ជាតិ
រដ្ឋបាលខេត្ត​មណ្ឌលគិរី នឹង​រៀបចំ​ពិធី​អបអរបុណ្យ​ចូលឆ្នាំ​រយៈពេល​៣ថ្ងៃ
24, Dec 2022 , 7:59 am        
រូបភាព
ទិដ្ឋភាពនាខេត្តមណ្ឌលគិរី។ រូបភាព៖ ញឹក ស្រីល័ក្ខ
ទិដ្ឋភាពនាខេត្តមណ្ឌលគិរី។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​សកល ឆ្នាំ​២០២៣ខាង​មុខ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី នឹង​រៀប​ចំ​ពិធី​អបអរ​សាទរ​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣១ ធ្នូ នា​​បរិវេណ​វិមាន​ឯករាជ្យ​។ នេះបើតាម​លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត​មណ្ឌល​គិរី ថ្លែ​ង​ប្រាប់សារព័ត៌មាន​ Thmey Thmey 25។



ដើម្បី​បង្ក​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ និង​ទាក់ទាញ​ទេសចរណ៍​ឱ្យ​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរីកាន់តែច្រើន​ រដ្ឋបាល​ខេត្ត នឹង​​រៀបចំ​ពិធី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​សកល ២០២៣។ ពិធី​អបអរនេះ នឹង​មាន​កម្មវិធី​ប្រគំតន្រ្តី​, ការ​តាំង​ពិព័រណ៍ និង​ការ​បាញ់​កាំជ្រួច​ ដែល​ធ្វើ​នៅបរិវេណវិមានឯករាជ្យ​។
 
លោក ជាក់​ ម៉េងហ៊ាង អភិបាល​រង​ខេត្ត​មណ្ឌល​គិរី ប្រាប់សារព័ត៌មាន Thmey Thmey 25 តាម​ទូរសព្ទថា ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​សកល​ខាងមុខនេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​រៀប​ចំ​កម្មពិធីកម្សាន្តផ្សេង​ ដើម្បី​ផ្ដល់ភាពសប្បាយរីករាយដល់ពលរដ្ឋ និង​ភ្ញៀវទេសចរ។ បើតាម​អភិបាលរងខេត្តរូបនេះ ចំពោះ​កន្លែង​ស្នាក់នៅវិញ មិន​ចោទជាបញ្ហា​ឡើយ ព្រោះ​បច្ចុប្បន្ន​ខេត្ត​មណ្ឌលគិរី មាន​កន្លែង​ស្នាក់នៅ​ច្រើន​កន្លែង​សម្រាប់ទទួល​ទេសចរ។ 
 
តាម​ការ​សង្កេត​មើល​របស់​លោកអភិបាលរង ក្នុង​រយៈពេល​ចុងក្រោយនេះ ចំនួន​ទេសចរ​ក្នុងខេត្ត​មណ្ឌលគិរី ហាក់​ធ្លាក់ចុះ​។ លោក ជាក់ ម៉េងហ៊ាង បាន​ឱ្យដឹងថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ អាច​ដោយ​សារ​ទេសចរណ៍​សម្រុក​ទៅ​លេង​តំបន់​សមុទ្រ ក្រោយ​ផ្លូវ​ល្បឿន​លឿន​សាងសង់រួចរាល់។ 
 
ទោះ​ជា​យ៉ាង​ណា លោក ជាក់ ម៉េង​ហ៊ាង សង្ឃឹមថា ភ្ញៀវទេសចរ​នឹង​ត្រឡប់​មក​លេងខេត្ត​​ភូមិភាគឦសាននៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល ព្រោះ​អាកាសធាតុ​នា​ចុង​ឆ្នាំនេះ​ចុះ​ត្រជាក់ល្អ។ ខេត្ត​​មណ្ឌលគិរី ជាខេត្តសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងជើងជាប់នឹង ខេត្តរតនគិរី និង​មាន​ចម្ងាយ​៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕​
 

Tag:
 ទេសចរណ៍
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com