ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋទៅទទួលសេវាសុខភាព មណ្ឌលសុខភាពស្រយ៉ូវ ថយចុះក្នុងឆ្នាំ២០២២ ​
14, Jan 2023 , 9:29 am        
រូបភាព
ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)

ក្រុងស្ទឹងសែន, កំពង់ធំ៖ នៅក្នុងឆ្នាំ២០២២ ពលរដ្ឋ ដែល​បានទៅទទួលសេវាពិនិត្យ និងថែទាំសុខភាព នៅមណ្ឌលសុខភាពស្រយ៉ូវ មានការថយចុះ បើធៀបឆ្នាំ២០២១។ តាមការប៉ាន់ប្រមាណរបស់អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ​ ការថយចុះនេះ ដោយសារតែការរស់នៅរបស់ពលរដ្ឋមានអនាម័យល្អជាងមុន ហើយពលរដ្ឋមួយចំនួន បានទៅទទួលសេវាពីពេទ្យឯកជន ដែលនៅជិតផ្ទះរបស់ពួកគេ។

 
បើតាម ​ប្រធានមណ្ឌលរូបនេះ ​ កាលពីមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ មានអ្នកជំងឺទៅរកសេវាសុខភាពពី ៤០០ទៅ៦០០នាក់ ក្នុងមួយខែ តែបន្ទាប់ពីវិបត្តិ​កូវីដ-១៩ ​អ្នកទទួលសេវាថយចុះនៅចន្លោះពី ៤៥០ ទៅ ៥០០នាក់ប៉ុណ្ណោះ។ អ្នកគ្រូពេទ្យ សនិកា ពន្យល់បន្ថែមពីមូលហេតុនៃការថយចុះនេះដូច្នេះថា ៖ «ដោយសារថ្នាំនៅមណ្ឌលសុខភាព មានជាលក្ខណៈសង្រ្គោះបឋម និងព្យាបាលទូទៅ ទើបពួកគាត់ទៅរកសេវាឯកជនក្បែរផ្ទះ ព្រោះនៅជិតផ្ទះ ឆាប់បាន និងងាយស្រួល»។


   អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។
 
នៅមណ្ឌលសុខភាពស្រយ៉ូវ អ្នកដែលទៅទទួលសេវាច្រើនជាងគេគឺ ជំងឺផ្ដាសាយ គ្រុនពោះវៀន ក្រពះ របេង លើសសម្ពោធឈាម និងជំងឺទឹកនោមផ្អែមជាដើម។ អ្នកគ្រូពេទ្យ សនិកា លើកឡើងបែបនេះ ហើយបន្ថែមថា មណ្ឌលសុខភាពស្រយ៉ូវ គឺផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋទាំងអស់ មិនមែនផ្ដល់ឱ្យតែពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវនោះទេ សង្កាត់ផ្សេង និងអ្នកដំណើរមកពីចម្ងាយ គឺផ្ដល់សេវាជូនទាំងអស់។ 
 
ជាមួយគ្នានេះ អ្នកគ្រូពេទ្យសនិកា បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យទៅទទួលសេវានៅមណ្ឌលសុខភាពឱ្យបានគ្រប់ៗគ្នា គឺមិនថា ពេលយប់ ឬថ្ងៃ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ មានគ្រូពេទ្យប្រចាំការជារៀងរាល់ថ្ងៃ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 មណ្ឌលសុខភាពស្រយ៉ូវ
  ​សុខភាព
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com