ជាតិ
បូជនីយដ្ឋានលោកតាសោម និងប៉មកម្ពស់៩ជាន់ នឹងក្លាយជាទីទេសចរណ៍ថ្មី នៅឃុំអូរសោម
26, Jan 2023 , 9:59 pm        
រូបភាព
គម្រូសំណង់ បូជនីយដ្ឋានលោកតាសសោម និងប៉ម មើលទេសភាព ដែលគ្រោងនឹងធ្វើ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។
គម្រូសំណង់ បូជនីយដ្ឋានលោកតាសសោម និងប៉ម មើលទេសភាព ដែលគ្រោងនឹងធ្វើ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។
ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ នឹងកសាងបូជនីយដ្ឋានលោកតាសោម និងប៉មមើលទេសភាព កម្ពស់៩ជាន់ ស្ថិតនៅក្នុងអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អាជ្ញាធរខេត្តនេះ មានសុទិដ្ឋិនិយមថា ផលិតផលថ្មីទាំងពីរនេះ នឹងទាក់ទាញភ្ញៀវទេសចរ មកកាន់អូរសោម ដែលជាទឹកដីអំណោយផលខាងទេសចរណ៍ធម្មជាតិ។

 
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey25 ថា វាមាន៩ជាន់ កម្ពស់ប្រហែលជា៤០ម៉ែត្រ។ ប៉មនេះ នឹងស្ថាបនាឡើង ដើម្បីអាចឱ្យទេសចរឡើងទស្សនា ពីទិដ្ឋភាពពីលើអាកាស ក្នុងមូលដ្ឋានឃុំអូរសោមនេះ។ 
 

គម្រូប្លង់បូជនីយដ្ឋានលោកតាសោម និងប៉ម។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។ 
 
លោកអភិបាលខេត្តពន្យល់បន្ថែមពីសំណង់ទាំងពីរដូច្នេះ៖ «វាជាតំបន់ដាច់ស្រយាលមួយ យើងរៀបចំឱ្យមានការអភិវឌ្ឍ និងជាទីទេសចរណ៍។ ហើយយើងជ្រើសតំបន់ ដើម្បីឱ្យភ្ញៀវទៅកម្សាន្ត។ នៅកន្លែងតាសោម យើងធ្វើឱ្យទៅជាទីសក្ការៈ ឱ្យទៅជាកន្លែងប្រវត្តិសាស្ត្រ»។ 
 
ម្យ៉ាងការកសាងបូជនីយដ្ឋានលោកតាសោមនេះ ដោយសារពលរដ្ឋនៅទីនោះមានជំនឿ និងតែងតែគោរព សក្ការៈ លោកតាសោម។ ប៉ុន្តែនៅទីនោះ មិនមានជាសំណង់រឹងមាំឡើយ ពោលគឺជាខ្ទមមួយប៉ុណ្ណោះ។ អាជ្ញាធរខេត្តនេះ នឹងរៀបចំឱ្យមានសំណង់សមរម្យ និងសោភណភាពមួយ សម្រាប់ពលរដ្ឋជិតឆ្ងាយ ជាពិសេសពលរដ្ឋដែលមានជំនលើលោកតាសោម។ 
 
យ៉ាងណាសំណង់ទាំង២ខាងលើនេះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់រូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយថា នឹងត្រូវបើកការដ្ឋានសាងសង់នៅពេលណានោះឡើយ។ តែលោកមានសុទិដ្ឋិនិយមថា សំណង់ទាំង២នេះ នឹងក្លាយជាទីសក្ការៈ និងផលិតផលថ្មី ដែលទាក់ទាញទេសចរ មកកាន់ឃុំអូរសោម ដែលជាទីទេសចរណ៍ធម្មជាតិដ៏មនោរម្យ៕ 


 លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាពិធីប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពោធិ៍សាត់។ 
 

Tag:
 ThmeyThmey25
  លោកតាសោម
  អូរសោម
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com