ជាតិ
សមាគមក្លឹបទេសចរណ៍សៀមរាប ប្រកាសរៀបចំ«បុណ្យអង្ករ» នៅចុងខែនេះ
16, Jan 2023 , 8:59 am        
រូបភាព
ប្រធាន STC លោក ហ្វីលីព សែត កៅ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
ប្រធាន STC លោក ហ្វីលីព សែត កៅ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC គ្រោងនឹងរៀបចំ «បុណ្យអង្ករ» ក្នុងបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃអង្ករខ្មែរ ក៏ដូចជាបង្កើតព្រឹត្តិការណ៍ផ្សព្វផ្សាយគោលដៅ ទេសចរណ៍ខេត្តសៀមរាបទៅកាន់ពិភពលោក។

 
 
ប្រធាន STC លោក ហ្វីលីព សែត កៅ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់នៃ​ពិធីបុណ្យអង្ករ គឺដើម្បីផ្សព្វផ្សាយសក្កានុពលវិស័យស្រូវអង្ករខ្មែរ ដែលកន្លងទៅថ្មីៗនេះ​ទើបឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» របស់ពិភពលោក ក្នុងឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទ​អង្ករពិភពលោក ដែលរៀបចំនៅប្រទេសថៃ នៅថ្ងៃទី១៧ វិច្ឆិកា។ ក្រៅពីនេះ បុណ្យអង្ករ មានបំណងបង្ហាញពីសក្កានុពល ទេសចរណ៍ថ្មីៗក្នុងខេត្តទៅកាន់ទេសចរក្នុង និងក្រៅស្រុកផងដែរ។
 
តាមការបញ្ជាក់ពីលោក ហ្វីលីព សែត កៅ បុណ្យអង្ករ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មករា នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ បុណ្យនេះ នឹងប្រមូលផ្តុំនូវ​ផលិតច្នៃកែពី​អង្ករ ការបង្កើតថ្នាលស្រូវ​​ពណ៌ខៀវ និងពណ៌មាស ទុកសម្រាប់ភ្ញៀវទេសចរថតកម្សាន្ត និងការចូលរួម​របស់បវរកញ្ញា Miss Planet International ជាដើម។ នេះជាការលើកឡើងរបស់លោក ហ្វីលីព ដោយលោករំពឹងថា បុណ្យថ្មីនេះ នឹងក្លាយជាផ្នែកមួយជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍​ក្នុងខេត្តសៀមរាបថែមមួយកម្រិតទៀត។
 
«យើងកំពុងជជែកដើម្បីឱ្យមានព្រឹត្តិការណ៍ពេញមួយឆ្នាំ២០២៣តែម្ដង ដើម្បីធ្វើយ៉ាងណាឱ្យ​ខេត្តសៀមរាបយើង សឹងថាមួយខែ វាអាចមានព្រឹត្តិការណ៍២ព្រឹត្តិការណ៍ដើម្បីអាចចេញជាសារ​ទៅទេសចរជាតិ ទៅទេសចរអន្ដរជាតិ ឱ្យឃើញមានភាពមមាញឹក ឱ្យមានភាពទាក់ទាញ ឱ្យចាំមកវិញថា ធ្លាប់បានមកលេងខេត្តសៀមរាបកាលពីមុនៗ តែឥឡូវចង់ត្រឡប់មកវិញ»។ លោក ហ្វីលីព និយាយដូច្នេះ ដោយបន្តថា ព្រឹត្តិការណ៍នេះដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ។
 
ខេត្តសៀមរាបបានរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩រយៈពេលជាង៣ឆ្នាំមកនេះ។ ដ្បិតថា វិស័យនេះបានងើបឡើងវិញបន្ដិចក្ដី តែសណ្ឋាគារ និងអាជីវកម្មទេសចរណ៍ធំៗ បន្តបិទទ្វារនៅឡើយ។ នេះជាកង្វល់របស់សមាគមទេសចរណ៍នៅសៀមរាប ដែលកំពុងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ពិចារណាបើកអាជីវកម្មខ្លួនឡើងវិញ ពិសេសក្នុងឆ្នាំ ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម ហើយនឹងមានព្រឹត្តិការណ៍កម្មវិធីជាច្រើនទៀត។ 
 
បែបនេះក្ដី ក្នុងនាមជាប្រតិបត្តិករទេសចរណ៍មួយរូបផងនោះ លោក ហ្វីលីព ពន្យល់ថា៖« ការចូលរួមរបស់គាត់សំខាន់។ តែយើងយល់ច្បាស់ដែរ ក្នុងនាមអ្នករកស៊ី ការចង់បើកអាជីវកម្មឡើងវិញ ទាល់តែយើងមានភាពជឿជាក់ថា វានឹងមិនខាត ព្រោះយើងខាត៣ឆ្នាំមកហើយ ខាតច្រើនហើយ»៕
 
 
 
 
 

Tag:
 បុណ្យអង្ករ
  ទេសចរណ៍សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com