ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ប៉ុស្ដិ៍នគរបាលអូរសណ្ដាន់ មានកម្លាំងសមត្ថកិច្ចតែ ២នាក់ប៉ុណ្ណោះ ​
14, Jan 2023 , 4:59 pm        
រូបភាព
លោក ឈ៊ីន ម៉ូ  មេប៉ុស្ដិ៍អូរសណ្ដាន់
លោក ឈ៊ីន ម៉ូ មេប៉ុស្ដិ៍អូរសណ្ដាន់
ដោយ៖ ផាន់ សុខហួយ(យុវជនឃុំអន្លង់ត្នោត)
ពោធិ៍សាត់៖ លោក ឈ៊ីន ម៉ូ មេប៉ុស្ដិ៍អូរសណ្ដាន់ បានលើកឡើងថា នៅក្នុងឃុំអូរសណ្ដាន់មានផ្ទៃដី ៧ ៨១២ហិកតាដែលមានភូមិចំនួន ៨ភូមិ។ ចំពោះទំហំផ្ទៃដីនេះ ខាងប៉ុស្ដិ៍នគរបាល ពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីចុះល្បាតនោះទេ ព្រោះនៅក្នុងប៉ុស្ដិ៍មានកម្លាំងការពារតែ ២នាក់ប៉ុណ្ណោះ រួមបញ្ចូលទាំងមេប៉ុស្ដិ៍ម្នាក់ផងដែរ។



លោកមេប៉ុស្ដិ៍អូរសណ្ដាន់ ត្រូវការកម្លាំងសមត្ថកិច្ចចំនួន ៦នាក់បន្ថែមទៀត ទើបគ្រប់គ្រាន់ក្នុងការចុះល្បាតតាមភូមិឃុំនីមួយៗ។ នៅក្នុងឃុំមានចំនួន ៨ភូមិ ក្នុងនោះមានភូមិអូរអាចម៍កុក ភូមិក្រាំងធំ ភូមិថ្នឹង ភូមិដូងជួរ ភូមិពុន្រ្ទាម ភូមិចុងខ្លុង ភូមិអូរតាប្រុក និងភូមិអូរសណ្ដាន់។
 
លោកបានបញ្ជាក់ថា៖« ខ្ញុំមានកម្លាំងតែ ២នាក់ មិនគ្រប់គ្រាន់ទេ។ ពេលចុះល្បាតមានបញ្ហាខ្លះៗ តែខ្ញុំមានកម្លាំងការពារភូមិគាត់ជួយ និងការសហការពីប្រជាពលរដ្ឋ​»។
បើទោះបីខ្វះកម្លាំងដើម្បីធ្វើការងារក្ដី លោក ម៉ូ បានរៀបចំផែនការការងារទៅតាមធនធានមនុស្សដែលមាន គឺកម្លាំងម្នាក់ ត្រូវនៅប្រចាំការក្នុងប៉ុស្ដិ៍ជាប់ជាប្រចាំ និងម្នាក់ទៀត ត្រូវចុះដើរល្បាតតាមភូមិគោលដៅនីមួយៗ ជាមួយប្រជាការពារភូមិ។ លោកមេប៉ុស្ដិ៍លើកឡើងបែបនេះ ហើយបន្តថា កម្លាំងការពារតិច តែមានការចូលរួម និងសហការពីប្រជាពលរដ្ឋនៅតាមភូមិច្រើន ដូច្នេះពុំសូវមានបញ្ហាអ្វីកើតឡើងនៅក្នុងឃុំនោះទេ។


កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍អូរសណ្ដាន់ និងបញ្ជាការពារភូមិ

សព្វថ្ងៃប៉ុស្ដិ៍នគរបាលអូរសណ្ដាន់ ពឹងផ្អែកទៅលើកម្លាំងបញ្ហាការពារភូមិច្រើន ដើម្បីជួយរាយការណ៍ និងចុះជួយអន្តរាគមន៍តាមភូមិនីមួយៗជាមួយនឹងកម្លាំងប៉ុស្ដិ៍ម្នាក់ទៀត ដែលត្រូវចុះល្បាតតាមភូមិ។ កម្លាំងការពារភូមិមានច្រើន មានតិចទៅតាមភូមិនីមួយៗ ដោយមួយមានចាប់ពី ៥ទៅ ១៥នាក់ ដែលជួយសម្រាលបន្ទុកដល់ប៉ុស្ដិ៍ផងដែរ។ នេះបើតាមលោក ឈ៊ីន ម៉ូ។
លោក ម៉ូ បានបញ្ជាក់ថា ការខ្វះកម្លាំងសមត្ថកិច្ច ទើបតែខ្វះនៅឆ្នាំ២០២២ ព្រោះដោយសារមានអ្នកនិវត្តន៍ និងផ្ដាស់ប្ដូរការងារច្រើន។ កន្លងមកនៅក្នុងឃុំមានកម្លាំងសមត្ថកិច្ច ៦នាក់ ដែលបំពេញការងារប្រចាំថ្ងៃ។
 
ជុំវិញការខ្វះកម្លាំងសមត្ថកិច្ចនេះ លោកមេប៉ុស្ដិ៍បានដាក់លិខិតស្នើទៅខាងក្រសួងមហាផ្ទៃហើយ តែពុំទាន់បានបញ្ជូនមកនោះទេ ដោយលោកកំពុងរង់ចាំមើលនៅឆ្នាំ២០២៣នេះ ប្រហែលជាអាចនឹងមានកម្លាំងសមត្ថិកិច្ចបន្ថែម៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ខ្វះកម្លាំងសមត្ថកិច្ច
  ស្រុកក្រគរ
  ឃុំអូរសណ្ដាន់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com