ជាតិ
តារាល្បីៗ
បទសម្ភាសន៍
លោក ហុង សុហួរ៖ បើសិនឈប់ប្រើដុល្លារ ហើយប្តូរមកប្រើលុយរៀលវិញ នោះជាតិនឹងចំណេញច្រើន
18, Jan 2023 , 8:59 pm        
រូបភាព
លោក សុហួរ  អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX
លោក សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បាននិយាយថា តម្រូវការប្រើប្រាស់ហិរញ្ញវត្ថុជាប្រាក់រៀល ឬ ដុល្លារ បច្ចុប្បន្ននៅកម្ពុជា អាស្រ័យលើភាគីអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់។ អ្នកជំនាញខាងសេដ្ខកិច្ចរូបីយវត្ថុរូបនេះ លើកឡើងថា បើសិនពលរដ្ឋខ្មែរគ្រប់គ្នាងាកមកប្រើប្រាស់ប្រាក់រៀលលើគ្រប់មុខទំនិញវិញ ដោយឈប់គិតជាដុល្លារ នោះសេដ្ឋកិច្ចជាតិនឹងរីកចម្រើនទៅតាមនោះដែរ។

 

លោក ហុង សុហួរ  ក្នុងបទសម្ផាសជាមួយ អ្នកសារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី  «គំនិតថ្មី» 
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា  ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




 
កញ្ញា សុង សុធាវី៖ លោកអគ្គនាយក តាមរយៈមូលបត្ររដ្ឋជិត២០០លានដុល្លារនេះ ហើយក៏មានការគាំទ្រពីអ្នកវិនិយោគក្នុងស្រុកផងដែរ តើបេសកកម្មនេះអាចជួយលើកស្ទួយលុយរៀលខ្មែរយើងកុំដែរទេ? 
 
លោក ហុង សុហួរ៖ ធម្មតាអត្រាប្តូរប្រាក់រៀល ឬ ដុល្លារ ត្រូវកំណត់ដោយទីផ្សារ។ ទីផ្សារគឺយើងគ្រប់គ្នា ដែលជាតួអង្គនៅក្នុងសេដ្ឋកិច្ចហ្នឹង! ក្រសួងស្ថាប័ន វិនិយោគិន យើងគ្រប់គ្នាហ្នឹង។ អ៊ីចឹង ត្រូវប្រៀបធៀបរវាង អ្នកផ្គត់ផ្គង់ និងតម្រូវការ! បើមានអ្នកត្រូវការដុល្លារច្រើនជាង នោះលុយដុល្លារនឹងឡើងថ្លៃ តែបើមានតម្រូវការលុយរៀលច្រើនជាង នោះលុយរៀលនឹងឡើងថ្លៃ! ហ្នឹងគឺជាយុន្តការទីផ្សារសុទ្ធសាធ។ ប៉ុន្តែនៅពេលដែលរដ្ឋចាប់ផ្តើមបោះផ្សាយមូលបត្រជាប្រាក់រៀល នោះមានន័យថាកំពុងបង្កើនតម្រូវការលើប្រាក់រៀល។ អ៊ីចឹង នៅពេលមនុស្សម្នាក់ ឬ ក្រុមហ៊ុនមួយចង់ទិញមូលបត្ររដ្ឋ តែបច្ចុប្បន្នគាត់កាន់ដុល្លារ អ៊ីចឹងគាត់ត្រូវយកដុល្លារហ្នឹងទៅដូរយកលុយរៀល ហើយយើងបានឱ្យសេវា ទំនិញ កើនឡើង ដែលវាជាទំនោ។

ឯលុយដុល្លារមកប្រើ យើងបានឱ្យទំនិញ សេវាទៅគេ ហើយបានក្រដាសហ្នឹងប្រើ តែក្រដាសហ្នឹងជាក់ស្តែងមិនមានតម្លៃពិតប្រាកដរបស់វាទេ តែជាតម្លៃផលិតរបស់វា ហើយតម្លៃផលិតរបស់វាមានតម្លៃប៉ុន្មានសេនក្នុងមួយដុល្លារទេ។ អ៊ីចឹង យើងខ្ជះខ្ជាយ! បើសិនយើងឈប់ប្រើដុល្លារ ប្តូរមកប្រើលុយរៀលវិញទាំងអស់ យើងនឹងឃើញថាប្រទេសជាតិយើងចំណេញលុយច្រើនណាស់! យើងឧទាហរណ៍ យើងឈប់ប្រើដុល្លារ នោះយើងទាំងអស់គ្នានឹងទៅដូរយកលុយខ្មែរមកចាយ ហើយលុយដុល្លារយកចូលទៅធនាគារជាតិ ហើយធនាគារជាតិយកលុយនោះដាក់ទៅវិនិយោគខាងក្រៅប្រទេសបានលុយមកប្រចាំខែ​ ប្រចាំឆ្នាំមក តាមរយៈលុយហ្នឹង។ ក្នុងសេដ្ឋកិច្ចយើងលុយច្រើនណាស់ រាប់រយលានដុល្លារ ជាជាងប្រើជាលុយដុល្លារដូចរាល់ថ្ងៃ ហើយក្នុងនាមខ្ញុំជាអ្នកសេដ្ឋកិច្ចរូបីយវត្ថុម្នាក់ដែរ ឃើញថាយើងខាតបង់ច្រើនមែនទែន! ដែលកម្ពុជាយើងប្រើដុល្លារជាមធ្យោបាយទូទាត់ វិនិយោគ សន្សំប្រាក់។ល។ សព្វថ្ងៃនេះឃើញថា ការប្រើប្រាស់ជាដុល្លារនៅតែមានទំហំធំធេងនៅឡើយ។ កន្លងមកមានការរអ៊ូរទាំពីបណ្តាអ្នកវិនិយោគមួយចំនួនដែលចំណេញភាគហ៊ុន តែពិបាកលើរឿងប្តូរប្រាក់ពីដុល្លារមកខ្មែរ ហើយប្តូរពីលុយខ្មែរមកដុល្លារនាំឱ្យខាតវិញជាដើម។ 
 
កញ្ញា សុង សុធាវី៖ ត្រង់ចំនុចហ្នឹង តើលោកអគ្គនាយកមានយន្តការអ្វីខ្លះ ដើម្បីសម្រួលលើកិច្ចកានេះ?
 
លោក ហុង សុហួរ៖ បាទ បើសិនពួកគាត់ព្រមព្រៀងគ្នារវាង អ្នកលក់ និងអ្នកទិញ ឱ្យមានការប្រើប្រាស់លុយដុល្លារខ្លះទៅ ព្រោះយើងឃើញក្នុងសេដ្ឋកិច្ចជាតិយើងមិនសូវមានអ្នកណាចង់ប្រើលុយរៀលប៉ុន្មានទេ។ ទោះបីរាល់ថ្ងៃមានការប្រើប្រាស់លុយរៀលច្រើនជាងមុនខ្លះហើយក៏ដោយ យើងទទួលស្កាល់ តែអ្នកចង់ទុកលុយរៀលហ្នឹង នៅមានតិចទេ។ ដូចនេះហើយយើងមានយន្តការបែបនេះ ដើម្បីឱ្យទាំងអ្នកលក់ និងអ្នកទិញសប្បាយចិត្ត កាត់បន្ថយចំណាយរបស់គាត់លើភាគហ៊ុនហ្នឹងទៅ អាចសន្សំសំចៃ ឬ អាចចំណេញទាំងអស់គ្នា ដើម្បីយើងប្រមូលលុយចូលទីផ្សាររបស់យើងកាន់តែច្រើន ។ សរុបទៅ គឺជួយសេដ្ឋកិច្ចរបស់យើង!​ នៅពេលលុយដែលចរាចរណ៍នៅលើមូលបត្រហ្នឹងកាន់តែច្រើន នោះក្រុមហ៊ុនដែលដំណើរការល្អ គឺគាត់អាចលក់ហ៊ុនបានកាន់តែស្រួល កាន់តែថ្លៃ  យកលុយទៅបង្កើតការងារ បង្កើតផលិតផល រោងចក្រ។ល។ អ៊ីចឹងនេះជាគោលដៅចុងក្រោយ ដែលយើងចង់ឱ្យទីផ្សារយើងមានការរីកចម្រើន តាមរយៈយន្តការផ្សេងៗ តាមរយៈមូលបត្ររដ្ឋដែលកំពុងមកដល់នេះ។ តែអ្នកវិនិយោគមួយចំនួនបានកប់លុយចោលក្នុងវិស័យផ្សេង ពិសេសអចលនទ្រព្យអីហ្នឹង! អ៊ីចឹង យើងរំពឹងថាពួកគាត់នឹងងាកមកចាប់អារម្មណ៍លើកិច្ចការងារនេះ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចយើង និងសង្គមជាតិយើង៕   
 

Tag:
 វិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com