ជាតិ
ខេត្តសៀមរាបរៀបចំកម្មវិធីកម្សាន្តច្រើនយ៉ាង ទាក់ទាញទេសចរនៅដំណាច់ឆ្នាំ២០២២
25, Dec 2022 , 10:59 am        
រូបភាព
ផ្សារទឹក ដែលអាជ្ញាធរខេត្តសៀមរាបរៀបចំនាពេលកន្លងមក។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ផ្សារទឹក ដែលអាជ្ញាធរខេត្តសៀមរាបរៀបចំនាពេលកន្លងមក។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ការតុបតែងលម្អតាមសណ្ឋាគារ និងតំបន់សំខាន់ៗក្នុងក្រុងសៀមរាប បានចាប់ផ្តើមតាំងពី ពាក់កណ្ដាលខែធ្នូ មកម្ល៉េះ។ ក្រៅពីកន្លែងឯកជន រដ្ឋបាលខេត្ត បានរៀចបំភ្លើងលម្អ និងគ្រឿងតែងលម្អតំបន់សំខាន់ៗ តាមទីសាធារណ ដើម្បីស្វាគមន៍នៃពិធីបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។

 
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានឱ្យដឹងថា រដ្ឋបាលខេត្តសហការជាមួយ សសយក ខេត្ត គ្រោងនឹងរៀបចំពិធីមួយចំនួន ក្នុងន័យទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តខេត្តសៀមរាប។ កម្មវិធីទាំងនោះរួមមាន ការតាំងពិព័រណ៍ ជិះទូកតាមដងស្ទឹងសៀមរាប ផ្សារទឹក ការប្រគំតន្រ្តី តន្រ្តីស្គរដៃ។ល។ ពិធីទាំងនោះ រៀបចំនៅបរិវេណសួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្រ្ទីត និងតាម បណ្ដោយស្ទឹងសៀមរាប។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ។
 
តាមមន្រ្តីដដែល ពិធីកម្សាន្តខាងលើនេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី២៥ ធ្នូ រហូតដល់ថ្ងៃទី១ មករា ឆ្នាំ២០២៣ គឺមានរយៈពេល៨ថ្ងៃ។ 
 
ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តលោក លី វណ្ណៈ ស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ កុំដំឡើងថ្លៃបន្ទប់ ស្នាក់ហួសហេតុ កុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ និងដើម្បីស្ថេរភាពវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាបជាដើម។ 
 
ក្រៅពីនេះ ខេត្តសៀមរាប ក៏កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់នៅដើមឆ្នាំ២០២៣ ផងដែរ នោះគឺការប្រារព្ធ ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលផ្អាករយៈពេល៤ឆ្នាំកន្លងមក។ ជាមួយនឹងព្រឹត្តិការណ៍​ដ៏ធំនេះ រដ្ឋបាលខេត្តមានសុទិដ្ឋិនិយមថា នឹងមានទេសចរមកច្រើន​ចូលមកខេត្តសៀមរាប ដូចកំឡុងឆ្នាំមុនៗដែលមានព្រឹត្តិការណ៍នេះ។ យ៉ាងណា លោក លី វណ្ណៈ ពន្យល់ថា រដ្ឋបាលខេត្តកំពុងគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ និងលំហូរចរាចរណ៍កុំឱ្យកកស្ទះជាដើម៕
 

Tag:
 សៀមរាប
  ចូលឆ្នាំសកល២០២២
© រក្សាសិទ្ធិដោយ thmeythmey.com