ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ នៅមណ្ឌលសុខភាពក្រគរ មានសេវាពិនិត្យមហារីកមាត់ស្បូន
15, Jan 2023 , 4:29 pm        
រូបភាព
នៅមណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានការពិនិត្យជំងឺមហារីកមាត់ស្បូន។
នៅមណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានការពិនិត្យជំងឺមហារីកមាត់ស្បូន។
ដោយ៖ មៀន ណាគ្រី(យុវជនឃុំក្បាលត្រាច)
ក្រគរ,ពោធិ៍សាត់៖ «មហារីកមាត់ស្បូន» គឺជាជំងឺកើតញឹកញាប់បំផុតលំដាប់ទីពីរ បន្ទាប់ពីមហារីកដោះ ក្នុងចំណោមស្ត្រី។ តែស្ត្រីអាចចៀសវាងបាន តាមរយៈការតាមដានពិនិត្យ រកមើល កោសិកាមហារីកមាត់ស្បូន និងការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV (Human Papillomavirus) ដែលអាចបង្កជាជំងឺ មហារីកមាត់ស្បូននៅពេលវាវវិវត្តន៍ច្រើនឆ្នាំ។


ពពួកវីរុស HPV នេះជាមូលហេតុបង្កឱ្យមាន​ដំបៅមាត់ស្បូនដែលឈានទៅរក​មហារីក រហូតដល់ទៅ៩៥ភាគរយ។ ប៉ុន្តែវានៅមានកត្តារួមផ្សំជាច្រើនទៀតដែលកើតជំងឺនេះដូចជា ការរួមភេទវ័យក្មេងពេក ការមានដៃគូរួមភេទច្រើន ការឆាប់មានគភ៌នៅអាយុវ័យក្មេង​ ការមានកូនច្រើន ការជក់បារី កង្វះជាតិវីតាមីន ឬអ័រម៉ូន ការប្រើថ្នាំ​ពន្យាកំណើត​និងការឆ្លងជំងឺកាមរោគផ្សេងៗទៀត។
​ 
បច្ចុប្បន្ន នៅមណ្ឌលសុខភាពក្រគរស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ក៏មានផ្ដល់សេវាពិនិត្យមហារីកមាត់ស្បូននេះផងដែរ។ ក្រៅពីនោះ នៅមណ្ឌលសុខភាពនេះ ពលរដ្ឋ​អាចមករកសេវាជំងឺមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ(OPD), ជំងឺទូទៅ, ពិនិត្យផ្ទៃពោះទាំងមុន និងក្រោយសម្រាល, សេវាពន្យារកំណើត,ការផ្ដល់ថ្នាំបង្ការជំងឺ១១មុខដល់កុមារ
និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, និងជួសឈាមរកមេរោគ(មេរោគអេដស៍, របេង, ជាតិស្ករ...)។ 
 
ជាប្រចាំនៅមណ្ឌលសុខភាពទទួលព្យាបាលអ្នកជំងឺជាង១ពាន់នាក់ក្នុងមួយខែៗ។ ក្នុងនោះអ្នកជំងឺភាគច្រើនជំងឺក្អក ផ្ដាសាយ និងរលាកផ្លូវដង្ហើម។ នៅមណ្ឌលសុខភាពក្រគរ បច្ចុប្បន្នកំពុងផ្ដល់សេវា ទៅដល់ពលរដ្ឋចំនួន២ឃុំ គឺពលរដ្ឋឃុំអន្លង់ត្នោត និងពលរដ្ឋឃុំក្បាលត្រាច។ ឃុំទាំង២នេះមានប្រជាជនជាង២ម៉ឺននាក់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ឃុំក្បាលត្រាច
  ពោធិ៍សាត់
  មណ្ឌលសុខភាពក្រគរ
© រក្សាសិទ្ធិដោយ thmeythmey.com