ជាតិ
ចិន ផ្ដល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិតដល់​ក្រសួង​កសិកម្ម​
27, Dec 2022 , 2:41 pm        
រូបភាព
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង​លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង​លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិត​ចិន បាន​ផ្ដល់​វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិតដល់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្ឃឹមថាវ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។



ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀប​ចំកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិត ដែល​ជា​អំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ ចិន ជូនក្រសួងកសិកម្មកម្ពុជា នៅ​ថ្ងៃទី​២៧ ធ្នូនេះ។ អំណោយ​វ៉ាក់សាំងទាំងនេះ មានវ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺដុំពកលើស្បែកគោក្របីសរុប ៥០ម៉ឺនកម្រិត។
  

រូបភាពពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
នា​ឱកាស​ប្រគល់-ទទួលវ៉ាក់សាំង លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើក​ឡើងថា វិស័យ​ចិញ្ចឹម​សត្វ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល​ លើក​កម្ពស់​ការ​រស់នៅ និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ បើតាម​រដ្ឋមន្រ្តីកសិកម្ម ការ​ចិញ្ចឹម​សត្វ​ពឹង​ផ្អែក​លើ​កត្តា​​ពូជ ចំណី ការ​គ្រប់​គ្រង​​សុខភាព និង​ការ​ជំរុញ​ទីផ្សារ។
 

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក ឌិត ទីណា បន្ថែម​ថា កន្លង​មក​ក្រសួង​កសិកម្ម និង​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ បាន​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​វិស័យនេះ ​មាន​ការ​រីកចម្រើន ប៉ុន្តែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន។ «ជំងឺ​ឆ្លង​សត្វ ជា​ឧបសគ្គ​​ចម្បង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ​ ការ​ផ្គត់​ផ្គង់​សាច់ និង​ផលិត​ផលសត្វ​នៅ​លើ​ទីផ្សារ​។ កន្លង​មក​នៅ​កម្ពុជា មាន​ផ្ទុះ​ និង​ឆ្លង​រាលដាល​នូវ​ជំងឺ​មួយចំនួន ដូចជា អុត​ក្ដាម, ជំងឺ​សារទឹក​គោក្របី, ជំងឺ​ប៉េស្ត​ជ្រូក, ជំងឺ​ផ្ដាសាយ​បក្សី និង​ថ្មីៗនេះ ​ជំងឺ​ដុំ​ពក​លើ​ស្បែកគោ​ក្របី បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កសិករ​នៅតាម​ទីជនបទ។ មួយវិញទៀត​ ​មន្ទីរ​ពិសោធ​ន៍ និង​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​ បានជះ​ឥទ្ធិពលខ្លាំង​ដល់​ការ​អភិវឌ្ឍវិស័យ​ចិញ្ចឹម​សត្វ​»។ នេះ​ជា​ការ​រៀបរាប់​របស់​លោក ឌិត ទីណា។ 
 
ការ​ផ្ដល់​អំណោយនេះ ធ្វើ​ឡើង​បន្ទាប់ពី​កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​សត្វ​ កាលពី​ថ្ងៃទី ៩ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន និងលោក លឺ ខឺឈាំង នាយករដ្ឋមន្ត្រីចិន។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មាន​ប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជាលើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។ 
  

រូបភាពពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បើតាម​ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងមានភាពមមាញឹកខ្លាំង នៅខែមករា។ ជាមួយ​គ្នានេះ ភាគីទាំងពីរ នឹងមាន​ការ​នាំចេញម្រេចទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២ នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជាដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើររបស់កម្ពុជា ដូចជាផលិតផលត្រចៀកកាំ និងដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ។ 
 
 

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបភាពពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ២

តាមរយៈ​ជំនួយ​វ៉ាក់សាំង​ការ​ពារ​ជំងឺ​ឆ្លង​សត្វនេះ លោក វ៉ាង វិនធាន សង្ឃឹមថាវ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។ សូម​បញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ ចិន​​ បានប្រារព្ធធ្វើពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់របស់​កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន៕​



Tag:
 កសិកម្ម
  ជំងឺឆ្លងសត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com