អន្តរជាតិ
វៀតណាម​ដកតំណែង​ឧបនាយករដ្ឋមន្ត្រី​ពីររូប​​ទំនងដោយសារប្រព្រឹត្តអំពើពុករលួយ
08, Jan 2023 , 11:29 am        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្តីវៀតណាម លោក`Nguyen Phu Trong។ រូបភាព AFP
អគ្គលេខាធិការបក្សកុម្មុយនីស្តីវៀតណាម លោក`Nguyen Phu Trong។ រូបភាព AFP
រដ្ឋសភាវៀតណាមនាពេលថ្មីៗនេះ បានបោះឆ្នោត​ដកតំណែង​ឧបនាយករដ្ឋមន្ត្រី​ពីររូបពីរតំណែង​ ដែលអ្នកវិភាគជឿមួយចំនួនបានជឿថាជាការកើនឡើងថ្មីមួយនៅក្នុងការបង្ក្រាបប្រឆាំងអំពើពុករលួយប្រទេស​។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ៥ ខែមករា។

ឧបនាយករដ្ឋមន្ត្រី​ពីររូបគឺលោក Pham Binh Minh ដែលជាអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម និង Vu Duc Dam ត្រូវបានរដ្ឋសភាវៀតណាម​ដកចេញពីតំណែង​ ដោយមិនបានពន្យល់ពីការសម្រេចចិត្តរបស់សភាក្នុងការដកតំណែងនេះ។ ប៉ុន្តែការដកតំណែង​បានកើតឡើង ខណៈពេលដែលវៀតណាម​​ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្ត កំពុងពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​។ 
ក្រៅតែពីការដកតំណែងនេះ សភាវៀតណាមក៏បានផ្តល់សច្ចាប័នលើការតែងតាំងរដ្ឋមន្ត្រីបរិស្ថាន លោក Tran Hong Ha និងប្រធានបក្សទីក្រុង Haiphong លោក Tran Luu Quang ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីថ្មីជំនួសឧបនាយករដ្ឋមន្ត្រីដែលបានដកតំណែងផងដែរ។ 
លោក Pham Binh Minh និង Vu Duc Dam មិនបានផ្ដល់អត្ថាធិប្បាយអ្វីឡើយចំពោះបញ្ហានេះ ខណៈលោកទាំងពីរក៏មិនត្រូវបាន​ចាប់​ខ្លួន ឬ​រងការចោទ​ប្រកាន់អ្វីមួយឡើយ។ យ៉ាងណាមិញ ប្រសិនបើការ​ដកតំណែង​របស់មន្ត្រីទាំងពីរនេះទាក់ទងនឹងការប្រឆាំងអំពើពុករលួយមែន លោក Pham Binh Minh និង Vu Duc Dam​ នឹងក្លាយជាមន្ត្រីដែលមានឋានៈខ្ពស់បំផុតដែលត្រូវបានដកហូតតំណែងក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ។ 
គួរបញ្ជាក់ថា កន្លងមកក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ វៀតណាមធ្លាប់បាន​ចាប់​ខ្លួន​រដ្ឋមន្ត្រី​សុខាភិបាល​ម្នាក់​រួច​ទៅ​ហើយ ព្រម​ទាំង​មន្ត្រី​កំពូល និង​មន្ត្រី​ការទូត​ផ្សេង​ទៀត។ ក្រៅតែពីមន្រ្តី អ្នក​ជំនួញ​ល្បី​ៗមួយចំនួនក៏ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរទាក់ទងនឹងបញ្ហាពុករលួយនេះ។ 
លោក Pham Binh Minh ដែលមានអាយុ ៦៣ ឆ្នាំ បានបម្រើការជារដ្ឋមន្ត្រីការបរទេសរបស់វៀតណាមនៅឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០២១ និងជាឧបនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ ២០១៣ មក។ ចំណែកលោក Vu Duc Dam​ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៣ ខណៈលោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយលើការខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេសប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ 
បើតាមអ្នកវិភាគមួយចំនួន ការដកតំណែងរបស់ឧបនាយករដ្ឋមន្ត្រីទាំងពីរនេះអាចជាប់ទាក់ទងនឹងរឿងអាស្រូវ​ដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសរឿងអាស្រូវស៊ីសំណូកដែលទាក់ទងនឹងការហោះហើរចូលវៀតណាមក្នុងអំឡុងពេលបិទខ្ទប់ និង ការទិញឧបករណ៍ធ្វើតេស្តកូវីដ-១៩។ 
លើសពីនេះ បក្សកុម្មុយនិស្តវៀតណាមកាលពីចុងខែធ្នូបានដកលោក Pham Binh Minh ចេញពីការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ហើយបន្ទាប់មកបានដកទាំងលោក Pham Binh Minh និង Vu Duc Dam ចេញពីគណៈកម្មាធិការមជ្ឈិមបក្ស៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com