អន្តរជាតិ
លោកហ្សេលេនស្គីថា រថយន្តប្រយុទ្ធ Bradley ជាអាវុធដែលខ្លួនត្រូវការ
07, Jan 2023 , 12:59 pm        
រូបភាព
លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព AFP
 លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី៦ ខែមករា បានអរគុណអាម៉េរិក ដែលផ្តល់ជំនួយរថយន្តប្រយុទ្ធ  Bradley ឱ្យខ្លួន ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ រថយន្តប្រយុទ្ធ  Bradley ជាអាវុធដែលខ្លួនត្រូវការ។

 
អាល្លឺម៉ង់ និងអាម៉េរិកបានសន្យាផ្តល់ជំនួយយោធាបន្ថែមទៀត ទៅក្រុងកៀវ ដើម្បីប្រឆាំងនឹងរុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីអាម៉េរិក និងអធិការបតីអាល្លឺម៉ង់ ថាខ្លួនអាចបញ្ជូនរថយន្តពាសដែក  Bradley Infantry Fighting Vehicles ទៅអ៊ុយក្រែន។
 
ជាការឆ្លើយតប លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអរគុណអាម៉េរិកដែលផ្តល់ជំនួយរថយន្តនោះ ​​និងចាត់ទុកទស្សនកិច្ចរបស់ខ្លួននៅអាម៉េរិក ក្នុងខែមុន បានផ្តល់ផលដ៏ល្អ។ ជំនួយរថយន្តនេះ ជាផ្នែកមួយនៃកញ្ចប់ថវិកាយោធា ៣ពាន់លានដុល្លាររបស់អាម៉េរិក សម្រាប់អ៊ុយក្រែន។ 
 
«ជាលើកដំបូង យើងបានទទួលរថយន្តពាសដែក Bradley ដែលជាអ្វីយើងត្រូវការ»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា មកទល់ពេលនេះ អ៊ុយក្រែន មានអាវុធជាច្រើនដូចជាប្រព័ន្ធការពារអាកាស រថយន្តពាសដែក រថក្រោះរបស់ប្រទេសលោកខាងលិច រួមមទាំងអាវុធជាច្រើនទៀត។ 
 
ត្រង់ចំណុចនេះ លោក​ ហ្សេលេនស្គី ទំនងចង់មានន័យថា អាវុធដែលជាជំនួយពីប្រទេសដទៃនោះ អាចជួយឱ្យអ៊ុយក្រែនមានទំនុកចិត្តបន្ថែមទៀត ក្នុងការប្រឆាំង និងវាយបកលើរុស្ស៊ី៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com