ជាតិ
ទឹកជន់លិចផ្ទះពលរដ្ឋជាង១០០០គ្រួសារ ក្នុងខណ្ឌដង្កោ បានថមថយវិញហើយ
16, Jan 2023 , 11:29 am        
រូបភាព
ទឹកជន់លិច នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៦មករា ឆ្នាំ២០២៣។ រូបដោយ លោក វណ្ណា
ទឹកជន់លិច នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៦មករា ឆ្នាំ២០២៣។ រូបដោយ លោក វណ្ណា
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អះអាងថា ស្ថានភាពទឹកលិច ក្នុងសង្កាត់មួយចំនួន នៅខណ្ឌដង្កោ បានស្រកទៅវិញបណ្ដើរៗហើយ។ លោកបញ្ជាក់ទៀតថា បើពុំមានភ្លៀងធ្លាក់បន្តទៀត ស្ថានភាពទឹកស្រកទៅវិញក្នុងពេលឆាប់ៗនេះ។


ទឹកបានចាប់ផ្ដើមស្រកទៅវិញហើយ ដោយសារប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងបណ្ដាលខេត្តជុំវិញភ្នំពេញ ពុំមានភ្លៀងធ្លាក់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ពីស្ថានភាពទឹកជន់លិច ក្នុងខណ្ឌដង្កោនៅថ្ងៃទី១៦ មករាថា៖ «ស្ថានភាពបានធូរស្រាលខ្លះហើយ! វាអាចស្រកទៅវិញខ្លះហើយ ដោយសារ ទឹកភ្លៀងអត់មានភ្លៀងធ្លាក់ទៀតទេ។ ហើយទឹកដែលសល់ហូរកន្លងមកនេះ ចាប់ផ្ដើមហូរទៅកាន់ទន្លេ។ ដូច្នេះ វានឹងចាប់ផ្ដើមស្រកបន្តិចម្ដងៗទៅវិញ បើពុំមានភ្លៀងធ្លាក់ទៀត»។ 
 
កាលពីរសៀលថ្ងៃទី១៥មករា ជំនន់ទឹកភ្លៀងបានលិចផ្ទះប្រជាពលរដ្ឋនៅតាមសណ្ដរស្ទឹងព្រែកត្នោត ចំនួន២៩ភូមិ នៅក្នុង១០សង្កាត់ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ក្រាំងពង្រ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ព្រែកកំពឹស សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ដង្កោ និងសង្កាត់ព្រៃវែង។ 
 
ទឹកជន់លិចនេះ បានជន់លិចផ្ទះ៩៥៣ខ្នង ដែលស្មើនឹង១០២៦គ្រួសារ។ ចំណែក ផ្លូវបេតុង១៤ខ្សែ ត្រូវបានលិច។ ជាមួយគ្នាដែរ វត្តចំនួន២ មណ្ឌលសុខភាព២ សាលាសង្កាត់២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២ បានលិច។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយ៕ 
 

Tag:
 ទឹកជន់
  ខណ្ឌដង្កោ
© រក្សាសិទ្ធិដោយ thmeythmey.com