ជាតិ
សហគ្រិនស្រ្តីជជែកពីការលក់ផលិតផលក្នុងទីផ្សារឌីជីថល
24, Dec 2022 , 8:59 pm        
រូបភាព
 សហគ្រិនស្រ្តីក្នុងវេទិកាតុមូលស្ដីពីការពង្រឹងទីផ្សារក្នុងស្រុក និងការលើកតម្កើងផលិតផលខ្មែរនៅលើទីផ្សារក្នុងសម័យឌីជីថល នាថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២។
សហគ្រិនស្រ្តីក្នុងវេទិកាតុមូលស្ដីពីការពង្រឹងទីផ្សារក្នុងស្រុក និងការលើកតម្កើងផលិតផលខ្មែរនៅលើទីផ្សារក្នុងសម័យឌីជីថល នាថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២។
សៀមរាប៖ ផលិតផលខ្លះនៅតែជួបបញ្ហាទីផ្សារក្រោយផលិតបាន។ សហគ្រិនស្រ្តីនៅក្នុងខេត្តសៀមរាប បានពិភាក្សាពីការងារនេះ ដោយមានវាគ្មិនសម្រាប់ការចែករំលែកដល់សហគ្រិនស្រ្តីឯទៀត ឱ្យយល់ពីការ ធ្វើទីផ្សារ ពិសេសលើទីផ្សារនាសម័យឌីជីថល។

 
ក្រុមសហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្មចម្រុះក្នុងខេត្តសៀមរាប ប្រមាណ៥០រូប បានជជែកគ្នាក្នុងវេទិកា តុមូលស្ដីពីការពង្រឹងទីផ្សារក្នុងស្រុក និងការលើកតម្កើងផលិតផលខ្មែរ នៅលើទីផ្សារក្នុងសម័យឌីជីថល។ សមាគមសហគ្រិនស្រ្តីកម្ពុជាខេត្តសៀមរាប បានរៀបចំវេទិកានេះឡើងក្រោយមើលឃើញពីបញ្ហាប្រឈម ដែលកំពុងកើតមានសម្រាប់ម្ចាស់អាជីវកម្មមួយចំនួនធំ ពិសេសអាជីវកម្មដែលទើបកកើតថ្មីថ្មោង។ 
 
លោកស្រី ហេង ចរិយា អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាខេត្តសៀមរាប បានលើកឡើងថា ការវិវត្តន៍ទីផ្សារបានកើតឡើងយ៉ាងឆាប់រហ័ស ពិសេសក្នុងសម័យឌីជីថលនេះ។ លោកស្រីបញ្ជាក់ថា កន្លងមកសហគ្រិនស្រ្តីតែងជួបបញ្ហាចំពោះការធ្វើទីផ្សារលើផលិតផលរបស់ពួកគេ ពិសេសលើផលិតផលថ្មីដែលទើបផលិតបាន។ លោកស្រីបន្តថា សហគ្រិនគួរបត់បែនឱ្យលឿន តាមសម័យកាល ដើម្បីប្រាកដថា ផលិតផលពួកគេបានទៅដល់ដៃអតិថិជនគោលដៅ។
 


លោកស្រី ជា សុភាព ប្រធានផ្នែកលក់នៅក្លឹបហាត់ប្រាណអង្គរហ្វីតណេស និងជាវាគ្មិនវេទិកាតុមូល លើកឡើងថា បច្ចុប្បន្ននេះអាជីវកម្មដែលអាចជោគជ័យទៅបាន គឺត្រូវការក្រុមការងារដែលដ៏ខ្លាំងមួយ សម្រាប់ការធ្វើទីផ្សារឌីជីថល ហើយពួកគេត្រូវស្គាល់ពីទីតាំងច្បាស់លាស់សម្រាប់ការធ្វើអាជីវកម្មនោះ ដូចជាបណ្ដាញសង្គមហ្វេសប៊ុកជាដើម។ 
 
ការបង្កើតមាតិកា ចំណងជើងទាក់ទាញ រូបភាព វីដេអូ និងអ្នកអត្ថាធិប្បាយដ៏ល្អ គឺជាចំណុចពិសេស ដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងឡើយ។ លោកស្រី សុភាព ពន្យល់ថា ការងារទាំងនេះត្រូវការគិតគូរ ឱ្យបានហ្មត់ចត់ ដោយមិនចេះតែសរសេរ បង្ហោះ ឬនិយាយឡើយ។
 
លោកស្រី សុភាព ណែនាំឱ្យម្ចាស់អាជីវកម្ម ពិសេសអាជីវកម្មដែលទើបបើកថ្មី ត្រូវស្វែងយល់ពីចំណុចខាងលើនេះ និងរកក្រុមការងារដែលមានជំនាញផ្នែកឌីជីថលឱ្យខ្លាំង ប្រសិនបើខ្លួនឯងមិនសូវជំនាញលើប្រព័ន្ធទាំងនោះ។
 


មន្រ្តីការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្ត លោក ដួង វីរីយ៉ា  បានឱ្យដឹងថា កន្លងមកមន្ទីរតែងធ្វើការជាច្រើន ដើម្បីជួយសហគ្រិនខ្នាតតូចនិងមធ្យម (SME) ដូចជាតាមរយៈ សិក្ខាសាលា និងការតាំងពិព័រណ៍ដើម្បីឱ្យមានការផ្សព្វផ្សាយបន្ថែមទៅលើការប្រើប្រាស់ផលិតផលខ្មែរ។ លោក វីរីយ៉ា បន្តថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតវេបសាយមួយឈ្មោះថា ខេមបូឌាត្រេដ (Cambodiatrade.com) ដែលអនុញ្ញាតឱ្យសហគ្រិនអាច ដាក់លក់ផលិតផលពួកគេ ក្នុងវេបសាយ នោះបាន មានភាពងាយស្រួលក្នុងការទូទាត់ និងដោយឥតគិតថ្លៃ។ 
 
លោក វីរីយ៉ា បន្ថែមថា៖«យើងកំពុងជំរុញបន្ថែមក្នុងការប្រើប្រព័ន្ធនេះ ហើយក្រសួងកំពុងស្វែងរកដៃគូ​ក្នុងការទូទាត់បន្ថែមទៀត ដើម្បីឱ្យប្រព័ន្ធនេះមានអ្នក​ប្រើប្រាស់កាន់តែទូលំទូលាយ និងងាយស្រួល»៕
 

 
 
 

Tag:
 ទីផ្សារឌីជីថល
  សហគ្រិនស្រ្តីខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com