ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ក្នុងឆ្នាំ២០២២ មានករណីប៉ុនប៉ងរំលោភកុមារី​ កើតឡើងក្នុងឃុំក្បាលត្រាច ​
09, Jan 2023 , 8:59 am        
រូបភាព
លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដោយ៖ ឡាយ ណាគ្រី(យុវជនឃុំក្បាលត្រាច)

ស្រុកក្រគរ, ពោធិ៍សាត់៖ ពេញមួយឆ្នាំក្នុងឆ្នាំ២០២២នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ មានករណីរំ​លោភបំពានផ្លូវភេទលើកុមារីម្នាក់ តែមិនបានសម្រេច​។
ជនបង្កស្ថិតក្នុងស្ថានភាពស្រវឹង ពេលប៉ុនប៉ងប្រព្រឹត្តអំពើល្មើសនេះ។ លោក ម៉ៅ រដ្ឋាមេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច បញ្ជាក់ដូច្នេះ រួចបន្តថា ជនល្មើសត្រូវបានសមត្ថកិច្ចបានចាប់​ខ្លួន
និងត្រូវ​ផ្ដន្ទាទោសតាមច្បាប់។

 
បើតាម​ លោក ម៉ៅ រដ្ឋា ការប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹង គឺជាដើមហេតុ ដែលបង្កទៅជាការរំលោភបំពានផ្លូវភេទនេះ។ យ៉ាងណាក៏ដោយ នៅក្នុងរយៈពេល៣ឆ្នាំមកនេះ
ដែលលោកកាន់តំណែងជាមេប៉ុស្ដិ៍ ​មានករណីប៉ុនប៉ងរំលោភបំពានផ្លូវភេទមួយករណីប៉ុណ្ណោះ បានកើតឡើងនៅក្នុងឃុំក្បាលត្រាច។ មូលហេតុនៃការធ្លាក់ចុះ ត្រូវបាន មេប៉ុស្ដិ៍រូបនេះ
ពន្យល់ថាដោយសារតែការចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង លើការការពារក្មេងស្រី ​និងស្ត្រី និងផ្លូវច្បាប់ជាដើមពីសំណាក់អាជ្ញាធរ។ ​លោក ម៉ៅ រដ្ឋា បន្ថែមថា៖ «នៅពេលយើងប្រឹងធ្វើ (បង្ក្រាប)បទល្មើសគ្រឿងញៀនទៅ បទល្មើស(រំលោភ)ក៏ថយ។ ហើយយើងបញ្ជ្រាបការងារផ្សព្វផ្សាយ»។ 
 
ថ្វីបើ បច្ចុប្បន្នករណីរំលោភបំពាននេះធ្លាក់ចុះក៏ដោយ ប៉ុន្តែបញ្ហានេះ នៅតែជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច រួមទាំងពលរដ្ឋដែលរស់នៅក្នុងឃុំក្បាលត្រាចនេះដដែល ពិសេសស្ត្រី និងកុមារី។
 
ដើម្បីបញ្ចប់បញ្ហានេះកុំឱ្យកើតមានទៀត លោកមេប៉ុស្ដិ៍ ម៉ៅ រដ្ឋា បានរៀបចំផែនការចុះផ្សព្វផ្សាយបន្តដល់ពលរដ្ឋ ព្រមទាំងបង្កើនសកម្មភាពតាមដាន និងបង្ក្រាបមុខសញ្ញាសង្ស័យ​។ ជាមួយគ្នានេះ លោក​ មេប៉ុស្ដិ៍ឃុំក្បាលត្រាច ក៏ទទូចឱ្យពលរដ្ឋ ជាពិសេសអាណាព្យាបាលដែលមានកូនស្រី ឱ្យបន្ថែមការយកចិត្តទុកដាក់ខ្ពស់ចំពោះកូន។ ប្រសិនបើមានករណីសង្ស័យ ត្រូវរាយការណ៍ដល់សមត្ថកិច្ច​ជាបន្ទាន់។ នេះជាការអំពាវនាវរបស់លោក ម៉ៅ រដ្ឋា ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  រំលោភផ្លូវភេទ
  ​ស្ត្រី និងកុមារី
© រក្សាសិទ្ធិដោយ thmeythmey.com