ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ សកម្មភាពល្បែងស៊ីសងក្នុងឃុំកូនសត្វថយចុះ ក្រោយអាជ្ញាធរចុះអប់រំ និងបង្ក្រាបជាបន្តបន្ទាប់
31, Jan 2023 , 9:29 am        
រូបភាព
ដោយ៖ ឆន ផៃ (យុជនឃុំកូនសត្វ)  
ស្រុកទឹកឈូ , កំពត៖ ប៉ុន្មានឆ្នាំមុន ការលេងល្បែងស៊ីសង បានកើតឡើងជាហូរហែ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ប៉ុន្តែក្រោយមានបញ្ជាពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលឱ្យបិទល្បែងគ្រប់ប្រភេទ ប៉ុស្តិ៍នគបាលកូនសត្វ បានចុះធ្វើកិច្ចសន្យា តាមហាងកាហ្វេ និងកន្លែងបើកល្បែងធំៗ ឱ្យបញ្ឈប់សកម្មភាពបន្ទាន់។

 
លោក យី វណ្ណា មេប៉ុស្តិ៍កូនសត្វ បានកត់សម្គាល់ថា ក្រោយមានវិធានការតឹងរឹង ល្បែងស៊ីសងនៅឃុំកូនសត្វ បានថយចុះជាង៧០ភាគរយ។ យ៉ាងណាក៏ដោយ មេប៉ុស្តិ៍កូនសត្វ ទទួលស្គាល់ថា សព្វថ្ងៃល្បែងនៅតែបន្តកើតឡើង ដែលភាគច្រើន ជាលក្ខណៈលួចលាក់ ប៉ុន្តែ អាជ្ញាធរឃុំកូនសត្វមិនបានភ្លេចខ្លួននោះទេ ពោលគឺបានបន្តអប់រំ និងផ្សព្វផ្សាយ ដល់ពលរដ្ឋជានិច្ច ក្នុងគោលបំណងលុបបំបាតបញ្ហាល្បែងស៊ីសងទាំងស្រុង។
 
ក្រៅពីការអប់រំ និងធ្វើកិច្ចសន្យា ប៉ុស្តិ៍នគរបាល ក៏បានចាត់វិធានការក្ដៅដោយអនុវត្តតាមច្បាប់លើបុគ្គលមួយចំនួន ដែលរឹងត្អឹង ឬមិនរាងចាលផងដែរ។ លោក យី វណ្ណា ប្រាប់ដូច្នេះថា៖« ក្រោយមានបញ្ជាពីសម្ដេច ឱ្យល្បែង យើងបានចុះទៅធ្វើកិច្ចសន្យា តាមហាងកាហ្វេ និងកន្លែងលេងមួយចំនួន ដើម្បីឱ្យពួកគាត់បិទ។ អ៊ីចឹងឃើញថាវាថយច្រើន។ ខ្ញុំមិនអះអាងថា អស់ទាំងស្រុងនោះទេ គឺនៅតែមានអ្នកលេងតិចតួចដែរ ភាគច្រើនពួកគាត់លេងលួចលាក់»។ 
 
ល្បែងស៊ីសង បានជិះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍ ស្រ្តី និងកុមារ។ ជាញឹកញាប់ បញ្ហានេះ បានបង្កឱ្យមានអំពើហិង្សក្នុងគ្រួសារ ចោរកម្ម និងបញ្ហាអសកម្មជាច្រើន។ ការបង្រ្កាបបទល្មើសល្បែងនេះ ពុំមែនងាយស្រួលសម្រាប់ ប៉ុស្តិ៍នគរបាលកូនសត្វ ដែលមានកម្លាំងនគរបាលតិចនោះទេ ព្រោះជនល្មើសខ្លះអាចតដៃ ឬគុំកួនដល់សមត្ថកិច្ច។ កន្លងទៅ ល្បែង ដែលពេញនិយម ក្នុងឃុំកូនសត្វ មានដូចជា អាប៉ោង បៀ ជល់មាន់ ឆ្នោត និងល្បែងតាមអនឡាញ។ 
 
ជាមួយគ្នានេះ លោក យី វណ្ណា តាំងចិត្តលុបបំបាតទាំងស្រុង នូវបទបញ្ហាល្បែងស៊ីសង ចេញពីសហគមន៍ ដើម្បីធានាដល់សុខសុវត្ថិភាពពលរដ្ឋ។ មិនតែប៉ុណ្ណោះ លោក លើកទឹកចិត្តដល់ពលរដ្ឋ ឱ្យហ៊ានរាយការណ៍រាល់ករណីល្បែងស៊ីសង ដល់អាជ្ញាធរ ដើម្បីចុះអប់រំ ឬធ្វើកិច្ចសន្យាបញ្ឈប់ទាន់ពេលវាលា៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់ សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សន្តិសុខសង្គម
  ប៉ុស្តិ៍នគរបាលកូនសត្វ ដោយ៖ ឆន ផៃ (យុជនឃុំកូនសត្វ)
© រក្សាសិទ្ធិដោយ thmeythmey.com