ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណីលោក ថាច់ សេដ្ឋា៖ អ្នកនាំពាក្យបក្សកាន់អំណាច ផ្តល់យោបល់ថា យកប្រាក់ទៅសង និងសុំគេឲ្យដកបណ្តឹង រួចជាស្រេច
23, Jan 2023 , 4:29 pm        
រូបភាព
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (អាវស) ថ្លែងក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំមួយ នៅព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២ (រូបពីព្រឹទ្ធសភា)។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (អាវស) ថ្លែងក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីចុងឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំមួយ នៅព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២ (រូបពីព្រឹទ្ធសភា)។
ដោយ៖ ទេពញាណ 

ការជ្រើសរើសយកការធ្វើបាតុកម្ម មកធ្វើជាមធ្យោបាយ ដើម្បីទាមទារឲ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានរួចផុតពីពន្ធនាគារ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មើលឃើញថា មិនអាចទៅរួចឡើយ។ ផ្ទុយមកវិញ អ្នកនាំពាក្យគណបក្សកាន់អំណាច មើលឃើញថា ការធ្វើបាតុកម្ម មិនត្រឹមតែមិនមែនជាដំណោះស្រាយប៉ុណ្ណោះទេ តែនឹងធ្វើឲ្យរឿងក្តីរបស់អនុប្រធានគណបក្សភ្លើងទៀនរូបនេះកាន់តែធ្ងន់ធ្ងរ។



លោក សុខ ឥសាន ផ្តល់យោបល់តាមរយៈសំណេរក្នុងបណ្តាញតេឡេក្រាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«ករណីលោក ថាច់ សេដ្ឋា មិនបាច់ធ្វើបាតុកម្មទេ យកលុយទៅសងគេវិញ និងស្នើឲ្យគេដកបណ្តឹងទៅជាការស្រេច»។ លោក បកស្រាយថា ការជំពាក់បំណុលគេ និងការចេញសែកអត់លុយ គឺជាបទល្មើស មិនមែនជារឿងនយោបាយឡើយ។ 
 
លោក ជូង ជូងី មេធាវីរបស់លោក ថាច់ សេដ្ឋា សង្ស័យថា ការចេញសែកស្អុយនោះ មានភាពមិនប្រក្រតី។ លោក បន្តថា លោក កំពុងសិក្សាពីការបន្លំចេញសែកស្អុយនោះ ដើម្បីតាមចាប់ជនល្មើស។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំ អត់ពិចារណា រឿង [ឲ្យកូនក្តី] សងប្រាក់ទេ។ ខ្ញុំ ពិនិត្យមើល ថាតើ សែកហ្នឹង មានសុពលភាព ឬអត់? ខ្ញុំ សង្ស័យថា មានការក្លែងបន្លំសែកស្អុយហ្នឹង»។  
 
បើតាមលោកមេធាវី ដើមបណ្តឹង បានយកសែកស្អុយចំនួន៥សន្លឹក ទៅប្តឹងលោក ថាច់ សេដ្ឋា។ លោកមេធាវី ប្រាប់ថា ក្នុងសែកស្អុយនីមួយៗ មានទឹកប្រាក់ស្មើគ្នា គឺជាង៤,២លានរៀល ដូច្នេះ សែកស្អុយទាំង៥សន្លឹកនោះ មានទឹកប្រាក់សរុបជាង២១លានរៀល (ជាង៥ពាន់ដុល្លារ)។ យ៉ាងណា លោកមេធាវី អះអាងតាមសម្តីរបស់លោក ថាច់ សេដ្ឋា ថា លោក ថាច់ សេដ្ឋា ពុំបានសរសេរចំនួនទឹកប្រាក់លើសែកស្អុយទាំង៥សន្លឹកនោះទេ។ 
 
លោកមេធាវី បានឲ្យដឹងទៀតថា ដើមបណ្តឹង ទាមទារឲ្យលោក ថាច់ សេដ្ឋា សងជំងឺចិត្តក្នុងទំហំទឹកប្រាក់៣ម៉ឺនដុល្លារ បន្ថែមពីលើទំហំទឹកប្រាក់ជាង៥ពាន់ដុល្លារក្នុងសែកស្អុយទាំង៥សន្លឹក។ 
 
សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី១៦មករា ឆ្នាំ២០២៣។ ក្រុមហ៊ុនមួយ បានប្តឹងលោកថា លោកចេញសែកស្អុយទាំង៥សន្លឹក តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ លោកមេធាវី បានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំជំទាស់នឹងដីការបស់ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ក្នុងការចាប់លោក ថាច់ សេដ្ឋា និងដើម្បីសុំឲ្យដោះលែងអនុប្រធានគណបក្សភ្លើងទៀនរូបនេះវិញ៕  
 

Tag:
 ថាច់ សេដ្ឋា
  ជូង ជូងី
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com