ជាតិ
សម្ដេច ហ៊ុន សែន ប្រកាសថា កម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ
26, Jan 2023 , 9:15 am        
រូបភាព
សម្ដេច ហ៊ុន សែន ច្រានចោលព័ត៌មាន ដែលចោទថា កម្ពុជា បានផ្ដល់ជំនួយយោធាទៅជួយប្រទេសអ៊ុយក្រែន ដែលកំពុងមានជម្លោះជាមួយរុស្ស៊ី។

 
«កម្ពុជាមិនបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ កម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅថ្ងៃទី២៦ មករា។
 
សម្ដេច ហ៊ុន សែន ផ្ដាំកុំឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត ដែលទាញកម្ពុជា ទៅចូលក្នុងករណីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននេះ។ «កម្ពុជា គ្មានសមត្ថភាព(ផ្ដល់ជំនួយយោធា)នោះទេ»។ សម្ដេច សង្កត់បន្ថែម។
 
តែយ៉ាងណាកម្ពុជា បានជួយអ៊ុយក្រែន ក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលផ្នែកដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដល់ក្រុមមន្ត្រីជំនាញអ៊ុយក្រែន។ ប៉ុន្តែកម្ពុជា មិនបានផ្ដល់គ្រូជំនាញបច្ចេកទេសទៅប្រទេសអ៊ុយក្រែននោះទេ ពោលគឺវគ្គបណ្ដុះបណ្ដាលនេះ អនុវត្តនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន។ 
 
សម្ដេច ហ៊ុន សែន បានបន្ថែមថា មូលហេតុដែលកម្ពុជា ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីអ៊ុយក្រែននេះ ដោយសារកម្ពុជា ធ្លាប់មានបទពិសោធន៍លើការដោះស្រាយបញ្ហាមីននេះ។ ជាពិសេសកម្ពុជា មិនចង់ឃើញប្រជាជនអ៊ុយក្រែន រងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមនេះឡើយ។  
 
បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជា កំពុងបម្រើការងារនៅក្នុងប្រទេសម៉ាលី សូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្ដាល។

Tag:
 ហ៊ុន សែន
  នយោបាយ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com