ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអូរសណ្តាន់ ពន្យល់មូលហេតុដែលផ្លូវក្នុងឃុំខូចខាតច្រើន
15, Jan 2023 , 11:59 am        
រូបភាព
ដោយ៖ ផាន់ សុខហួយ (យុវជនឃុំអន្លង់ត្នោត)
ស្រុកក្រគរ, ពោធិ៍សាត់៖ ​កត្តាធម្មជាតិ បានរួមចំណែក​ធ្វើ​ឱ្យផ្លូវជាច្រើន នៅក្នុងឃុំអូរសណ្តាន់ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ខូចខាតច្រើន។ ជាមួយគ្នានេះ ការចរាចរណ៍ជាញឹកញាប់ របស់រថយន្តធុនធ្ងន់ ក៏ធ្វើផ្លូវខូចខាតរឹតតែលឿនផងដែរ។ នេះជាការគូសបញ្ជាក់របស់ លោក ម៉ម ធន មេឃុំអូរសណ្ដាន់។

 
លោក ម៉ម ធន បានបញ្ជាក់ថា ក្នុងរដូវវស្សាមួយឆ្នាំៗ មានការខូចខាតតិចតួច ប៉ុន្តែឆ្នាំនេះភូមិពុទ្ទ្រាម និងភូមិដូងជួរ ខូចខាតរាប់គីឡូម៉ែត្រ។ ចំពោះទីតាំងដែលមិនទាន់ជួសជុល និងមិនទាន់ធ្វើ គឺមានភូមិអូរតាប្រុក និងភូមិពុទ្ទ្រាម ដោយសារឃុំគ្មានលទ្ធភាព។ ជុំវិញបញ្ហានេះ លោកមេឃុំ បានស្នើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ដែលមានលទ្ធភាពជួយលុបកន្លែងដែលខូចខាតតិចតួចនៅមុខផ្ទះរបស់ខ្លួន ហើយទីតាំងដែលខូចខាតខ្លាំង គឺឃុំនឹងប្រើមូលនិធិឃុំ និងកៀរគរសប្បុរសជននានា ដើម្បីស្ថាបនាផ្លូវឡើវិញ។ ​



ជុំវិញកិច្ចការជួសជុលផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធនានាដែលខូចខាត លោក មេឃុំ បានលើកឡើថា អាជ្ញាធរឃុំ បានប្រើប្រាស់ប្រាក់មូលនិធិរបស់ឃុំ ដើម្បីកែលម្អឱ្យវាមានភាពល្អប្រសើរឡើងវិញ។ មេឃុំរូបនេះបន្តថា ក្នុងឆ្នាំកន្លងទៅ ឃុំអូរសណ្ដាន់បានសម្រេច​សមិទ្ធផល​សាងសង់ផ្លូវលំចំនួន ៣ខ្សែ ដែលមានប្រវែងសរុបជាង ១១គីឡូម៉ែត្រ ​ស្ថិតក្នុងភូមិសាស្ត្រភូមិក្រាំងធំ ភូមិអូរអាចម៍កុក និងភូមិពុទ្ធ្រាម ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ។ ទន្ទឹមនឹងនេះ ឃុំក៏បានដាក់លូចំនួន៤កន្លែង និងកំពុងជួសជុលផ្លូវថ្នល់ដែលខូចខាតនៅក្នុងឃុំជាបន្តបន្ទាប់ទៀតដែរ។
លោក ម៉ម ធន មេឃុំអូរសណ្ដាន់

លោក ម៉ម ធន បន្ថែមថា ដើម្បីជួសជុលផ្លូវឡើងវិញ អាជ្ញាធរឃុំ បានរៀបចំវេទិកាសាធារណៈ​ដើម្បីស្រង់នូវតម្រូវការរបស់ពលរដ្ឋ និងពន្យល់ណែនាំឱ្យពលរដ្ឋ បានយល់ពីផែនការរបស់ឃុំ ដែលនឹងត្រូវអនុវត្តភូមិឃុំនីមួយៗ ព្រោះពលរដ្ឋខ្លះ ពុំសូវយល់ដឹងនោះទេ៕
​​
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
  ផ្លូវថ្នល់
  ឃុំអូរសណ្ដាន់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com