អន្តរជាតិ
ត្រីធូណា ទម្ងន់​២១២គីឡូក្រាមមួយក្បាលនៅជប៉ុនលក់បានតម្លៃជាង​២៧ម៉ឺន​ដុល្លារ
08, Jan 2023 , 9:29 am        
រូបភាព
ដោយ៖ ធីតា 
 ត្រីធូណា (Bluefin tuna) មួយក្បាលដែលមាន​ទម្ងន់២១២គីឡូក្រាម បាន​លក់ដាច់ក្នុងតម្លៃ​ជាង​២៧ម៉ឺន​ដុល្លារអាម៉េរិក ក្នុងពិធី​ដេញ​ថ្លៃមួយ នៅ​ផ្សារត្រី Toyosu ក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីអំឡុងពេល​នៃពិធី​ឆ្លង​ឆ្នាំកន្លងមក។

 
 ប្រភេទត្រីធូណាដែលមានព្រុយពណ៌ខៀវនេះ មាន​ឈ្មោះ​ជាទូទៅ​ថា ត្រី Oma Tuna ដោយ​សារ​វាត្រូវបាននេសាទបាននៅ​តំបន់សមុទ្រក្រុង Oma។ ដូចជាឆ្នាំកន្លងមកផងដែរ ក្រុមហ៊ុនភោជនីយដ្ឋានស៊ូស៊ី Onadera Group រួមជាក្រុមហ៊ុន Yamayuki បាន​ឈ្នះ​ក្នុងការ​ដេញថ្លៃ។
 
 យោងតាមការផ្សាយ​របស់ The Japan Times ការលក់បាន​តម្លៃ​ជាង​២៧ម៉ឺន​ដុល្លារ គឺ​ជាតម្លៃ​ខ្ពស់​បំផុត​លំដាប់ទី៦ បើគិត​ចាប់តាំងពី​ការ​ចាប់ផ្តើម​អស់រយៈពេលជាង​២០​ឆ្នាំកន្លងមក។ ម្យ៉ាងទៀត នេះក៏ជាតម្លៃខ្ពស់​លើកដំបូង​ផងដែរ ក្រោយការធ្លាក់​ចុះ​៣ឆ្នាំកន្លងមក ដោយសារកូវីដ-១៩។
  
Sushi Ginza Onedera ក៏បែងចែក​សាច់ត្រី Oma Tuna ទៅបណ្តា​ភោជនីយដ្ឋានដែល​ជាដៃគូ​ទូទាំងពិភពលោក ក្នុងនោះ​មាននៅក្រុងញូវយ៉ក និងឡូសអែនជឺឡែស សហរដ្ឋអាម៉េរិក ផងដែរ។ លោក Akifumi Sakagami ដែលជាមេចុងភៅ បានអះអាងថា៖ «អ្នក​ដែល​បានញ៉ាំត្រីនេះ ច្បាស់ជារីករាយក្នុងអារម្មណ៍ជាមិនខាន»។
 
គេហទំព័រ MarketWatch បាន​បញ្ជាក់ថា នៅញូកយ៉ក តម្លៃ​អាហារត្រីធូណាប្រភេទនេះ សម្រាប់ម្ហូបមួយមុខ មានតម្លៃ​យ៉ាងតិចបំផុត ១៣០​ដុល្លារចំពោះអាហារថ្ងៃត្រង់ និង​ចាប់ពី​៤៥០ដុល្លារចំពោះអាហារពេល​ល្ងាច។
 
តម្លៃដែលខ្ពស់​បំផុតជាកំណត់ត្រាកន្លងមក គឺ​ជិត ២,៨៥លាន​ដុល្លារដុល្លារ នា​ការ​ដេញថ្លៃមួយ កាលពី​ឆ្នាំ២០១៩ មុន​ការផ្ទុះកូវីដ-១៩៕
 

Tag:
 ត្រីធូណា
© រក្សាសិទ្ធិដោយ thmeythmey.com