សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ចូ​ បៃឌិន មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាម៉េរិកនៅឆ្នាំ ២០២៣
07, Jan 2023 , 7:29 pm        
រូបភាព
លោក ចូ បៃឌិន ។ រូបថត ៖ AP
លោក ចូ បៃឌិន ។ រូបថត ៖ AP
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានអះអាងថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនឹងជំរុញសេដ្ឋកិច្ចអាម៉េរិក។


កាលពីថ្ងៃទី ០៥ ខែមករា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានបញ្ជាក់ថា ៖« សេដ្ឋកិច្ចអាម៉េរិកកំពុងមើលឃើញនូវពន្លឺ បន្ទាប់ពីឆ្លងកាត់នូវបណ្តាឆ្នាំដ៏លំបាក ហើយសេដ្ឋកិច្ចអាម៉េរិកកំពុងឆ្ពោះទៅរកស្ថានភាពថ្មីមួយដែលមានកំណើនយឺត ប៉ុន្តែមានស្ថិរភាព»។
ទោះបីជាអ្នកវិនិយោគ និងអ្នកសេដ្ឋកិច្ច និងអ្នកដឹកនាំធុរកិច្ចជាច្រើនបានព្រមានកាលពីពេលថ្មីៗនេះអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិកនៅឆ្នាំ ២០២៣ក៏ដោយ ក៏រដ្ឋបាលលោក បៃឌិន នៅតែចាត់ទុកថារឿងនេះមិនទំនងកើតឡើង ដោយសារផ្នែកខ្លះនៃផែនការចំណាយរបស់សហព័ន្ធ។
ថ្លែងទៅកាន់សមាជិកនៃគណៈរដ្ឋមន្ត្រីអាម៉េរិកលោក បៃឌិន បាននិយាយថា ការវិនិយោគសាធារណៈ និងឯកជនចំនួន ៣,៥ពាន់លានដុល្លារក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនឹងជំរុញសេដ្ឋកិច្ចអាម៉េរិក និងពង្រឹងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអាម៉េរិកជាមួយនឹងក្រុមហ៊ុន និងបុគ្គលិកអាម៉េរិក។
លោក ចូ បៃឌិន បានកត់សម្គាល់ឃើញថា អាម៉េរិកគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលចេញពីវិបត្តិដោយទទួលបានលទ្ធផលល្អប្រសើរជាងមុនវិបត្តិ ហើយបានលើកឡើងពីទិន្នន័យថ្មីៗបង្ហាញពីស្ថានភាពអតិផរណាធ្លាក់ចុះមកវិញបន្តិច កំណើនសេដ្ឋកិច្ចមានភាពរឹងមាំ និងទីផ្សារការងារមានភាពប្រសើរឡើង។
បើតាមការព្យាកររបស់សាខាធនាគារកណ្តាលអាម៉េរិកអាត្លង់តា (FED) សេដ្ឋកិច្ចអាម៉េរិកកើនឡើង ៣,៨ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ខណៈដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នឹងកើនឡើង ០,១ភាគរយក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
មិនត្រឹមតែលោក បៃឌិន នោះទេដែលមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាម៉េរិក កាលពីថ្ងៃទី ១ខែមករា ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី  Kristalina Georgieva បានលើកឡើងថា ៖« អាម៉េរិកអាចជៀសផុតពីសេណារីយ៉ូនៃវិបត្តិសេដ្ឋកិច្ចពេញលេញ ដែលអាចនាំឱ្យប៉ះពាល់ដល់មួយភាគបីនៃសេដ្ឋកិច្ចពិភពលោក» ៕
 

Tag:
 អាម៉េរិក ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com