ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេសកម្ពុជា តបទៅស្ថានទូតអាម៉េរិក៖ មធ្យោបាយល្អបំផុតក្នុងការធានាឯករាជ្យប្រទេសតូច គឺមិនជ្រៀតជ្រែកផ្ទៃក្នុង
23, Jan 2023 , 3:29 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់ក្រសួងការបរទេស
រូបពីហ្វេសប៊ុករបស់ក្រសួងការបរទេស
ដោយ៖ ទេពញាណ 

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចនៅស្ងៀមឡើយ ក្រោយឃើញប្រតិកម្មរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ជុំវិញការចាប់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្នុងអត្ថបទសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលចុះផ្សាយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។



តាមរយៈលិខិតឆ្លើយតបខ្លី ដែលធ្វើឡើងនៅថ្ងៃទី២១មករា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ទៅស្ថានទូតអាម៉េរិក យ៉ាងដូច្នេះថា៖«មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាង ប្រឆាំងភាគីម្ខាងទៀតឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចែករំលែកលិខិតឆ្លើយតបនេះ ទៅកាន់ក្រុមអ្នកកាសែតតាមបណ្តាញតេឡេក្រាម នៅថ្ងៃ២២មករានេះ។
 
អត្ថបទរបស់វិទ្យុបារាំង មានចំណងថា «ចាប់​ខ្លួន​លោក ​ថាច់​ សេដ្ឋា៖​ ទូត​អាម៉េរិក ​ជំរុញ​អាជ្ញាធរ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ»។ ឆ្លើយនឹងវិទ្យុបារាំង ដែលចង់ដឹងពីប្រតិកម្ម ជុំវិញការចាប់លោក ថាច់ សេដ្ឋា ស្ថានទូតអាម៉េរិក បានអះអាងថា នឹងជំរុញឲ្យអាជ្ញាធរកម្ពុជា ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីឲ្យការប្រកួតប្រជែងគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក្នុងការបោះឆ្នោតឆ្នាំ២០២៣ ដំណើរការទៅដោយសេរី និងយុត្តិធម៌។ 
 
ក្នុងលិខិតខាងលើដដែល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់ ត្រូវជាប់ជាមួយកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ ហើយការមិនគោរពកាតព្វកិច្ចទាំងនោះ នឹងនាំឲ្យមានផលវិបាកតាមផ្លូវច្បាប់។ 
 
សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវចាប់ខ្លួនកាលព្រលប់ថ្ងៃទី១៦មករា ក្រោមការចោទប្រកាន់ថា ចេញសែកស្អុយ។ ក្រុមហ៊ុនមួយ បានដាក់បណ្តឹងប្តឹងលោក និងប្រាប់តុលាការថា លោក ចេញសែកស្អុយនេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ តុលាការ បំភ្លឺថា មុនឈានដល់ការចាប់ខ្លួន តុលាការ បានកោះហៅលោកដល់ទៅ២ដងរួចមកហើយ ឲ្យចូលទៅបំភ្លឺ តែលោកមិនធ្វើតាម៕ 
 

Tag:
 កម្ពុជា
  អាម៉េរិក
  ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com