ជាតិ
ស៊ីហ្គេម២០២៣
សម្ដេច ហ៊ុន សែន នឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់និស្សិតក្រីក្រ នៅចុងឆ្នាំនេះ
23, Jan 2023 , 11:29 am        
រូបភាព
សម្ដេច ហ៊ុន សែន គ្រោងបង្កើតកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រ នៅតាមគ្រឹះស្ថានអប់រំរបស់រដ្ឋ នាចុងឆ្នាំនេះ ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា មួយកម្រិតទៀត។​ សម្ដេច បានបង្ហើបពីគម្រោងនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ មករា។



ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា កម្មវិធីនេះ គឺរដ្ឋជាអ្នកទទួលរ៉ាប់រងសម្រាប់សិស្សក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា តាមសកលវិទ្យាល័យ ដើម្បីឱ្យពួកគេទទួលបានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ។ 
 
«ការសិក្សានោះ នៅត្រង់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលកំពុងសិក្សារៀបចំកម្មវិធីអប់រំ សម្រាប់សិស្សក្រីក្រនៅកម្ពុជា។
 
មូលហេតុដែលសម្ដេច ហ៊ុន សែន រៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់និស្សិតក្រីក្រនេះឡើង ដោយសារតែឃើញការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានសិស្សជាប់ចន្លោះ៩ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែនៅតាមសកលវិទ្យាល័យ ឬមហាវិទ្យាល័យទូទាំងប្រទេស ទទួលបានសិស្សចូលរៀនជាង១ម៉ឺននាក់តែប៉ុណ្ណោះ​ ក្នុងមួយឆ្នាំ ដែលវាបង្ហាញថា សិស្ស និស្សិតក្រីក្រនៅកម្ពុជា មានចំនួនច្រើន ដែលត្រូវការឱ្យរដ្ឋាភិបាល ជួយដោះស្រាយ។
 
បើតាមតួលេខនិស្សិតក្រីក្រ នៅក្នុងដៃសម្ដេច ហ៊ុន សែន មានចំនួន១លាន ៥សែន ដែលខ្វះលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ។ ត្រង់ចំណុចនេះ សម្ដេច បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវសមាហរណកម្ម ជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់លើធនធានមនុស្ស។ 
 
«ដូច្នេះ១លាន៥សែននាក់ ដែលយើងត្រូវបណ្ដុះបណ្ដាលក្នុងមួយឆ្នាំនេះ គឺក្នុងពេលខាងមុខដែលយើងដាក់ជាទិសដៅសម្រាប់ផ្ដល់ឲ្យពួកគេនូវជំនាញ ដែលយើងនឹងទទួលនូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ហើយគេត្រូវការមិនមែនគ្រាន់តែបញ្ហាកម្លាំងទេ កម្លាំងអត់បច្ចេកទេសគេមិនយកទេ។ កម្ពុជា មានសក្ដានុពលគឺមនុស្សវ័យក្មេងចំនួនច្រើន ប៉ុន្ដែសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាខ្ញុំដាក់ឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ»។ នេះបើតាមលោកនាយករដ្ឋមន្ត្រី។
 

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com