អន្តរជាតិ
រុស្ស៊ី បាញ់មីស៊ីលជាង១០០គ្រាប់ស្រោចលើទីក្រុងអ៊ុយក្រែន
29, Dec 2022 , 5:39 pm        
រូបភាព
ដោយ:
រុស្ស៊ី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ បាញ់ស្រោចមីស៊ីលជាង១០០គ្រាប់លើទីក្រុងរបស់អ៊ុយក្រែនជាច្រើនដែលរួមទាំងរដ្ឋធានីកៀវ។ បើតាមអភិបាលក្រុង និងតំបន់នានា ការវាយប្រហារតាមអាកាសនេះបណ្តាលឱ្យមនុស្សនៅក្រុងកៀវយ៉ាងតិច៣នាក់រងរបួស ខណៈចរន្តភ្លើង និងការផ្គត់ផ្គង់ទឹកនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់។

 
«ការវាយឆ្មក់តាមអាកាសដ៏ធំ។ មីស៊ីលជាង១០០គ្រាប់ក្នុងរលកជាច្រើន»។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Oleksiy Arestovych បង្ហោះសារបែបនេះនៅថ្ងៃទី២៩ ខែធ្នូ លើបណ្តាញសង្គម Facebook។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters សំឡេងផ្ទុះឮពាសពេញក្រុងកៀវ ក្រុង Zhytomyr និងទីក្រុង Odesa។ នៅតំបន់ Odesa និង Dnipropetrovsk ចរន្តភ្លើងត្រូវបានប្រកាសកាត់ផ្តាច់ដើម្បីបន្ថយការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។ 
 
រដ្ឋាភិបាលក្រុងកៀវបញ្ជាក់ថា មីស៊ីលទាំង១៦គ្រាប់ដែលបាញ់សំដៅរដ្ឋធានីមួយនេះត្រូវបានបាញ់ទម្លាក់ទាំងអស់ តែបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់រងរបួស។ រីឯ អភិបាលតំបន់ Odesa លោក Maksym Marcheno លើកឡើងថា កងកម្លាំងការពារដែនអាកាសក៏បានបាញ់ទម្លាក់មីស៊ីល២១គ្រាប់ដែរដែលសំដៅលើទីក្រុងនៅភាគនិរតីអ៊ុយក្រែន។
 
កន្លងមក ក្រុងមូស្គូម្តងហើយម្តងទៀតបដិសេធថាមិនបានវាយប្រហារសំដៅប្រជាជនស៊ីវិលទេ ប៉ុន្តែក្រុងកៀវអះអាងថា រុស្ស៊ីបាញ់ផ្លោងជាប្រចាំសំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចាប់ពីថាមពល ដល់វេជ្ជសាស្រ្ត។
 
រុស្ស៊ីបាញ់ស្រោចមីស៊ីលជាថ្មីលើអ៊ុយក្រែននេះ បន្ទាប់ពីវិមានក្រេមឡាំងមិនព្រមតាមសំណើរស្តារសន្តិភាពទាំង១០ចំណុចរបស់អ៊ុយក្រែន ដោយទទូចឱ្យក្រុងកៀវទទួលស្គាល់តំបន់ទាំងបួនដែលខ្លួនលេបយកកន្លងមក៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com