ជាតិ
តំបន់ទេសចរណ៍នៅ​បាត់ដំបង មានសន្ទុះជាងមុន
26, Jan 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ខេត្តបាត់ដំបង គឺជាចំណុចកណ្តាលដែលផ្គត់ផ្គង់ និងគាំទ្រនៃភាពទាក់ទាញដល់វិស័យទេសចរណ៍ ដោយសារភ្ញៀវជាតិ និងអន្តរជាតិ ចាប់អារម្មណ៍លើធនធានសំខាន់ៗក្នុងខេត្ត។ តួយ៉ាង​ ពហុតំបន់ទេសចរណ៍ចម្រុះ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្ត ស្របទៅនឹងការរៀបចំផែនការទីក្រុងវៃឆ្លាតផងដែរ។



បាត់ដំបង ជាខេត្តមួយនៅទិសពាយ័ព្យដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងថៃ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ចំណែកខាងត្បូងជាប់ខេត្តពោធិ៍សាត់។ ស្ទឹង ទន្លេ ភ្នំ កសិទេសចរណ៍ អេកូទេសចរណ៍ ប្រពៃណីវប្បធម៌ អាគារ វត្តបុរាណ ម្ហូបប្រចាំតំបន់ រមណីយដ្ឋានធម្មជាតិ និងកែច្នៃច្រើនកន្លែង គឺជាភាពទាក់ទាញនៃទេស​ចរ។
  

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

ក្នុង​សន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីថ្ងៃទី​២៤ ខែមករា លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាកំណើនទេសចរកាលពីឆ្នាំ២០២២ មានការកើនឡើង។ ក្នុងនោះ​ ចំនួនភ្ញៀវ ៥ ៥៥ ២៧៤នាក់ កើនឡើង២៤៣ភាគរយ និង​ទេសចរអន្តរជាតិមានចំនួន១៨៤ ៦០០នាក់ កើនចំនួន ២១៨ភាគរយ។
 
គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ទេសចរសរុបដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងមានចំនួន ២ ៥៧១ ៦៨៧នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២ ៣១៤ ១២៦នាក់ និងភ្ញៀវបរទេសមានចំនួន ២៥៧ ៥៦១នាក់។
 
«រដ្ឋបាលខេត្តបានជំរុញឱ្យមន្ទីរទេសចរណ៍ ពង្រឹងលើវិស័យទេសចរណ៍ប្រកបដោយគុណភាព គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងក៏បានផ្តល់ការងារ ដល់ប្រជាជនដែលបម្រើការតាមមូលដ្ឋានទេសចរណ៍ចំនួនជាង ៣ពាន់នាក់ និងប្រយោលប្រមាណជាង២ម៉ឺននាក់ផងដែរ»។ នេះជាការលើកឡើងរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា។​
 
សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺមានសណ្ឋាគារចំនួន ៤៦ កន្លែង ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ៩៧ កន្លែង ស្មើនឹង ៣១៥៣ បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៤នួន ១៩១កន្លែង។ ចំណែក សហគមន៍ទេសចរណ៍មានចំនួន ៤កន្លែងរួមមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់ស្ថិតក្នុងស្រុកឯកភ្នំ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ជាភាកអូរ ស្រុកសំឡូត និងសហគមន៍ទេសចរណ៍វប្បធម៌ភូមិវត្តគរ ក្រុងបាត់ដំបង៕
 

Tag:
 ThmeyThmey25
  ខេត្តបាត់ដំបង់
 ​​ទេសចរណ៍
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com