អន្តរជាតិ
ឥណ្ឌា បង្កើនកញ្ចប់ថវិកា​ការពារ​ជាតិ១៣ភាគរយសម្រាប់ឆ្នាំ២០២៣
02, Feb 2023 , 4:29 pm        
រូបភាព
ឥណ្ឌា ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួនប្រមាណជាង១៣ភាគរយធៀបនឹងឆ្នាំមុន ជាមួយនឹងការសម្លឹងឃើញពីការព្យាយាមបង្កើនឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយរបស់ចិនក្នុងតំបន់ និងបញ្ហាព្រំដែនដ៏តានតឹងមិនទាន់ដោះស្រាយបាន។



បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ឥណ្ឌាជាប្រទេសដែលចំណាយលើផ្នែកការពារជាតិធំជាងគេទីបីលើពិភពលោកស្រាប់ទៅហើយ។ ដ្បិតចំណាយលើវិស័យការពារជាតិច្រើនហើយក្តី ឥណ្ឌា បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើសវិស័យនេះដល់៧៣​ ពាន់លានដុល្លារដែលបានកើនឡើងជាង១៣ភាគរយបើធៀបនឹងកញ្ចប់ថវិកានៅឆ្នាំមុន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman ប្រកាសពីការបង្កើននេះនៅសភានៅថ្ងៃទី ១ ខែកុម្ភៈ។ 
 
បញ្ហាជាច្រើន ពិសេសការប្រឈមមុខជាមួយចិន នៅតែជាកត្តាដែលរុញឱ្យទីក្រុងញូវដែលីបង្កើនការចំណាយផ្នែកការពារជាតិរបស់ខ្លួន។
 
ទំនាក់ទំនងរវាងចិននិងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនិងជាប្រទេសជិតខាងគ្នាផងនោះ កំពុងមានភាពតានតឹងខ្លះដែរ ដ្បិតមិនសូវក្ដៅក្ដីលើជម្លោះព្រំដែន ពាណិជ្ជកម្ម និងបច្ចេកវិទ្យា​ ខណៈឥណ្ឌាបានព្យាយាមផ្តាច់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនចាប់តាំងពីមានការប៉ះទង្គិចគ្នានៅព្រំដែនក្នុងឆ្នាំ២០២០។ 
 
រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏បានព្យាយាមកសាងកម្លាំងយោធារបស់ខ្លួន ទាំងវិស័យការពារព្រំដែន និងឧស្សាហកម្មសព្វាវុធ។ ឥណ្ឌាក៏ប្រឹងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​ ហើយថែមទាំងបានបង្ហាញនាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនផង។
 
ទោះបន្ថែមការចំណាយលើវិស័យការពារជាតិនេះ ឥណ្ឌានៅតែពឹងផ្អែកលើរុស្ស៊ីក្នុងការនាំចូលអាវុធភាគច្រើនរបស់ខ្លួន​ ខណៈអាម៉េរិក បារាំង និងអ៊ីស្រាអែលក៏បានផ្គត់ផ្គង់អាវុធមួយចំនួនដល់ឥណ្ឌាផងដែរ។ យ៉ាងណាមិញ លោកស្រី Sitharaman​ បានសង្កត់ធ្ងន់ថា ឥណ្ឌាប្តេជ្ញាចិត្តក្នុងការផលិតអាវុធដោយខ្លួនឯងបន្ថែម។ 
 
ក្រៅតែពីបង្ហាញឆន្ទៈអភិវឌ្ឍវិស័យការពារជាតិ ឥណ្ឌាក៏បានអះអាងថា​ខ្លួននឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងដៃគូអន្តរជាតិផ្សេងៗដូចជា សម្ព័ន្ធមិត្ត Quad ជាដើម។ សម្ព័ន្ធមិត្ត Quad ដែលមានសមាជិក ៤ ប្រទេសគឺឥណ្ឌា ជប៉ុន អូស្ត្រាលី និង​អាម៉េរិក មានគោលបំណងទប់ស្កាត់ការកើនឡើង​ឥទ្ធិពល​យោធា និង​សេដ្ឋកិច្ច​របស់​ចិន៕ 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com