ដោយ៖ ទេពញាណ
ទោះមិនទាន់មានការសម្រេចជាផ្លូវការ តែអ្នកនាំពាក្យ បង្ហើបមុនថា លោក រ៉ុង ឈុន នឹងទទួលបានតំណែងខ្ពស់ក្នុងគណបក្សភ្លើងទៀន។
លោក រ៉ុន ឈុន មេសហជីពយូរឆ្នាំ និងល្បីឈ្មោះមួយរូប ប្រកាសចេញពីសន្និសីទកាសែត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ អំពីការសម្រេចចិត្តរបស់លោក ក្នុងការទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលកំពុងលេចធ្លោក្នុងចំណោមគណបក្សជំទាស់ និងអាចជាគូប្រជែងរបស់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា ថ្នាក់ដឹកនាំគណបក្ស នឹងពិចារណាផ្តល់តួនាទីសំខាន់ជូនលោក រ៉ុង ឈុន។ ប៉ុន្តែ តួនាទី ឬតំណែងអ្វីឲ្យជាក់លាក់ ដែលលោក រ៉ុង ឈុន នឹងទទួលបាននោះ លោក គីមសួរ ភីរិទ្ធ មិនទាន់អាចបញ្ជាក់បានឡើយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«ខ្ញុំ គិតថា [លោកគ្រូ រ៉ុង ឈុន] គាត់ នឹងមានតួនាទីក្នុងថ្នាក់ដឹកនាំកំពូល។ កម្រិតណា ខ្ញុំ អត់បានដឹងទេ គ្រាន់តែដឹងថា គាត់ ជាមនុស្សម្នាក់ ដែលនឹងចូលរួមសម្រេចក្នុងថ្នាក់ដឹកនាំនៅថ្ងៃអនាគត»។
លោក រ៉ុង ឈុន ខ្លួនឯង បង្ហាញពីចិត្តគំនិតរបស់លោកនៅក្នុងសន្និសីទកាសែតបែបនេះថា៖«ខ្ញុំ មិនគិតពីតួនាទីទេ អាស្រ័យលើគណបក្ស ដែលគិតថា ដាក់ខ្ញុំទៅកន្លែងណា ឬមួយនៅជាសមាជិកសាមញ្ញ ក៏មិនជាបញ្ហាអីដែរ សម្រាប់ខ្ញុំ»។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គីមសួរ ភីរិទ្ធ បន្ថែមថា៖«ខ្ញុំ ជឿថា [លោកគ្រូ រ៉ុង ឈុន] គាត់ មិនទាមទារតំណែងអីទេ។ គាត់មក គឺមកដោយការស្ម័គ្រចិត្ត ដោយការស្រឡាញ់ ដោយការចង់ចូលរួមជីវភាពនយោបាយ»។
លោក គីមសួរ ភីរិទ្ធ មើលឃើញថា លោក រ៉ុង ឈុន មានគំរូវីរភាព មានកេរ្តិ៍ឈ្មោះ មានប្រវត្តិតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាព ដូច្នេះ វត្តមានលោក រ៉ុង ឈុន ពិតជាកម្លាំងជំរុញដ៏សំខាន់មួយ ដែលធ្វើឲ្យអ្នកបោះឆ្នោត កាន់តែជឿជាក់លើគណបក្សភ្លើងទៀន។ លោក គីមសួរ ភីរិទ្ធ ប្រកាសថា គណបក្សភ្លើងទៀន រីករាយ និងទទួលស្វាគមន៍លោក រ៉ុង ឈុន។
លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកកាសែតបែបនេះថា៖«ខ្ញុំ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានសេរីភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ចាប់ពីពេលនេះទៅ ខ្ញុំ បើកទំព័រថ្មី ចូលប្រឡូកក្នុងជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន»។
ក្រៅពីធ្វើជាមេសហជីព និងជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ក៏ធ្លាប់ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ តែលោក បានដើរចេញវិញ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧។ លោក ធ្លាប់ជាប់ពន្ធនាគារអស់ជាងមួយឆ្នាំ ដោយសារផ្សព្វផ្សាយថា ភាគីវៀតណាម ចូលកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរតាមព្រំដែន។
លោក រ៉ុង ឈុន ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ស្របពេលការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជិតឈានមកដល់។ គណបក្សភ្លើងទៀន ត្រូវគេមើលឃើញថា ជាគណបក្សជំទាស់ដែលកំពុងលេចធ្លោ និងជាដៃគូប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរាប់ទសវត្សរ៍មកហើយ។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សភ្លើងទៀន ទទួលបានសំឡេងឆ្នោត និងអាសនៈច្រើនជាងគេ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា៕