ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សភ្លើងទៀន កោះហៅថ្នាក់ដឹកនាំតាមរាជធានី-ខេត្តទៅប្រជុំ ក្រោយជួបស្ថានភាពមិនសូវល្អ
23, Jan 2023 , 11:59 am        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរនិយាយក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរនិយាយក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

បន្ទាប់ពីពិភាក្សាគ្នានៅថ្នាក់គណៈកម្មាធិការអចិន្រ្តៃយ៍ ដែលជាក្បាលម៉ាស៊ីនដឹកនាំកំពូលហើយនោះ គណបក្សភ្លើងទៀន បានបន្តជួបពិភាក្សាគ្នាបន្ថែមនៅកម្រិតថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត។ ជំនួបផ្ទៃក្នុងចាប់ពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ដឹកនាំតាមរាជធានី-ខេត្តរបស់គណបក្សភ្លើងទៀន កើតឡើងក្រោយគណបក្សជំទាស់មួយនេះ បានរងព្យុះភ្លៀងមួយប្រាវរួចមក។



ថ្នាក់ដឹកនាំតាមបណ្តារាជធានី-ខេត្តរបស់គណបក្សភ្លើងទៀនប្រមាណ៦០នាក់ បានឡើងទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំកំពូលរបស់ខ្លួន នៅទីស្នាក់កាលកណ្តាគណបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ដូចទម្លាប់រាល់ដង គណបក្សភ្លើងទៀន បានផ្សព្វផ្សាយអំពីកិច្ចប្រជុំនេះលើទំព័រហ្វេសប៊ុករបស់ខ្លួ។ 
 
គណបក្សភ្លើងទៀន សរសេរលើបណ្តាញសង្គមថា កិច្ចប្រជុំនេះ ផ្តោតលើស្ថានភាពនយោបាយបច្ចុប្បន្ន។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនេះ រួមមាន លោកប្រធាន ទាវ វណ្ណល លោកអនុប្រធាន សុន ឆ័យ លោកអនុប្រធាន​ ចេប គឹមអ៊ាង និង លោកអគ្គលេខាធិការ លី សុធារ៉ាយុត្តិ ជាអាទិ៍ សុទ្ធតែមានវត្តមានក្នុងកិច្ចប្រជុំខាងលើ។
 
សារព័ត៌មានថ្មីៗ ចង់បានព័ត៌មានបន្ថែមអំពីកិច្ចប្រជុំនេះ តែលោក សុន ឆ័យ ដែលជាអនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ពុំលើកទូរស័ព្ទ។ គណបក្សភ្លើងទៀន ទើបនឹងប្រជុំគ្នាក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីថ្ងៃទី២០មករា។  
 
ថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនរបស់គណបក្សភ្លើងទៀន បានរងចំណាត់ការបន្តបន្ទាប់គ្នាពីតុលាការ។ លោក សុន ឆ័យ អស់ផ្ទះ២កន្លែង ដោយសារបណ្តឹងរបស់គណបក្សកាន់អំណាច។ លោក គង់ គាំ ឧត្តមទីប្រក្សាគណបក្សភ្លើងទៀន ត្រូវរដ្ឋាភិបាលរឹបអូសយកផ្ទះវិញ។ រដ្ឋាភិបាល លើកហេតុផលថា ផ្ទះនោះ ដើមឡើយជាទីស្តីការក្រសួងការបរទេស តែត្រូវលោក គង់ គាំ យកធ្វើជាកម្មសិទ្ធិ។ លោក ថាច់ សេដ្ឋា ដែលអនុប្រធានគណបក្សភ្លើងទៀនដែលនោះ ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ថា ចេញសែកស្អុយ។
 
បន្ថែមពីនេះ គណបក្សភ្លើងទៀន ទើបនឹងត្រូវសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមានប្តឹងទៀតផង ដោយសារគណកប្សភ្លើងទៀន ប្រើពាក្យថា គណបក្សប្រជាជនកម្ពុជា កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញ។ គណបក្សប្រជាជនកម្ពុជា ទាមទារឲ្យគណបក្សភ្លើងទៀន សុំទោសជាសាធារណៈចំពោះការប្រើពាក្យនេះ៕ 
 

Tag:
 គណបក្សភ្លើងទៀន
  គណបក្សប្រជាជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com