អន្តរជាតិ
នយោបាយអន្តរជាតិ
អ៊ុយក្រែន ចង់បានកិច្ចប្រជុំបញ្ចប់សង្គ្រាម ក្នុងរយៈពេលពីរខែខាងមុខ លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅក្រុងកៀវ។ រូបភាព៖ AP
× ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba បានអះអាងថា រដ្ឋាភិបាលក្រុងកៀវ ចង់បានកិច្ចប្រជុំមួយ ដើម្បីបញ្ចប់សង្គ្រាមក្នុងរយៈពេល ២ខែខាងមុន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននេះ ក៏បានរំពឹងផងដែរថា រុស្ស៊ីទំនងមិនចូលរួមក្នុងកិច្ចប្រជុំនោះឡើយ។
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានAP ដែលចុះផ្សាយក្នុងថ្ងៃទី២៧ ខែធ្នូ បានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែន ចង់បានកិច្ចប្រជុំសន្តិភាពមួយ នៅក្នុងរយៈពេល ពីរខែ ដោយជំនួបដ៏សំខាន់នោះ ត្រូវរៀបចំនៅអង្គការសហប្រជាជាតិ និងមាន លោកអគ្គលេខាធិការ អាន់តូនីញូ ហ្គូតេរ៉េស ជាសន្ធានការី។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោកស្រី Florencia Soto Nino-Martinez នៅថ្ងៃទី២៦ ខែវិច្ឆិកា បានបញ្ជាក់ថា លោកអគ្គលេខាធិការ មានប្រសាសន៍ជាច្រើនដងរួចមកហើយនាពេលកន្លងមក ដោយលោកអាចធ្វើជាសន្ធានការីបាន ប្រសិនបើភាគីនៃជម្លោះទាំងអស់ ចង់បានលោក។ ក្នុងន័យនេះ លោក ហ្គូតេរ៉េស អាចធ្វើជាអ្នកសម្របសម្រួលបាន លុះត្រាតែរុស្ស៊ីគាំទ្រ។
ក្នុងកិច្ចសម្ភាសនៅក្រសួងការបរទេសអ៊ុយក្រែននេះ លោក Kuleba បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងកៀវ នឹងធ្វើគ្រប់យ៉ាង ដើម្បីឈ្នះសង្គ្រាមនៅក្នុងឆ្នាំ២០២៣។ បើតាមលោក Kuleba អ៊ុយក្រែន ចង់មានកិច្ចប្រជុំសន្តិភាពមួយ ត្រឹមដំណាច់ខែកុម្ភៈ។
យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន RIA ថា រុស្ស៊ី នឹងមិនគោរពតាមលក្ខខណ្ឌ ដែលដាក់ដោយប្រទេសណាឡើយ ហើយរុស្ស៊ី ជ្រើសយកលក្ខខណ្ឌ ដែលខ្លួនដាក់ និងសមស្របប៉ុណ្ណោះ។
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន បានឈានដល់ខែទី១០ ហើយ ដោយរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។ ជំនួយពីសំណាក់ប្រទេសលោកខាងលិច រាប់លានដុល្លារ បានបញ្ជូនទៅអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ី៕
Tag:
អ៊ុយក្រែន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com