ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្រ្ត នាំគ្នាចូលស្តាប់លោក ប្រាក់ សុខុន ដើម្បីឈ្វេងយល់ពីនយោបាយការបរទេសកម្ពុជាក្នុងបរិបទពិភពលោក
01, Feb 2023 , 6:14 pm        
រូបភាព
រូបពីរដ្ឋសភា
រូបពីរដ្ឋសភា
តាមការអញ្ជើញពីគណៈកម្មជំនាញនៃរដ្ឋសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស បានទៅធ្វើបទបង្ហាញអំពី «ការអនុវត្តគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីរបស់ពិភពលោក» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

 
តំណាងរាស្រ្តមួយចំនួន ដែលដឹកនាំដោយលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការជំនាញទី៥) បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រាក់ សុខុន និងស្តាប់ការធ្វើបទបង្ហាញរបស់រដ្ឋមន្រ្តីការបរទេសរូបនេះ។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការជំនាញទី៧នៃរដ្ឋសភា និងលោក កែប ជុតិមា ប្រធានគណៈកម្មការជំនាញទី៤នៃរដ្ឋសភា ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះដែរ។ 
 
រដ្ឋសភា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ មាត្រា៩៧នៃរដ្ឋធម្មនុញ្ញ ចែងថា គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី ទៅ​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន។
 
គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្ពុជា បានធ្វើកិច្ចការបរទេសជាច្រើន ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការចូលរួមរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ជាដើម
 ដ្បិតឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានអាស៊ាន។ ដោយសារជារដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ត្រូវមមាញឹកយ៉ាងខ្លាំងក្នុងកិច្ចការបរទេសទាំងអស់នេះ៕ 
 

Tag:
 ប្រាក់ សុខុន
  តំណាងរាស្រ្ត
  គោលនយោបាយការបរទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com