ជាតិ
កម្ពុជា-ថៃ ឯកភាពគ្នា ដោះដូរអ្នកទោសស្ម័គ្រចិត្ត ដោយមិនចាំបាច់ធ្វើបត្យាប័ន
20, Jan 2023 , 4:31 pm        
រូបភាព
កម្ពុជា-ថៃ បានឯកភាពគ្នា លើការដោះដូរអ្នកទោសស្ម័គ្រចិត្ត ទៅវិញទៅមក ដោយមិនចាំបាច់ធ្វើបត្យាដូចមុនឡើយ។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃប្រទេសថៃប្រចាំកម្ពុជា នាវិមានសន្តិភាព នៅថ្ងៃទី ២០ មករា។



«សម្ដេច ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញ ដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត »។ នេះជាសំណេរលើហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន ដោយអមជាមួយរូបថត លោកឯកអគ្គរដ្ឋរាជទូតថ្មីរបស់ថៃ។
 
ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពគ្នា ជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងពីរ ក្នុងការចេញចូលរកស៊ី ។ «ត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះទេ»។ នេះបើតាមព័ត៌មាននៅហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដដែល។
 
កន្លងមកភាគីថៃ ក៏បានជំរុញការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ។ មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់សុរិនថន បានផ្ដល់អាហារូបករណ៍ និងការហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ផងដែរ ៕
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com