស C ចំនួន ១៩ ០៥៣នាក់, និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និង​និទ្ទេស E ចំនួន ៣២ ៤៥០នាក់៕​
 

Tag:
 អប់រំ
  បាក់ឌុប
  សិស្សពូកែ​ទូទាំងប្រទេស​
© រក្សាសិទ្ធិដោយ thmeythmey.com