ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យបក្សកាន់អំណាច មិនទាន់ពេញចិត្តនឹងសេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀន
20, Jan 2023 , 5:59 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីគេហទំព័ររបស់ព្រឹទ្ធសភា)។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីគេហទំព័ររបស់ព្រឹទ្ធសភា)។
ដោយ៖ ទេពញាណ 

ថ្វីបើគណបក្សភ្លើងទៀន បង្ហាញការដាក់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ទៅកាន់គណបក្សប្រជាជនកម្ពុជាក្តី តែអ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះ ហាក់ពុំទាន់ពេញចិត្តនៅឡើយ។ អ្វីដែលគណបក្សកាន់អំណាច ចង់បានពិតប្រាកដនោះ គឺ «ការសូមទោស» ពីគណបក្សភ្លើងទៀន។



លោក សុខ ឥសាន ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា៖«សេចក្តីថ្លែងការណ៍ចុងក្រោយរបស់បក្សភ្លើងទៀន គ្រាន់តែជាជំហរប៉ុណ្ណោះ មិនមែនជាសេចក្តីថ្លែងការណ៏សូមទោសជាសាធារណៈ ដែលគណបក្សប្រជាជនកម្ពុជាចង់បាននោះទេ»។ 
 
សំណេររបស់លោក សុខ ឥសាន កើតឡើងភ្លាមៗ ក្រោយគណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ថាបានបញ្ជាក់ពីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់គណបក្សកាន់អំណាចមួយនេះ។ 
 
ជាមួយគ្នានេះ គណបក្សភ្លើងទៀន ប្រកាសគាំទ្រជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត ដើម្បីធានាឲ្យការបោះឆ្នោតឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើរបស់គណបក្សភ្លើងទៀន គ្មានពាក្យសូមទោសទៅកាន់គណបក្សប្រជាជនកម្ពុជានោះទេ។
 
កាលពីថ្ងៃទី១៩ ខែមករា គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងគណបក្សភ្លើងទៀន ដែលលើកឡើងថា គណបក្សប្រជាជនកម្ពុជា កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ពុំអាចទទួលយកបានជាដាច់ខាតចំពោះការចោទប្រកាន់របស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា ព្រមានថា នឹធ្វើអ្វីៗតាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពាឡើយ។ 
 
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាចេញពីកម្មពិធីមួយនាពេលថ្មីៗនេះ ឲ្យគិតគូរពីការរៀបចំបណ្តឹង ដើម្បីប្តឹងគណបក្សភ្លើងទៀន បើមិនដកពាក្យថា «គណបក្សកាន់អំណាច កៀបសង្កត់និងធ្វើទុក្ខបុកម្នេញគណបក្សភ្លើងទៀន» ចេញវិញ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ១៨ ខែមករាគណបក្សភ្លើងទៀន សរសេរថា «គណបក្សកាន់អំណាច កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញគណបក្សភ្លើងទៀន»។ យ៉ាងណាក៏ដោយចុះ សេចក្តីថ្លែងការណ៍នេះ ត្រូវគណបក្សភ្លើងទៀន ដកចេញពីទំព័រហ្វេសប៊ុកវិញហើយ៕ 
 
 

Tag:
 សុខ ឥសាន
  គណបក្សភ្លើងទៀន
  គណបក្សប្រជាជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com