ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ហិង្សាក្នុងគ្រួសារក្នុងឃុំក្បាលត្រាច កើតឡើងតិចតួចប៉ុណ្ណោះ​​ក្នុងឆ្នាំ២០២២
07, Jan 2023 , 9:59 pm        
រូបភាព
លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។
លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។
ដោយ៖ ដៀប ចាន់លីកា(យុវជនឃុំក្បាលត្រាច)
ស្រុកក្រគរ,ពោធិ៍សាត់៖ អំពើហិង្សាក្នុងគ្រួសារ នៅឃុំក្បាលត្រាច បានកើតឡើងតែ​ ២ឬ៣ករណីប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២២កន្លងទៅ ដែលមានការធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំមុន​ៗ​។ បើតាម លោក ម៉ៅ រដ្ឋា នាយប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ករណីទាំងនេះ មិនបានបង្ករបួសស្នាមធ្ងន់ធ្ងរនោះឡើយ​ហើយមូលហេតុគឺដោយសារការប្រច័ណ្ឌ , ស្រវឹង ប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងជាដើម។ «ការបង្កជាអំពើហិង្សាក្នុងគ្រួសារទី១ប្រចណ្ឌ ទី២ស្រវឹង​ ទី៣ប្រើប្រាស់គ្រឿងញៀន និងទី៤គឺ​(លេង)ល្បែង»។ លោក ម៉ៅ រដ្ឋា លើកឡើងដូច្នេះ។
 
ដ្បិតតែករណីហិង្សាក្នុងគ្រួសារកើតមានតិចតួច ហើយអ្នកប្រព្រឹត្តត្រូវបាន​សមត្ថកិច្ច​អប់រំក៏ដោយ ​តែក្នុងនាមជាអាជ្ញាធរ លោក ម៉ៅ រដ្ឋា មិនសូវសប្បាយចិត្តប៉ុន្មានឡើ​យ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ សហគមន៍ ពិសេសដល់សតិអារម្មណ៍កូនៗរបស់ពួកគេ។

យ៉ាងណាក៏ដោយអាជ្ញាធរឃុំក្បាលត្រាច នឹងខិតខំប្រឹងប្រែងបន្ថែម ដើម្បីលុបបំបាត់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ តាមរយៈការចុះអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការ​តាមផ្លូវច្បាប់លើអ្នកប្រព្រឹត្ត បើករណីហិង្សានោះធ្ងន់ធ្ងរ ឬជនរងគ្រោះដាក់ពាក្យបណ្តឹង។ នេះជាការលើកឡើងរបស់លោក ម៉ៅ រដ្ឋា ដោយលោកបានស្នើឱ្យ​ពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការរាយការណ៍ករណីអំពើហិង្សាដែលកើតឡើងក្នុងមូលដ្ឋានខ្លួន។ ទន្ទឹមនឹងនេះ នាយប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ក៏ស្នើឱ្យគ្រួសារនីមួយៗចេះយោគយល់អធ្យាស្រ័យគ្នានឹងគ្នា កុំ​យកកំហឹងមកដោះស្រាយបញ្ហា ពិសេសកុំ​សេពគ្រឿងស្រវឹង, ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង ដើម្បីឱ្យឃុំក្បាលត្រាច ក្លាយជាភូមិ-ឃុំ មានសុ​វត្ថិភាព៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ហិង្សាក្នុងគ្រួសារ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com