កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
Ronaldo មកអាស៊ីមិនមែនដោយសារតម្លៃខ្លួន៧៥លានដុល្លាទេ តែចង់សាងកំណត់ត្រាថ្មី
01, Jan 2023 , 9:20 am        
រូបភាព
Al Nassr បានបង្ហាញរូបអាវ និងការព្រមព្រៀងចូលរួមរបស់ Cristiano Ronaldo រូបពី Twitters Al Nassr
Al Nassr បានបង្ហាញរូបអាវ និងការព្រមព្រៀងចូលរួមរបស់ Cristiano Ronaldo រូបពី Twitters Al Nassr
លោក Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បាននិយាយអំពីការផ្លាស់ប្ដូមកក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ថារូបលោក បានជោគជ័យនៅក្នុងតំបន់អឺរ៉ុបជាច្រើន ហើយនេះ គឺជាពេលវេលា ដែលត្រូវផ្លាស់ប្ដូបទពិសោធ និងសាងកំណត់ត្រាថ្មីនៅក្នុងតំបន់អាស៊ី។ បន្ទាប់ពីក្លិប Al Nassr បានបង្ហោះព័ត៌មាននេះជាផ្លូវការ ខ្សែប្រយុទ្ធរូបនេះត្រូវជឿថា  ទទួលបានតម្លៃខ្លួនខ្ពស់៧៥លានដុល្លាក្នុងមួយរដូវកាល។


 
ក្លិប Al Nassr បានបង្ហាញកាដូឆ្លងឆ្នាំសកល២០២៣ ដល់អ្នកគាំទ្របាល់ទាំងអស់ ដោយបានបង្ហាញជាផ្លូវការពីការយកម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល មកទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ៧៥លានដុល្លា ក្នុងមួយរដូវកាល។ កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ មានរយៈពេល២ឆ្នាំកន្លះ ដោយនឹងចប់នៅអំឡុងឆ្នាំ២០២៥។
 
យោងទៅលើការផ្សាយរបស់ Channel News Asia លោក Cristiano Ronaldo បានបង្ហាញថា មិនមែនព្រោះតែតម្លៃខ្លួនខ្ពស់ទេ ប៉ុន្ដែគឺការសាងកំណត់ត្រាថ្មីនៅលើទឹកដីអាស៊ី ព្រោះរូបលោក ធ្លាប់ឈ្នះពានរង្វាន់ផ្សេងៗ ជាច្រើន ដែលកីឡាករបាល់ទាត់មួយចំនួនមិនមាន ហើយក៏ចង់ចែករំលែកបទពិសោធន៍ទៅកាន់ក្រុមថ្មីរបស់លោកផងដែរ។
 
«ខ្ញុំមានសំណាងណាស់ ដែលខ្ញុំធ្លាប់ឈ្នះអ្វីគ្រប់យ៉ាង។ ខ្ញុំធ្លាប់ដាក់គោលដៅដើម្បីឈ្នះនៅក្នុងទ្វីបអឺរ៉ុប ហើយមានអារម្មណ៍ថា ឥឡូវនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធរបស់ខ្ញុំនៅក្នុងទ្វីបអាស៊ី។ ខ្ញុំ ទន្ទឹងចាំចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយរួមគ្នាជាមួយពួកគេជួយក្លឹបឲ្យទទួលបានជោគជ័យ។»។ Cristiano Ronaldo បាននិយាយដូច្នេះ។
 
ដោយឡែក ក្លិប Al Nassr ដែល Ronaldo មកចូលរួមនោះ ប្រាកដជាក្លិបមួយ ដែលអស្ចារ្យ និងខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ច្បាស់ណាស់ប្រសិនជា ក្លិបដែលមិនខ្លាំង ក៏កីឡាកររូបនេះមិនចូលរួមដែរ ព្រោះតែការស្រែកឃ្លានសាងកំណត់របស់ខ្លួន។ Al Nassr គឺជាជើងឯក ៩សម័យកាល ក្នុង Saudi Pro Premier League។ ការនាំយកម្ចាស់ជើងឯក Ballon d'Or ៥សម័យកាលនេះ គឺរំពឹងថា អាចជួយឲ្យក្លិបឈ្នះ ពានរង្វាន់ AFC Champions League ដែលជាពានកម្រិតទី១ នៅតំបន់អាស៊ី។
 
Cristiano Ronaldo ក្នុងពេលនៅជាមួយក្លិប Manchester United (២០០៣-២០០៩) ធ្លាប់ឈ្នះជើងឯក English Premier League ៣រដូវកាល, FA Cup ១លើក, Football League Cup ២លើក, UEFA Champions League ១លើក និង FIFA Club World Cup ១លើក នាឆ្នាំ២០០៨។ លុះចូលមកចុងឆ្នាំ២០០៩ កីឡាកររូបនេះ បានចុះកុងត្រាជាមួយ Real Madrid (២០០៩-២០១៨) នៅប្រទេសអេស្ប៉ាញ។ Ronaldo បានជួយឲ្យក្លិបអេស្ប៉ាញមួយនេះ ឈ្នះ La Liga ២សម័យកាល, Copa Del Rey ២លើក, Surpercopa De Espana ២លើក, UEFA Champions League ៤សម័យកាលជាប់គ្នា UEFA Super Cup ៣លើក និង FIFA Club World Cup ៣លើក។ ក្រៅពីក្លិបយក្សទាំងពីរនៅ អឺរ៉ុបនេះទៅ កីឡាកររូបនេះ ក៏បានធ្លាប់ជួយឲ្យក្លិប Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជោគជ័យផងដែរ។ 
 
ក្រៅពីពានរង្វាន់សម្រាប់ក្រុម Ronaldo បានជ័យលាភីឯកត្តជន មួយចំនួនដូចជា Ballon d'Or ៥សម័យកាល, FIFA World Players of the Year, The Best Men Player, ស្បែកជើងមាសទ្វីបអឺរ៉ុប ៤សម័យ, កីឡាករល្អប្រចាំ Laliga ១សម័យ ហើយក៏មានជ័យលាភីផ្សេងទៀតផងដែរ៕
 

Tag:
 Cristiano Ronaldo
  បាល់ទាត់
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com