កីឡាជាតិ
ជាតិ
លីក២០១៤៖ ថ្ងៃ​នេះ​គ្រូ​​ត្រកូល​ប្រាក់​ប៉ះ​គ្នា ខណៈ​​ស្វាយ​រៀង រាំង​ដំណើរ​ទៅ​មុខ​របស់​ត្រាយ​អាស៊ី
15, Feb 2014 , 10:08 am        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹក​ណាហ្គា និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹក​ណាហ្គា និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹក​ណាហ្គា និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹក​ណាហ្គា និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
ដោយ:
ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេមបូ​ឌាន​លីក ២០១៤ (MCL 2014) នៅ​ថ្ងៃ​សៅរី៍ ទី ១៥ កុម្ភៈ នេះ​មាន​ចំនួន ៤ ប្រកួត​ស្រប​ពេល​ក្រុម​​ណាហ្គាខប ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក​ឆ្នាំ ២០១២ ចម្ការ​កៅស៊ូបឹងកេត នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ជើង​ឯក​ឆ្នាំ​ចាស់​ក្រុម​​ស្វាយរៀង ត្រូវ​ទប់ដំណើរ​ទៅ​មុខ​របស់​ក្រុម​ត្រាយអាស៊ី នៅ​ស្ដាត​ចាស់។



ស្ដាត​ចាស់៖ ស្វាយ​រៀង ​ប្រជែង​ជាមួយ​ត្រាយ​អាស៊ី ខណៈ​​អាស៊ី​អឺរ៉ុប និង ទ័ព ដណ្ដើម​រក​៣​ពិន្ទុ

ក្រុម​ខេត្ត​ស្វាយរៀង​​ទើប​នឹង​ប្រកួត​បាន ២ ប្រកួត​មាន ៤ ពិន្ទុ​ក្នុង​ដៃ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កំពូល​តារាង​បណ្ដោះអាសន្ន​​ត្រាយអាស៊ី នៅ​វេលា​ម៉ោង ១:៣០ នាទី​រសៀល នៅ​​កីឡដ្ឋាន​ស្ដាត​ចាស់។ ក្រុម​ទាំង ២ សុទ្ធ​តែ​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា ដើម្បី​បង្ហាញ​អ្នក​គាំទ្រ​ថា​ខ្លួន​ពិត​ជា​ខ្លាំង​មែន។

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ខេត្ត​ស្វាយរៀង ត្រូវ​ដឹកនាំ​ក្រុម​​ឱ្យ​ធ្វើ​បាន​ល្អ​ដើម្បី​ការពារ​ដំណែង​ជើង​ឯក​ផង និង ត្រៀម​ខ្លួននាំ​មុខមាត់​កម្ពុជា​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់​លំដាប់​ទី៣​របស់​ទ្វីប​អាស៊ី AFC President's Cup 2014 ផង។ ស្វាយរៀង ២ ប្រកួត​រក​បាន ៦ គ្រាប់ និង របូត​គ្រាប់​បាល់ ២ គ្រាប់ មាន ៤ ពិន្ទុ។ ចំពោះ​កីឡាករ​លេច​ធ្លោរ​នៅ​ដើម​រដូវកាល​នេះ​មាន ណុប តុលា និង លី ​សារ័ត្ន ព្រោះ​គេ​ទាំង ២ បាន​រក​គ្រាប់​បាល់ ២ គ្រាប់​ម្នាក់​ឱ្យ​ក្រុម ខណៈ​​ខ្សែ​បម្រើ ប្រា​ក់ មុន្នីឧត្តម នៅ​តែ​លេង​ល្អ។

ចំណែក​​ក្រុម​ត្រាយ​អាស៊ី ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Daisuke Yoshioka កំពុង​តែ​ជួប​វិបត្តិ​ផ្ទៃ​ក្នុង​​មួយ​ចំនួន​ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​មុន​ពេល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែរ​បើក​ការ​ប្រកួត។ ៣ ប្រកួត​ត្រាយអាស៊ី ឈ្នះ ២ ស្មើ ១ ទាត់​បញ្ជូលទី​ដៃ​គូ​​​ប្រកួត​រហូត​ដល់ ១១ គ្រាប់ មាន ៧ ពិន្ទុ។ ខ្សែ​ប្រយុទ្ធ​សំខាន់ៗ​ដែល​មិន​ត្រូវ​មើល​រំលង​គឺ គួច ដានី, សុខ ចាន់រស្មី, Nwakuna Friday ស្រប​ពេល​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​ពាន​រង្វាន់ Hun Sen Cup 2009 នឹង​បន្ត​ធ្វើ​ជា Super Save។

កីឡដ្ឋាន​ជាមួយ​គ្នា​នេះ​ដែរ ក្រុម សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប និង ក្រសួងការពារ​ជាតិ​ត្រូវ​ប្រជែង​គ្នា​​រក​ជ័យជម្នះ​ដំបូង​ឱ្យ​ក្រុម​នៅ​រដូវកាល​នេះ វេលា​ម៉ោង ៣:៤៥ នាទី រសៀល។ ក្រុម​ទាំងពីរ​សុទ្ធ​តែមិនមាន​កម្លាំង​បរទេសឡើយ។

ពហុ​កីឡដ្ឋាន​ជាតិ​៖ ណាហ្គា ប៉ះ បឹងកេត ម៉ោង ៣ រសៀល វេស្ទើន ប៉ះ គីរីវង់ ម៉ោង ៦ ល្ងាច
មនោសញ្ជេតនា​របស់​បងប្អូន​ត្រកូល​ប្រាក់ ២ នាក់​គឺ​លោក ប្រាក់ សុវណ្ណារ៉ា (ណាហ្គាខប) និង លោក​ ប្រាក់ វុទ្ធី (បឹងកេត) ​ដែល​ជា​គ្រូ​បង្វឹក​​របស់​​ក្លិប​ខ្លាំង​២ ត្រូវ​ទុក​មួយ​ឡែក​សិន​ដើម្បី​សិទ្ធិផល​ក្រុម ក្រោម​ក្រសែក​ភ្នែក​មហាជន​ទស្សនា​ផ្ទាល់​​នៅ​ទីលាន​ប្រកួត និង ទស្សនា​តាម​ទូរទស្សន៍ BTV។

បើ​ទោះ​ជា​ណាហ្គាខប ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ បណ្ដោះអាសន្ន​មាន​ពិន្ទ ៧ ពិន្ទុ ដោយ​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​​ចំនួន ៨ គ្រាប់ និង មិន​ទាន់​របូត​គ្រាប់​បាល់​ទាល់​តែ​សោះ។ ក្រុម​គ្រោះ​ថ្នាក់​មួយ​នេះ​កំពុង​តែ​ឡើង​ជើង ព្រោះ​មាន​កម្លាំង​បរទេស ដ៏​ប្រសិទ្ធ​ភាព​​រហូត​ដល់​ទៅ​៥ នាក់ ចំ​ពេល​កីឡាករ​ជើង​ចាស់ ស៊ុន សុវណ្ណរិទ្ធី រក​គ្រាប់​បាល់​បាន ៣ គ្រាប់​ម្នាក់​ឯង។

ចំណែក​ចម្ការកៅស៊ូបឹងកេត ត្រូវ​ដោះ​ខ្លួន​ចេញ​ពី​ចំណាត់​ថ្នាក់​មិន​ល្អ​មួយ​នេះ ក្រោយ​ប្រកួត ៣ លើក​ឈ្នះ ១ តែ​ចាញ់​ដល់​ទៅ២ លើក រក​គ្រាប់​បាល់​បាន ៦ គ្រាប់ គេ​ទាត់​ចូល​វិញ ៥ គ្រាប់។ ក្នុង​ចំណោម ៦ គ្រាប់ ចាន់ វឌ្ឍនាកា រក​បាន ៣ គ្រាប់​ម្នាក់​ឯង, សុខ ផេង ១ គ្រាប់, ឃួន ឡាបូរ៉ាវី ១ គ្រាប់ និង Elroy ១ គ្រាប់។

គូ​បន្ទាប់​ក្រុម​វេស្ទើន ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ត្រូវ​ប៉ះ​ក្រុម​​មក​ពី​ខេត្ត​តាកែវ គីរីវង់សុខសែនជ័យ នៅ​វេលា​ម៉ោង ៦ ល្ងាច។

កម្មវិធី​ប្រកួត​​នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ​នេះ ៖
ស្ដាត​ចាស់   

• ស្វាយ​រៀង V​s ត្រាយ​អាស៊ី​ (ម៉ោង ១:៣០ នាទី​រសៀល)
• អាស៊ីអឺរ៉ុប Vs ក្រសួង​ការពា​រជាតិ​ (ម៉ោង ៣:៤៥ នាទី​រសៀល)

ពហុ​កីឡ​ដ្ឋាន​ជាតិ
• បឹង​កេត Vs ណា​ហ្គា​ខប (ម៉ោង ៣:៣០ នាទី​រសៀល) ផ្សាយ​តាម​ទូរទស្សន៍​ BTV
• វេស្ទើន Vs គីរីវ​ង់ (ម៉ោង ៦ ល្ងាច)




© រក្សាសិទ្ធិដោយ thmeythmey.com