ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំក្ដីដូង ចំណាយថវិកាឃុំជាង៣៧៩លានរៀល ដើម្បីជួសជុលផ្លូវក្នុងឃុំ
15, Jan 2023 , 10:29 pm        
រូបភាព
អាជ្ញាធរក្ដីដូងចំណាយថវិកាជាង៣០០លាន ដើម្បីជួសជុលផ្លូវឡើងវិញ។
អាជ្ញាធរក្ដីដូងចំណាយថវិកាជាង៣០០លាន ដើម្បីជួសជុលផ្លូវឡើងវិញ។
ដោយ៖ ហេង សោភា(យុវជនឃុំក្ដីដូង)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ អាជ្ញាធរឃុំក្ដីដូង ស្រុកកំពង់ស្វាយ ត្រូវចំណាយថវិកាឃុំជាង ៣៧៩លានរៀល លើការជួសជុសផ្លូវឡើងវិញ ឬស្មើនឹងប្រវែង ៧ ៦៧៨ម៉ែត្រ ជាផ្លូវក្រួសក្រហម បន្ទាប់ពីផ្លូវទាំងនោះ បានរងគ្រោះដោយទឹកជំនន់ ក្នុងឆ្នាំ២០២២កន្លងទៅ។ នេះបើតាម លោក ថូ ថាំង មេឃុំក្ដីដូង។ 
 
បើតាម លោក ថូ ថាំង មេឃុំក្ដីដូង គ្រោះទឹកជំនន់ នៅក្នុងឃុំក្តីដូង ក្នុងឆ្នាំ២០២២មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ ហើយជំនន់ទឹកភ្លៀងនោះ បានធ្វើឱ្យដំណាំស្រូវខូចខាតជិត ៧០០ហិកតា និងបណ្ដាលឱ្យដាច់លូ និងផ្លូវខូចជាអន្លើៗចំនួន១៩កន្លែង។ 
 
ក្នុងឃុំក្ដីដូងនេះ មានភូមិចំនួន៤ក្នុងនោះភូមិក្ដីដូង ពាមក្រែង ស្លែង និងអូរសំបួរ ហើយក្នុងចំណោមភូមិទាំង ៤នេះ ភូមិអូរសំបួរ រងគ្រោះខ្លាំងជាងគេ ដោយសារមានភូមិសាស្ត្រជាប់នឹងដងស្ទឹងសែន។ 
 
លោក ថូ ថាំង មេឃុំក្តីដូងបញ្ជាក់ថាការជួសជុលផ្លូវនោះ គឺធ្វើតាមដំណាក់កាល ពោលគឺជួសជុលទីតាំងដែលខូចខាតខ្លាំងមុន និងជាបន្តបន្ទាប់។ ទន្ទឹមនឹងផែការជួសជុលផ្លូវ លោកមេឃុំ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ឱ្យបន្តចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងឃុំផងដែរ ជាពិសេសផ្លូវធ្វើដំណើរ។ លោកបន្តថា ពលរដ្ឋ អាចចូលរួមការពារផ្លូវទាំងនោះ តាមរយៈការចេះជួយជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួច តាមខ្នងផ្ទះនីមួយៗ ឬរាយការណ៍មកកាន់ខាងអាជ្ញាធរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ថែទាំផ្លូវ
  ក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com