ជាតិ
ខេត្តកំពង់ចាម កំពុងអភិវឌ្ឍខ្លួនឱ្យសមជាក្រុងពាណិជ្ជកម្ម 
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម
×![]()
ភ្នំពេញ៖ ខេត្តកំពង់ចាម មានរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិច្រើន មិនខុសពីខេត្តដទៃដែលអាចទាក់ទាញទេសចរមកកម្សាន្ត។ យ៉ាងណាមិញ រដ្ឋបាលខេត្តនេះកំពុងរៀបចំកែលម្អសោភ័ណភាពក្រុង និងពង្រីកលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីក្លាយខ្លួនជាក្រុងពាណិជ្ជកម្ម សម្រាប់បម្រើក្នុងវិស័យទេសចរណ៍។
តំបន់រមណីយដ្ឋាននៅក្នុងខេត្តកំពង់ចាមមានចំនួន ១១កន្លែង ក្នុងនោះរមណីយដ្ឋានសាធារណៈ មានចំនួន ៥កន្លែង និងរមណីយដ្ឋានឯកជនចំនួន ៦កន្លែង។ ចំពោះរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តចំនួន៤ មានដូចជា នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ និងភ្នំប្រុស-ភ្នំស្រី។ សម្រាប់ រមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្តចំនួន ១កន្លែង គឺប្រាសាទប្រធាតុទឹកឆា។ ដោយឡែក រមណីយដ្ឋានធម្មជាតិចំនួន ៣កន្លែង មានដូចជា បឹងធំ កោះប៉ែន និងទំនប់តាកុច។ រីឯ រមណីយដ្ឋានកែច្នៃចំនួន ៣កន្លែង រួមមាន កសិទេសចរណ៍ថ្មដាទឹកឆា នាគខ្មៅ និងហាន់ជ័យបែមប៊ូរីស៊ត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» នៃខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់រៀបចំឱ្យស័ក្តិសមជាក្រុងរដ្ឋបាល និងពាណិជ្ជកម្ម។ ដូច្នេះ ទើបរដ្ឋបាលខិតខំកែលម្អទាំងសួនសាធារណៈ ផ្លូវ ប្រព័ន្ធលូបង្ហូរទឹក និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម ជាពិសេស គឺការទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ។
«ថ្មីៗនេះ រដ្ឋបាលខេត្តបានរៀបចំស្ថាបនាសួនច្បារតាមមាត់ទន្លេ។ យើងបានជួសជុលសួនដែលរងការខូចខាត ហើយក៏បានគិតគូរបន្ថែមបន្ទប់ទឹកអនាម័យសម្រាប់បម្រើដល់ភ្ញៀវទេសចរ។ មួយទៀតនោះ គឺបានសាងសង់រួចរាល់នូវ រូបសំណាកជាទីសក្តារបូជា នៃរូបដំរីឯរវ័ណផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
សូមបញ្ជាក់ថា មូលដ្ឋានអាជីវកម្មក្នុងខេត្តកំពង់ចាម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមណ្ឌលកម្សាន្តមនុស្សពេញវ័យ សរុបចំនួន ៦៨២កន្លែង។ ដោយឡែក ក្នុងរយៈពេល ៥ឆ្នាំកន្លែងទៅ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបចំនួន ២ ៥៥៧ ៨៩៥នាក់ ក្នុងនោះទេសចរជាតិមានចំនួន ២ ៥០៩ ៣២៩នាក់ ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៤៨ ៥៧៥នាក់៕
Tag:
ThmeyThmey25
ខេត្តកំពង់ចាម
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com