ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន បន្ទន់ឥរិយាបទដាក់បក្សប្រជាជន
20, Jan 2023 , 2:59 pm        
រូបភាព
ថ្នាក់ដឹកនាំនិងសមាជិកសមាជិកគណបក្សភ្លើងទៀន នាំគ្នាកាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សខ្លួន ក្នុងពិធីរម្លឹកខួបកំណើត២៧ឆ្នាំនៃការបង្កើតគណបក្សនេះ។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ថ្នាក់ដឹកនាំនិងសមាជិកសមាជិកគណបក្សភ្លើងទៀន នាំគ្នាកាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សខ្លួន ក្នុងពិធីរម្លឹកខួបកំណើត២៧ឆ្នាំនៃការបង្កើតគណបក្សនេះ។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

ទំនងជាចង់បន្ថយកម្តៅនយោបាយ ទើបគណបក្សភ្លើងទៀន មិនបង្ហាញការប្រទាំងប្រទើស ឬការតតាំងដាក់គណបក្សប្រជាជនកម្ពុជា។ ផ្ទុយមកវិញ គណបក្សជំទាស់ដែលកំពុងលេចធ្លោមួយនេះ បង្ហាញការបន្ទន់ឥរិយាបទ និងភាពស្រុះស្រួលជាមួយគណបក្សកាន់អំណាច។



ការបន្ទន់ឥរិយាបទរបស់គណបក្សភ្លើងទៀន ត្រូវគេឃើញតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងសេចក្តីថ្លែងការណ៍ខ្លីនេះ គណបក្សភ្លើងទៀន ចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ថាបានបញ្ជាក់ពីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់គណបក្សកាន់អំណាចដ៏យូរអង្វែងមួយនេះ។ 
 
គណបក្សភ្លើងទៀន ប្រកាសដូច្នេះថា៖«គណបក្សភ្លើងទៀន គាំទ្រជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត ដើម្បីធានាឲ្យការបោះឆ្នោតឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌»។ 
 
កាលពីថ្ងៃទី១៩ ខែមករា គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងគណបក្សភ្លើងទៀន ដែលលើកឡើងថា គណបក្សប្រជាជនកម្ពុជា កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ 
 
គណបក្សប្រជាជនកម្ពុជា ប្រកាសក្នុងសេចក្តីចេញថ្លែងការណ៍ដូច្នេះថា៖«គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា នឹធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ»។ 
 
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា កើតឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច បញ្ជាចេញពីកម្មពិធីមួយនាពេលថ្មីៗនេះ ឲ្យគិតគូរពីការប្តឹងគណបក្សភ្លើងទៀន បើមិនដកពាក្យថា «គណបក្សកាន់អំណាច កៀបសង្កត់និងធ្វើទុក្ខបុកម្នេញគណបក្សភ្លើងទៀន» ចេញវិញ។ 
 
គណបក្សភ្លើងទៀន បានលើកឡើងនូវពាក្យ «គណបក្សកាន់អំណាច កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញគណបក្សភ្លើងទៀន» ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត កាលពីថ្ងៃ១៨ ខែមករា ហើយសេចក្តីថ្លែងការណ៍នេះ បានចេញក្រោយពីលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទើបត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា លោក ចេញសែកស្អុយឲ្យគេ។ សេចក្តីថ្លែងការណ៍នេះ ត្រូវគណបក្សភ្លើងទៀន ដកចេញពីទំព័រហ្វេសប៊ុកវិញ៕  
 

Tag:
 បក្សភ្លើងទៀន
  បក្សប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com