កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក Zheng Jun៖ ប្រដាល់គុនខ្មែរ មានស្នៀត និងក្បាច់សម្បូរបែប
06, Feb 2023 , 2:09 pm        
រូបភាព
លោក ទិត្យ ផល្លា បង្វឹកប្រដាល់គុនខ្មែរ ទៅលោក  Zheng Jun
លោក ទិត្យ ផល្លា បង្វឹកប្រដាល់គុនខ្មែរ ទៅលោក Zheng Jun
លោក Zheng Jun សិស្សប្រដាល់គុនខ្មែរនៅក្លិបហាត់ប្រាណ Noble Sport Center បានបញ្ជាក់ថា ប្រដាល់គុនខ្មែរ មានក្បាច់ជាច្រើន ដែលសម្បូរបែប ដោយអ្នកហាត់អាចប្រើប្រាស់កែងដៃ និងជង្គង់ ធ្វើជាអាវុធផ្ដួលគូប្រកួតបាន។



លោក Zheng Jun ដែលមានសញ្ជាតិជាជនជាតិចិន បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ទាំងអារម្មណ៍សប្បាយរីករាយ ក្នុងការហាត់ប្រដាល់គុនខ្មែរ។ សិស្សប្រដាល់រូបនេះ បានបញ្ជាក់ថា ប្រដាល់គុនខ្មែរ មានលក្ខណៈខុសគ្នា ជាច្រើនជាមួយក្បាច់គុនកុងហ្វូ (Kung Fu)របស់ចិន ហើយក៏មានលក្ខណៈសម្បូរបែបផងដែរ ព្រោះអ្នកហាត់ អាចប្រើប្រាស់កែងដៃ ជង្គង់ធ្វើជាអវុធ វាយទៅលើគូប្រកួត។ ម្យ៉ាងវិញទៀត ក្បាច់ប្រដាល់នេះ ក៏អាចហ្វឹកហាត់ដើម្បីឲ្យសុខភាពល្អផងដែរ។


   លោក Zheng Jun ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
«ខ្ញុំ ស្រឡាញ់ក្បាច់គុន។ ខ្ញុំ ធ្លាប់ហាត់កុងហ្វូ ហើយពេលដែលមកហាត់ប្រដាល់គុនខ្មែរ ខ្ញុំឃើញមានភាពខុសគ្នាច្រើន។ ប្រដាល់ខ្មែរ មានច្រើនក្បាច់ ចំណុចសំខាន់នោះ គឺខ្ញុំចូលចិត្តពីរបៀបប្រើកែង និងជង្គង់។»។ លោក Zheng Jun បាននិយាយដូច្នេះ។
 
មិនត្រឹមតែហ្វឹកហាត់ក្បាច់គុន ដើម្បីតែសុខភាពប៉ុណ្ណោះទេ ប៉ុន្ដែលោក Zheng Jun ក៏មានក្ដីស្រម៉ៃរបស់ខ្លួន ចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរមួយរូប។ សិស្សប្រដាល់រូបនេះ បាននិយាយថា៖«ប្រសិនជាមានឱកាស ខ្ញុំនឹងឡើងប្រកួតសាកល្បងនូវក្បាច់ប្រដាល់មួយនេះ។»។
 
សិស្សសញ្ជាតិចិនរូបនេះ បន្ថែមទៀតថា រូបលោកពិតជាស្រឡាញ់គុនខ្មែរណាស់ បើទោះជាការហ្វឹកហាត់របស់ខ្លួនមិនទាន់បានល្អ នៅឡើយក៏ដោយ។ លោក Zheng Jun បាននិយាយថា រូបលោក នឹងយកក្បាច់ប្រដាល់ដែលហាត់នៅកម្ពុជា ទៅបង្ហាញប្រជាជននៅប្រទេសចិន ជាពិសេសទៀត គឺចែករំលែកបទពិសោធន៍ហ្វឹកហាត់ ទៅអ្នកដែលចូលចិត្តស្វែងយល់ពីក្បាច់គុននៅលើពិភពលោក។
 
លោក ទិត្យ ផល្លា គ្រូបង្វឹកនៅក្លិប Noble Sports Center និងជាអតីតកីឡាករប្រដាល់គុនខ្មែរប្រចាំខេត្តកោះកុង បានអះអាងថា លោក Zheng Jun ចូលចិត្តគុនខ្មែរ ប៉ុន្ដែការហ្វឹកហាត់របស់គេ នៅមានភាពខ្វះខាតជាច្រើន ដូចជាការវាយកែង និងជង្គង់ មិនទាន់ចេះដកវិញឲ្យបានរហ័ស។ 
 
បើទោះជាការហាត់មិនទាន់បានល្អក៏ដោយ ប៉ុន្ដែ លោក ទិត្យ ផល្លា ជឿថា កូនសិស្សខ្លួនរូបនេះ នឹងធ្វើបានល្អនៅថ្ងៃណាមួយ ព្រោះលោក Zheng ស្រឡាញ់ក្បាច់គុនខ្មែរមួយនេះ។ គ្រូបង្វឹករូបនេះ និយាយដូច្នេះថា៖«គាត់ស្រឡាញ់គុនខ្មែរណាស់ គាត់ស្រឡាញ់មែន។ គាត់ថា ពេលគាត់ទៅប្រទេសចិនវិញ គាត់នឹងយកក្បាច់គុនខ្មែរ ទៅបង្ហាញគេនៅទីនោះ។»។
 
លោក Zheng Jun បានមករស់នៅកម្ពុជា បានរយៈពេល ១៨ខែហើយ បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ទើបតែបានរយៈពេល ៤ខែប៉ុណ្ណោះ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  Zheng Jun
© រក្សាសិទ្ធិដោយ thmeythmey.com